អង្គការពលកម្មអន្តរជាតិ (ILO) ដែលជាភ្នាក់ងារមួយស្ថិតនៅក្រោមអង្គការសហប្រជាជាតិ បានបង្ហាញរបាយការណ៍ចុងក្រោយថា បញ្ហាការធ្វើការនៅក្រោមកំដៅថ្ងៃក្តៅខ្លាំង និងការបំពុលបរិយាកាសនៅតាមប្រទេសនានា បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព និងសុវត្ថិភាពរបស់កម្មករនៅជុំវិញពិភពលោក ។
របាយការណ៍ «Health Policy Watch» បញ្ជាក់ថា មានកម្មកររហូតដល់ជាង២២លាននាក់ ដែលបានប្រឈមនឹងការកើតជំងឺផ្សេងៗដោយសារអាកាសធាតុក្តៅខ្លាំងពេក និងមានកម្មករស្លាប់ជិត២ម៉ឺននាក់ក្នុង១ឆ្នាំៗ ដោយសារតែសីតុណ្ហភាពកើនឡើងខ្ពស់ ហើយចំនួននេះបានកើនឡើងជាបន្តបន្ទាប់ផងដែរ ។
ផលប៉ះពាល់បណ្តាលមកពីការបម្រែបម្រួលអាកាសធាតុនៅលើពិភពលោក បានបណ្តាលឱ្យកម្មករទាំងអស់ប្រឈមនឹងបញ្ហាសុខភាព ដូចជា ៖ កើតជំងឺមហារីក, ជំងឺពាក់ព័ន្ធនឹងប្រព័ន្ធផ្លូវដង្ហើម, មានបញ្ហាតម្រងនោម និងជំងឺដាច់សរសៃឈាមខួរក្បាល ។
កម្មករធ្វើការនៅក្រោមកំដៅថ្ងៃក្នុងផ្នែកផ្សេងៗ ដូចជា ៖ ផ្នែកកសិកម្ម, សំណង់, ការនេសាទ និងការដឹកជញ្ជូន ពួកគេបានប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល និងស្លាប់ភ្លាមៗ ។ រីឯអ្នកធ្វើការក្នុងអគារគ្មានខ្យល់ចេញ-ចូលគ្រប់គ្រាន់ ដូចជា ៖ រោងចក្រ, ក្រុមហ៊ុន និងឃ្លាំងទំនិញផ្សេងៗ ក៏ប្រឈមនឹងផលប៉ះពាល់សុខភាពធ្ងន់ធ្ងរផងដែរ ។
Chihoko Asada Miyakawa ជានាយកគ្រប់គ្រងអាស៊ីប៉ាស៊ីហ្វិករបស់អង្គការពលកម្មអន្តរជាតិ (ILO) និយាយថា អាកាសធាតុក្តៅខ្លាំងបានប៉ះពាល់ដល់សុខភាព សុវត្ថិភាព និងការរស់នៅរបស់កម្មករនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។ រីឯអ្នកប្រកបរបរដឹកជញ្ជូនទំនិញ និងអាជីវករលក់ដូរទំនិញនៅតាមផ្លូវ ពួកគេបានស្រូបយកជាតិពុលពីបរិយាកាសជារៀងរាល់ថ្ងៃ ហើយរដ្ឋាភិបាលគួរតែអប់រំឱ្យពួកគេយល់ដឹងពីការបំពុលបរិយាកាស និងមានឧបករណ៍ការពារខ្លួនដើម្បីកាត់បន្ថយផលប៉ះពាល់ ។
បើទោះជាកន្លងមក ប្រទេសមួយចំនួន ដូចជា ៖ ចិន, ឥណ្ឌា, សិង្ហបុរី, វៀតណាម និងថៃ បានកំណត់វិធានការគ្រប់គ្រងកំដៅនៅកន្លែងធ្វើការក្តី ប៉ុន្តែការការពារផលប៉ះពាល់ផ្សេងៗដោយសារការបម្រែបម្រួលអាកាសធាតុ ពុំទាន់ល្អនៅឡើយទេ ។ ហេតុនេះ ក្នុងកិច្ចប្រជុំដែលគ្រោងរៀបចំឡើងនៅឆ្នាំ២០២៥ ខាងមុខ អង្គការពលកម្មអន្តរជាតិបានស្នើឱ្យរដ្ឋាភិបាល, និយោជក និងអ្នកតំណាងកម្មករនៅប្រទេសនានាមកចូលរួមប្រជុំ ដើម្បីស្វែងរកមធ្យោបាយដោះស្រាយបញ្ហាគ្រោះថ្នាក់បណ្តាលមកពីអាកាសធាតុ ៕










