ឆ្នាំនេះនៅមហោស្រពភាពយន្តកានមិនត្រឹមតែតារាសម្តែង ស៊ីន យូប៊ីន បានចូលរួមជាលើកទី២នោះទេ ប៉ុន្តែថែមទាំងបានដឹកដៃប្អូនស្រីសំណព្វចិត្ត ស៊ីន ជេននី ដើរលើកម្រាលព្រំក្រហមក្នុងព្រឹត្តិការណ៍ដ៏ធំនេះដូចគ្នា។ ឱកាសនេះ ជេននី បានទទួលស្គាល់ថាក្រេដីតរបស់នាងមិនទាន់អាចបំពេញក្តីស្រមៃធំមួយនេះបាននោះទេបើគ្មានឥទ្ធិពលបងស្រីរបស់ខ្លួន។ ជាមួយគ្នានេះ ជេននី បានសន្យាថានឹងត្រលប់មកឈរនៅទីនេះម្តងទៀតនៅឆ្នាំណាមួយដោយខ្លួនឯង។
ជឿជាក់ថាមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមជ្រាបមកហើយថាតារាសម្តែងជួរមុខរបស់ប្រទេសកម្ពុជា កញ្ញា ស៊ីន យូប៊ីន បានដើរលើកម្រាលព្រំក្រហមមហោស្រពភាពយន្តកានលើកទី៧៧ នៅប្រទេសបារាំងយ៉ាងស្រស់ស្អាត។ មិនត្រឹមតែប៉ុណ្ណោះ នៅថ្ងៃទី២ ដើរលើកម្រាលព្រំក្រហមក្នុងព្រឹត្តិការណ៍នេះ យូប៊ីន បានដឹកដៃប្អូនស្រីគឺ ជេននី ដើរជាមួយគ្នាលើកដំបូងផងដែរ។ យ៉ាងណាមិញ ស៊ីន ជេននី បានបង្ហាញថាបើសិនជាគ្មាន យូប៊ីន ជាបងស្រី នាងមិនទាន់អាចមានសំណាងដើរលើកម្រាលព្រំក្រហមនេះបានឡើយ។
ស៊ីន ជេននី បានបញ្ជាក់នៅលើបណ្តាញសង្គមថា «កម្រាលព្រំដែលស្ថិតក្នុងក្តីស្រមៃមនុស្សជាច្រើនរួមទាំងខ្ញុំដែរ វាដូចជាក្តីស្រមៃតែវាជាការពិតដែលពេលនេះជើងខ្ញុំជាន់លើកម្រាលព្រំមួយនេះហើយ។ ខ្ញុំទទួលស្គាល់ថានាងខ្ញុំជារលលកក្រោយបើតាមcredit គឺនៅមិនទាន់គ្រប់គ្រាន់អាចបំពេញក្តីស្រមៃឈរនៅទីនេះដោយខ្លួនឯងបានទេដោយសារឥទ្ធិពលរបស់មនុស្សស្រីដ៏ពូកែម្នាក់នេះទើបខ្ញុំទទួលបាននៅសំណាងមួយនេះ។ ទាំងអស់គ្នាអាចនិងវាយតម្លៃមនុស្សស្រីម្នាក់នេះបែបណាក៏បានព្រោះអ្នកទាំងអស់គ្នាមិនបាននៅក្បែរនាងនិងមិនបានស្គាល់ពីបេះដូងដ៏ធំរបស់នាងចំពោះប្រទេសរបស់នាងទេហើយឥទ្ធិពលខ្មែរនៅលើឆាកអន្តរជាតិមិនបាននៅក្រោមប្រទេសណាមួយណាឡើយព្រោះនាងមិនព្រមជាដាច់ខាត»។
ជេននី បានបន្ថែមថា «ទទួលបានសំណាងនៅលើកនេះ ខ្ញុំនឹងប្រើសំណាងនេះ បង្កើតទៅជាឱកាសឱ្យខ្លួន ហើយសន្យានឹងត្រលប់មកឈរនៅទីនេះម្តងទៀតនៅឆ្នាំណាមួយដោយខ្លួនឯង។ អរគុណកម្លាំងនៃការគាំទ្រររបស់បងប្អូនទាំងអស់គ្នា»។
គួរបញ្ជាក់ផងដែរថា ក្រៅពី ស៊ីន យូប៊ីន ស៊ីន ជេននី បានចូលរួមមហោស្រពភាពយន្តកានលើកទី៧៧ សិល្បការិនីផ្សេងទៀតដែលបានចូលរួមមានដូចជាកញ្ញា ឡូរ៉ាម៉ម កញ្ញា លំអរពេជ្រ លោក អូលីវ៉ាគង់ និងម៉ាដាមដាដែលជាអ្នកជំនួញ៕










