នៅលើបណ្តាញសង្គមថ្មីៗនេះ គឺកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅកូនមាន់ចម្រុះពណ៌ភ្លឺៗស្អាតៗ គួរជាទីចាប់ចិត្តក្នុងចំណោមនារីៗនិងកុមារតូចៗ។ ប៉ុន្តែយ៉ាងណាមិញ មនុស្សភាគច្រើននៅតែមិនទាន់ជ្រាបនៅឡើយនោះទេថា តើកូនមាន់ទាំងនោះគឺជាការបង្កាត់ពូជបែបថ្មីឬក៏មានវិធីសាស្រ្តកែច្នៃអ្វី ទើបធ្វើពួកវាមានគ្រប់ពណ៌ល្អៗបែបនេះ?
តាមពិតទៅ កូនមាន់ពណ៌ស្រស់ស្អាតទាំងនេះ គឺត្រូវបានបង្កើតឡើងតាមរយៈវិធី ២ យ៉ាង៖
១ ការចាក់ថ្នាំជ្រលក់ពណ៌ចូលទៅក្នុងស៊ុត៖ ដំណើរការនៃការចាក់ថ្នាំពណ៌ចូលទៅក្នុងស៊ុតគឺ នៅរយៈពេលពី ១៦-១៨ ថ្ងៃនៃការភ្ញាស់។ បន្ទាប់ពីចាក់រួច គឺគេយកក្រមួនទៅបិទនៅលើរន្ធដែលចាក់នោះដើម្បីកុំឲ្យមានប្រហោង ហើយក៏ដាក់ស៊ុតចូលក្នុងកន្លែងភ្ញាស់វិញជាការស្រេច។
២ ការបាញ់ថ្នាំពណ៌កូនមាន់៖ បន្ទាប់ពីកូនមាន់កើតមក គេក៏ត្រូវបាញ់ថ្នាំជ្រលក់ពណ៌ទៅលើកូនមាន់។ ទោះជាយ៉ាងណា បើប្រើប្រាស់ថ្នាំបាញ់ពណ៌ទាំងនោះទៅលើកូនមាន់ហួសកម្រិតពេកអាចនឹងបង្កឲ្យមានការពុលផងដែរ។ 
ទោះជាយ៉ាងណា ការផ្តល់ពណ៌ទៅលើកូនមាន់គឺអាចបង្កគ្រោះថ្នាក់ដល់សុខភាពពួកវា ដោយផ្អែកលើវិធីសាស្ត្រដែលគេប្រើដើម្បីជ្រលក់ មិនថាជាការចាក់ឬលាបថ្នាំពណ៌នោះទេ។ បញ្ហាសុខភាពទាំងនេះអាចមានឥទ្ធិពលរយៈពេលវែង ដែលអាចកាត់បន្ថយអាយុជីវិតរបស់កូនមាន់ឬក៏អាចស្លាប់ភ្លាមៗតែម្តង។ ដោយសារថ្នាំជ្រលក់ គឺមានផ្ទុកនូវសារធាតុដែលអាចពុលដល់កូនមាន់ និងសូម្បីតែមនុស្ស។ ខណៈសព្វថ្ងៃនេះ កូនមាន់លាបពណ៌មិនសូវមានប្រជាប្រិយភាពទេ ដោយសារការធ្វើបែបនេះបានក្លាយជារឿងខុសច្បាប់នៅក្នុងប្រទេសនិងរដ្ឋមួយចំនួន។
គួរបញ្ជាក់ថា ការជ្រលក់ពណ៌កូនមាន់គឺបានប្រព្រឹត្តិទៅនៅក្នុងបុណ្យអ៊ីស្ទើរ និងត្រូវបានគេជឿថាមានតាំងពីឆ្នាំ១៨៨០មកម្លេះ។ វាត្រូវបានគេជឿថាប្រពៃណីនៃការលាបពណ៌ពង Easter បានបំផុសគំនិតការអនុវត្តនៃការជ្រលក់ពណ៌កូនមាន់។ កូនមាន់ និងស៊ុតតំណាងឱ្យជីវិតថ្មី ហើយជាទូទៅត្រូវបានផ្សារភ្ជាប់ជាមួយនឹងបុណ្យ Easter ។ ការផ្តល់ពណ៌ឲ្យកូនមាន់នេះគឺទទួលបាននូវការពេញនិយមយ៉ាងខ្លាំងក្នុងចន្លោះឆ្នាំ ១៩៦០-១៩៧០ ។ កូនមាន់អាចត្រូវបានគេលាបពណ៌ភ្លឺៗដូចជា ខៀវ បៃតង និងពណ៌ស្វាយ ដើម្បីជាការកម្សាន្តរបស់កុមារ នៅក្នុងពិធីបុណ្យនោះ និងសូម្បីតែក្នុងពិធីបុណ្យផ្សេងៗ ឬជាការផ្តល់រង្វាន់ទៅកាន់នរណាម្នាក់ផងដែរ។
យ៉ាងណាមិញ កូនមាន់លាបពណ៌ទាំងនោះភាគច្រើនគឺត្រូវបានគេបោះបង់ចោលដោយសារតែបាត់បង់ពណ៌ ឬក៏ជុះរោមពណ៌របស់វា ដោយសារតែកត្តាផ្សេងៗ។ ម្យ៉ាងវិញទៀត កូនមាន់ចម្រុះពណ៌ទាំងនោះក៏ត្រូវបានគេជឿថាអាចនឹងចម្លងរោគ ជាពិសេសគឺទៅលើកុមារ និងហាមជាដាច់ខាតក្មេងអាយុក្រោម៥ឆ្នាំ ធ្វើការប៉ះទៅលើកូនមាន់ទាំងនោះឡើយ៕










