បរទេស៖ ប្រទេសម៉ាឡេស៊ីបានវ៉ាដាច់ប្រទេសថៃ ដើម្បីក្លាយជាទីផ្សាររថយន្តធំជាងគេទីពីរនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី។
យោងតាមទិន្នន័យដែលបានចងក្រងពីសមាគមរថយន្តនៃប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៥ ប្រទេសថៃដែលធ្លាប់កាន់តំណែងជាទីផ្សាររថយន្តធំជាងគេទីពីរនៅអាស៊ីអាគ្នេយ៍អស់រយៈពេលជាច្រើនឆ្នាំ ស្រាប់តែបាត់បង់តំណែងនេះទៅឱ្យប្រទេសម៉ាឡេស៊ីវិញ ដោយសារការលក់រថយន្តនៅឆ្នាំនេះធ្លាក់ចុះខ្លាំងពេក ខណៈដែលការលក់រថយន្តនៅប្រទេសម៉ាឡេស៊ីក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ ទទួលបានលទ្ធផលល្អបំផុត ធ្វើឱ្យម៉ាឡេស៊ីវ៉ាដាច់ប្រទេសថៃដើម្បីក្លាយជាទីផ្សាររថយន្តធំជាងគេទីពីរនៅអាស៊ីអាគ្នេយ៍បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី។
យោងតាមសមាគមយានយន្តម៉ាឡេស៊ី (MMA) ការលក់រថយន្តបានកើនឡើង ៥% នៅក្នុងត្រីមាសទីមួយធៀបនឹងឆ្នាំមុនដល់ ២០២,២៤៥ គ្រឿង។ នៅឆ្នាំ ២០២៣ ការលក់រថយន្តនៅក្នុងប្រទេសនេះបានកើនឡើង ១១% ដល់កម្រិតកំណត់ត្រា ៧៩៩,៧៣១ គ្រឿង។ ការកើនឡើងរបស់ប្រទេសម៉ាឡេស៊ីគឺដោយសារការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការលើកលែងរថយន្តដែលផលិតក្នុងស្រុកពីពន្ធលើការលក់។ នេះផ្តល់នូវការជំរុញដល់ម៉ាករថយន្តក្នុងស្រុកដូចជា Perodua និង Proton ដែលរួមគ្នាមានប្រហែល ៦០% នៃចំណែកទីផ្សារ។ Ivan Khoo ភ្នាក់ងារលក់របស់ Toyota នៅទីក្រុង Kuala Lumpur បានប្រាប់ Nikkei Asia ថាការលក់ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២៤ គឺប្រសើរជាងការរំពឹងទុក។Ivan Khoo បានបន្តថាម៉ូដែលរថយន្ត Vio គឺជាម៉ូដែលពេញនិយមបំផុតព្រោះវាមានតម្លៃមិនដល់ ២១,០០០ ដុល្លារនោះទេ។ 
ផ្ទុយទៅវិញ ការលក់នៅប្រទេសថៃបានធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំនេះ ដោយសារតែប្រាក់កម្ចីរថយន្តកាន់តែគ្មានប្រសិទ្ធភាព និងការប្រើប្រាស់ធ្លាក់ចុះ។ យោងតាមទិន្នន័យពីសហព័ន្ធថៃបានឱ្យដឹងថា ការលក់រថយន្តប្រចាំខែរបស់ប្រទេសថៃបានធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំដោយចាប់ផ្តើមនៅក្នុងខែមិថុនា ឆ្នាំ ២០២៣។ ដូច្នេះគិតត្រីមាសទីមួយនៃឆ្នាំនេះ ការលក់នៅក្នុងប្រទេសថៃធ្លាក់ចុះ ២៥% ធៀបនឹងឆ្នាំមុនមកត្រឹម ១៦៣,៧៥៦ គ្រឿងប៉ុណ្ណោះ។ រីឯនៅក្នុងប្រទេសឥណ្ឌូនេស៊ីវិញ ការលក់រថយន្តក្នុងត្រីមាសទីមួយក៏បានធ្លាក់ចុះ ២៤% ផងដែរធៀបនឹងឆ្នាំមុនមកត្រឹម ២១៥,០៦៩ គ្រឿង ដោយសារការកើនឡើងអត្រាការប្រាក់បានកាត់បន្ថយអំណាចទិញរបស់អតិថិជន៕











