ប្រទេសឥណ្ឌា ៖ វាបានធ្វើឱ្យអ្នកជំនាញជាច្រើនរូបគ្មានពាក្យបកស្រាយ ហេតុអ្វីភូមិមួយនៅប្រទេសឥណ្ឌាមានកូនភ្លោះរហូតដល់ជាង២០០គូ? គេបានសន្និដ្ឋានខុសៗគ្នាពាក់ព័ន្ធនឹងចំនួនកូនភ្លោះដ៏ច្រើនសន្ធឹកសន្ធាប់នេះ ។ រីឯមូលហេតុពិតប្រាកដនោះ គេពុំទាន់ដឹងច្បាស់ថា តើវាបណ្តាលមកពីមូលហេតុអ្វីទេ ។
ភូមិមួយឈ្មោះ Kodinhi ស្ថិតក្នុងរដ្ឋ Kerala នៅភាគខាងត្បូងប្រទេសឥណ្ឌា មានកូនភ្លោះរហូតដល់២៣០គូ ខណៈភូមិនេះមានពលរដ្ឋរស់នៅត្រឹមតែ១៥.០០០នាក់ប៉ុណ្ណោះ ។ ចំនួននេះខ្ពស់ជាងអត្រាកំណើតកូនភ្លោះជាមធ្យមនៅទូទាំងពិភពលោកជិត៤ដង ហើយវាធ្វើឱ្យផ្នែកវេជ្ជសាស្ត្រងឿងឆ្ងល់ ។ គ្រូពេទ្យម្នាក់ក្នុងភូមិ ក៏ពុំអាចបកស្រាយបានដែរ និងសន្និដ្ឋានថា អាចបណ្តាលមកពីការប្រើប្រាស់ទឹក និងការបរិភោគចំណីអាហារ ។
តាមតួលេខកាលពីដើមឆ្នាំ២០០៩ របស់សមាគមកូនភ្លោះ ដែលបានចុះឈ្មោះកូនភ្លោះ និងជួយឧបត្ថម្ភគ្រួសារកូនភ្លោះក្នុងភូមិ Kodinhi បង្ហាញថា ភូមិនេះមានកូនភ្លោះចំនួន២០៤គូ ហើយចំនួននេះបានកើនឡើងជាបន្តបន្ទាប់រហូតដល់២៣០គូ ។
លោក Krishnan Sribiju ជាអ្នកស្រាវជ្រាវនិយាយថា ៖ «វាជាបាតុភូតធម្មជាតិដ៏អស្ចារ្យដែលបានកើតឡើងនៅភូមិជនបទមួយនេះ ខណៈអ្នករស់នៅជនបទពុំទទួលថ្នាំ និងសារធាតុគីមីគ្រោះថ្នាក់ផ្សេងៗ ទើបវាក្លាយជាភូមិបរិសុទ្ធ ។ បើតាមវិទ្យាសាស្ត្រ យើងគិតថា បរិស្ថានជុំវិញអាចជាមូលហេតុធ្វើឱ្យមានកូនភ្លោះកើតច្រើនបែបនេះ ហើយអាចមានអ្វីម្យ៉ាងនៅក្នុងទឹក» ។
អ្នកជំនាញរូបនេះសន្និដ្ឋានថា មូលហេតុចម្បង គឺដោយសារការប្រើប្រាស់ថ្នាំមានផ្ទៃពោះ, ទម្លាប់នៃការបរិភោគអាហារ និងរៀបការនៅពេលអាយុច្រើន ទើបធ្វើឱ្យពួកគេមានកូនភ្លោះ ។ ប៉ុន្តែនៅភូមិ Kodinhi ប្តី-ប្រពន្ធភាគច្រើនបានរៀបការក្នុងចន្លោះចាប់ពីអាយុ១៨ឆ្នាំ ដល់២០ឆ្នាំ ទើបយើងពុំអាចបកស្រាយពីមូលហេតុពិតប្រាកដ ។
លោកជំនាញបញ្ជាក់ថា កូនភ្លោះទាំងនេះគ្មានអ្វីខុសប្រក្រតីទេ ហើយមានសុខភាពល្អគ្រប់ៗគ្នា ។ ប៉ុន្តែមូលហេតុធ្វើឱ្យភូមិនេះមានកូនភ្លោះច្រើនអាចបណ្តាលមកពីការបរិភោគចំណីអាហារ និងថ្នាំ ហើយត្រូវការពេលវេលាស្រាវជ្រាវបន្ថែមទៀត ។
ចំណែកអ្នកភូមិជឿថា វាបណ្តាលមកពីការប្រើប្រាស់ទឹក ពីព្រោះភូមិ Kodinhi ព័ទ្ធជុំវិញទៅដោយទឹក ។ នៅពេលភ្លៀងធ្លាក់ខ្លាំងម្តងៗ អ្នកភូមិពុំអាចធ្វើដំណើរទៅកាន់ភូមិផ្សេងទៀតបានទេ ដោយសារទឹកជំនន់ ៕










