ប៉ូគីមថេង សុធីតា Miss Grand Cambodia 2021 និង ណង នីត លំដាប់រងទី៤ Miss Grand Cambodia 2023 ទទួលបានឱកាសពិសេសមួយពីស្ថាប័ន Miss Grand Cambodia 2024 នឹងធ្វើជាពិធីការិនីក្នុងការប្រកួតវគ្គឈុតហែលទឹកនៅខេត្តព្រះសីហនុ ខណៈតារាសម្តែង ប៉ែន ភ័ក្រសុធារិទ្ធ ធ្វើជាពិធីករនៃការប្រកួតនេះ។
ស្ថាប័ន Miss Grand ក្នុងស្រុកបានប្រកាសជាផ្លូវការហើយកញ្ញា ប៉ូគីមថេង សុធីតា កញ្ញា ណង នីត និងលោក ប៉ែន ភ័ក្រសុធារិទ្ធ នឹងធ្វើជាពិធីករពិធីការិនីក្នុងការប្រកួតឈុតហែលទឹកនាថ្ងៃទី១៧ ខែឧសភា ខាងមុខនៅឯខេត្តព្រះសីហនុ។ នេះជាលើកដំបូងដែលអ្នកទាំងបីបានរួមការងារជាមួយគ្នា ហើយអ្នកគាំទ្របានបង្ហាញអារម្មណ៍រំភើបចិត្តចំពោះ ប៉ូគីមថេង សុធីតា Miss Grand Cambodia 2021 ដែលមានមុខមាត់នៅលើឆាក Grand បន្តទៀតនាងជាបវរកញ្ញាត្រូវបានហ្វេនៗលើកឡើងថាកំសត់ជាងគេ។
តំណែងជាពិធីការិនីនេះដែរ សុធីតា បានបង្ហាញអារម្មណ៍របស់ខ្លួនថា «ជាដំបូងសូមអរគុណដល់កម្មវិធី Miss Grand Cambodia ដែលបានផ្តល់កិត្តិយសការងារមួយនេះមកដល់រូបនាងខ្ញុំ ក៏សូមអរគុណដល់បណ្តាលអ្នកគាំទ្រទាំងអស់ដែលតែងតែមាននារីម្នាក់នេះក្នុងចិត្តរហូត។ បងប្អូនទាំងអស់គ្នាជាបេះដូងនៃនាងខ្ញុំ»។ សម្រាប់បវរកញ្ញារូបនេះកន្លងទៅធ្លាប់បានបង្ហាញខ្លួនធ្វើជាពិធីការិនីក្នុងកម្មវិធីមួយជាមួយលោក អៀង វិច្ឆ័យ ផងដែរ។
ងាកទៅកាន់ ណង នីត លំដាប់រងទី៤ Miss Grand Cambodia 2023 ក៏បានបង្ហាញអារម្មណ៍របស់ខ្លួនដោយសង្ឃឹមមហាជននឹងផ្ដល់ឱកាសឱ្យរូបនាង ខណៈនេះជាលើកដំបូងសម្រាប់នាងក្នុងនាមជាពិធីការិនី៕











