ជុំវិញបញ្ហាគ្រួសាររបស់ វ៉ាឌី ភាលី បេក្ខភាព The voice Cambodia រដូវកាលទី៣ បានធ្វើឱ្យផ្ទុះកក្រើកយ៉ាងខ្លាំងដែលមហាជនដឹងថាព្រោះតែប្តីរបស់នាងមានស្រី។ យ៉ាងណាតារាចម្រៀងរូបនេះបានរៀបរាប់ដើមហេតុដំបូងចាប់ផ្តើមឈ្លោះប្រកែកគ្នាដោយសារតែនាងខឹងថាប្តីរបស់ខ្លួនចាយលុយ៥ទៅ៦ពាន់ដុល្លារត្រឹមរយៈពេលជាង១អាទិត្យនៅខេត្តសៀមរាប ខណៈគ្រួសារផ្តើមមានបញ្ហាមិនចុះសម្រុងប្តីរបស់នាងបានដាក់បន្ទុកដោយសារតែនាងចូលសិល្បៈ។
បន្ទាប់ពី វ៉ាឌី ភាលី បង្ហោះវីដេអូបង្ហាញថាប្តីរបស់ខ្លួនលួចលាក់មានស្រីនិងទាមទារសុំការលែងលះ កាលពីយប់ថ្ងៃទី១៣ ខែឧសភា រូបនាងបាន Live បកស្រាយពីដំណើរដើមទងភាពអយុត្តិធម៌ដែលនាងទទួលរងពីប្តីរបស់ខ្លួន។ ភាលី ថាចាប់តាំងពីការជាមួយគ្នាមានកូនពីរនេះប្តីរបស់នាងជាមនុស្សល្អ មិនដែលលួចលាក់មានស្រីនោះទេអ្នកទាំងពីរតែងតែទៅណាមកជាមួយគ្នា កាលពេលនាងទៅប្រលង ឬទៅកម្មវិធីសមភ្លេងអីគឺមានប្តីនាងទៅជាមួយជានិច្ចហើយរាល់ពេលប្តីរបស់នាងមានកិច្ចការណាមួយក៏នាងទៅតាមដូចគ្នា។.png)
ភាលី ថាមានពេលមួយដោយសារតែនាងរវល់ប្តីត្រូវខេត្តសៀមរាបនាងមិនបានទៅជាមួយទេ រហូតបាន៥ទៅ៦ថ្ងៃ នាងចាប់ផ្តើមដឹងថាប្លែកតែមិននឹកស្មានថាប្តីនាងមានស្រីនោះទេ ដោយទម្លាយថាប្តីរបស់នាងចូលចិត្តការសប្បាយ ជួបជុំពួកម៉ាក ជាមនុស្សដៃទូលាយ។ បន្ទាប់ពីចាប់អារម្មណ៍ថាដូចប្លែកនាងក៏ឡើងទៅសៀមរាបដោយបានឆែកមើលទូរសព្ទនិងឆែកកុងធនាគារទើបដឹងថាប្តីនាងប្រើប្រាស់លុយអស់ជិត៥ទៅ៦ពាន់ដុល្លារក្នុងរយៈពេល១អាទិត្យជាង រហូតកើតបានជារឿងទាស់ទែង។ បន្ទាប់ពីឈ្លោះគ្នារឿងចាយលុយច្រើនប្តីរបស់នាងមិនឡើងមកភ្នំពេញឡើយ។ កើតចិត្តការខឹងសម្បារ នាងក៏បានរៀបចំសម្ភារៈមួយចំនួនពីផ្ទះប្តីមករស់នៅជាមួយម្តាយរបស់ខ្លួនហើយនាងមិនដែលធ្វើដូចនេះទេចាប់តាំងពីការមកដោយសារតែលើកនេះនាងខឹងខ្លាំងពេកទើបធ្វើដូចនេះ ហើយក៏ចង់ឱ្យប្តីមកលួង។
អស់រយៈពេល១ខែដោយសារតែមិនមានការលួង នាងក៏ចាប់ផ្តើមលួងប្តីវិញដោយទូរសព្ទហៅប្តីនាងមកវិញ ព្រោះចង់សម្របសម្រួលត្រូវគ្នាវិញ នាងមិនចង់បែកបាក់គ្រួសារនោះទេ ហើយពេលនោះនាងនៅមិនគិតថាប្តីរបស់នាងមានស្រីទៅទៀត។ ក្រោយពីប្តីនាងឡើងមកភ្នំពេញ ប្តីរបស់នាងក៏ដើរដាច់យប់ទៀត និងមានការចង់លែងលះផងដែរ។ ក្រោយមកក៏មានហេតុការណ៍ចាប់បានប្តីរបស់នាងលួចមានស្រីដូចដែរវីដេអូដែលនាងបានបង្ហោះ។
វ៉ាឌី ភាលី ថាក្រោយពីចាប់បានភ្លាមៗហើយនាងមិនបង្ហោះនោះដោយសារតែនាងគិតថាមួយឆាវរបស់ប្តីរបស់នាង ចង់ឱ្យប្តីរបស់នាងដឹងខ្លួនត្រលប់មករកគ្រួសារវិញប៉ុន្តែប្តីរបស់នាងមិនបានដឹងខ្លួននោះទេ។ ចាប់តាំងពីថ្ងៃមានរឿងមកប្តីរបស់នាងមិនដែលខលសួរសុខទុក្ខកូន មានតែភូមិឃុំសង្កាត់ខលហៅផ្តិតមេដៃលែងលះ។
អតីតបេក្ខភាពរូបនេះថា ប្តីរបស់នាងបានណែនាំស្រីនោះទៅកាន់ញាត្តិមិត្តរបស់ខ្លួនទាំងមិនទាន់ដាច់ស្រេចពីនាង ហើយស្រីនោះក៏មានកូនដូចគ្នាមិនមែនជាស្រីនៅក្រមុំនោះទេ។ វ៉ាឌី ភាលី បានរៀបរាប់ទៀតថា ប្តីរបស់នាងបានដាក់បន្ទុកមកនាងវិញថាមានបញ្ហាគ្រួសារបន្តិចបន្ទួចអាងវេចបង្វិចចេញពីផ្ទះ និងបញ្ហាដោយសារតែនាងចូលសិល្បៈ។ ការបង្ហោះរបស់នាងចង់បង្ហាញឱ្យមហាជនដឹងថាសន្តានប្តីរបស់នាងគឺចោលកូនខ្លួនឯងទៅចិញ្ចឹមកូនគេ។ ពេលដែលនាងបង្ហោះជាសាធារណៈនេះនាងដឹងច្បាស់ថាមិនអាចត្រលប់ជានាជាមួយប្តីរបស់នាងឡើយ៕










