ប្រទេសហៃទី ៖ ហៃទី គឺជាប្រទេសមួយក្នុងចំណោមប្រទេសរងផលប៉ះពាល់ដោយសារតម្លៃទំនិញ និងម្ហូបអាហារកើនឡើងខ្ពស់នៅលើពិភពលោក ហើយការឡើងថ្លៃម្ហូបអាហារបានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋក្រីក្រយ៉ាងខ្លាំង ។ ក្រុមគ្រួសារជាច្រើននៅប្រទេសហៃទីមានជីវភាពខ្វះខាត, គ្មានលទ្ធភាពទិញម្ហូបអាហារមកបរិភោគ ខណៈគ្រួសារខ្លះទៀតគ្មានប្រាក់សម្រាប់ទិញអង្ករទុកបរិភោគប្រចាំថ្ងៃ ។.jpg)
ហេតុនេះ ពួកគេគ្មានជម្រើសអ្វីផ្សេងក្រៅពីនាំគ្នាហូបភក់ដើម្បីបំបាត់ការស្រេកឃ្លាន និងជាវិធីដោះស្រាយមួយក្នុងអំឡុងពេលម្ហូបអាហារឡើងថ្លៃមិនឈប់ឈរ ។ ពលរដ្ឋក្រីក្របានយកភក់មកធ្វើនំ Cookie តាមបែបនំបុរាណរបស់ពួកគេ ដោយយកភក់មកផ្សំគ្នាជាមួយប័រ និងអំបិល បន្ទាប់មក យកទៅហាលថ្ងៃ ។ ក្មេងៗ និងស្ត្រីមានផ្ទៃពោះបាននាំគ្នាហូបនំ Cookie ធ្វើពីភក់ ហើយពួកគេនិយាយថា វាសម្បូរទៅដោយកាល់ស្យូម និងជាថ្នាំបន្សាបជាតិអាស៊ីតផងដែរ ។ ប៉ុន្តែការហូបនំ Cookie ភក់បានប៉ះពាល់ដល់សុខភាពពួកគេខុសៗគ្នា ។.jpg)
វេជ្ជបណ្ឌិតម្នាក់ឈ្មោះ Gabriel Thimothee និងជានាយកក្រសួងសុខាភិបាលប្រទេសហៃទី និយាយថា វាមានហានិភ័យខ្ពស់ណាស់ និងកង្វះអាហារូបត្ថម្ភសម្រាប់អ្នកហូបនំ Cookie ភក់ ហើយវាអាចស្រូបយកសំណើមទាំងអស់ក្នុងមាត់ ។ បើទោះជាពួកគេនិយាយថា Cookie ភក់មានរសជាតិឆ្ងាញ់ក្តី ប៉ុន្តែភក់ទាំងនេះនឹងជាប់ក្នុងមាត់អស់ជាច្រើនម៉ោង ដូច្នេះ លោកមិនគាំទ្រឱ្យពលរដ្ឋហូបនំ Cookie ភក់ជាដាច់ខាត ។.jpg)
ការបរិភោគនំ Cookie ភក់ គឺជាវិធីដោះស្រាយមួយដើម្បីឱ្យមានជីវិតរស់សម្រាប់ពលរដ្ឋក្រីក្រនៅហៃទី ដោយសារតម្លៃម្ហូបអាហារ និងទំនិញផ្សេងៗក្នុងប្រទេសនេះកើនឡើងខ្ពស់ឥតឈប់ឈរ ។ លើសពីនេះ តម្លៃប្រេងឥន្ធនៈក៏បានកើនឡើងខ្ពស់ផងដែរ ខណៈប្រទេសហៃទីបានប្រើប្រាស់ប្រេងឥន្ធនៈសម្រាប់ប្រព័ន្ធធារាសាស្ត្រ, ការធ្វើជីកសិកម្ម និងការដឹកជញ្ជូនផ្សេងៗ ។
ហេតុនេះ ពលរដ្ឋហៃទីជាច្រើនគ្រួសារបានរស់នៅក្នុងជីវភាពលំបាកបំផុត ក្នុងចំណោមប្រទេសនៅអាមេរិកខាងជើង ។ រីឯតម្រូវការមូលដ្ឋាន ដូចជា ៖ ស្រូវសាឡី និងផ្លែពោត ក៏បានកើនឡើងផងដែរក្នុងប្រទេសនេះ ។ បច្ចុប្បន្ន រដ្ឋាភិបាលពុំទាន់មានវិធានការណាមួយជួយដោះស្រាយបញ្ហារបស់ពលរដ្ឋក្រីក្រទេ ៕










