សហរដ្ឋអាមេរិក ៖ ក្រោយពីរដ្ឋាភិបាលអាមេរិកហាមឃាត់ការប្រើប្រាស់ TikTok លើកនេះ ដល់វេនក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD ដែលរដ្ឋាភិបាលអាមេរិកគ្រោងហាមឃាត់ការដំណើរការអាជីវកម្មរបស់ក្រុមហ៊ុននេះនៅអាមេរិក ព្រោះបារម្ភខ្លាចប៉ះពាល់ដល់ឧស្សាហកម្មរថយន្ត និងសន្តិសុខជាតិ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ។

លោកស្រី Stella Li នាយកក្រុមហ៊ុន BYD នៅអាមេរិក បាននិយាយក្នុងកិច្ចប្រជុំ Milken Institute Global Conference ប្រចាំឆ្នាំ២០២៤ ដែលរៀបចំឡើងនៅទីក្រុង Los Angeles ថា ៖ «ក្រុមហ៊ុន BYD មិនមែនជា TikTok ឬ Huawei ដែលអាមេរិកត្រូវបារម្ភនោះទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN-JOOnBOQzRdEudL0z9dNH_txP7nBmu9nyGbux9RfAIbZlWbGc9KDNdnzPGDx2ptkF95hTPdh94O8I3ZQ3oOjpsgCxi8d9rnSLAJEE5HAUYXN7NnR63RWWDo0Z4qnPRrSJGltlvqhvYK3hul7Vn4T_4uMKai22wi9Be4hIdVeNQTzxLD4waAhNH9fwJQ/s1280/photo_2024-05-09_13-23-57.jpg

សារព័ត៌មាន Nikkei Asia រាយការណ៍ថា លោកស្រី Stella Li នាយកក្រុមហ៊ុន BYD នៅអាមេរិក មិនយល់ស្របជាមួយគោលជំហរអាមេរិកជាមួយក្រុមហ៊ុនចិន ដែលចូលមកប្រកបអាជីវកម្មនៅអាមេរិក ។ រដ្ឋាភិបាលអាមេរិកគ្រោងស៊ើបអង្កេតក្រុមហ៊ុន BYD ក្រោយពីបានហាមឃាត់ TikTok និង Huawei ព្រោះខ្លាចក្រុមហ៊ុនទាំងនេះបង្កផលប៉ះពាល់ដល់សន្តិសុខជាតិ ។

សមាជិកសភាបានអំពាវនាវឱ្យប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ហាមឃាត់ការនាំចូលរថយន្តអគ្គិសនីផលិតនៅចិនមកកាន់អាមេរិក ខណៈស្ថាប័នពាក់ព័ន្ធរបស់អាមេរិកបានបង្កើនការត្រួតពិនិត្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន ព្រោះបារម្ភពីសន្តិសុខជាតិ និងប៉ះពាល់ដល់ឧស្សាហកម្មរថយន្តអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDeuzzf3hF2OhyItg9VBC_PakWB5kEzTavXjakcPhtn1YpSm97aAVXK3hV-3hxb-pol3se5LUKtmgn9o59BPRJCiKnGG8_QlOGPKKxJTcYMVKmcZA7bE5H3xmAytoMNKk4k3jiuF_Pogoo3XiUSOHtFZnqx8rJwdtdU71O6Oy2sIkm5VYQq1GHcZL9YUs/s793/assembly-line.png

លោកស្រី Stella Li និយាយថា បច្ចុប្បន្ន អាមេរិកមិនមែនជាទីផ្សារបើកទូលាយទៀតទេ ហើយបញ្ហានយោបាយបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន រួមទាំងទីផ្សាររថយន្តទូទៅ ។ អ្វីដែលកើតឡើងមិនយុត្តិធម៌សម្រាប់ក្រុមហ៊ុនចិនទេ ខណៈអាមេរិកយល់ថា ក្រុមហ៊ុនចិនទាំងអស់សុទ្ធតែមានទំនាក់ទំនងផ្ទាល់ជាមួយរដ្ឋាភិបាលចិន ។

លោកស្រីលើកជាសំណួរថា បើរដ្ឋាភិបាលអាមេរិកស្វាគមន៍ការវិនិយោគរបស់ក្រុមហ៊ុនចិន វានឹងផ្តល់លទ្ធផលល្អដល់ផ្នែកផលិតរបស់អាមេរិក ព្រោះអាមេរិកនៅតែពឹងផ្អែកលើការនាំចូលថ្មរថយន្តអគ្គិសនីពីចិន ខណៈក្រុមហ៊ុន BYD បានផ្គត់ផ្គង់ថ្មរថយន្តអគ្គិសនីអស់រយៈពេលយូរឆ្នាំមកហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzF24IR-XqE4WvugfKMeUg_beq2SvSXy-9uVlIBejABHqN_8_9dmHfc6ei5dOLPJLZFGnV853jucrcbG9FIzU3jdHDeJJqDsnoJgNfkVmiMljrxMEo4GTHHtm33O_VQVa1DWrc34sjLc16EBazNjBTEH5mFJxAexW5AiajRDOulbibUt63uniNBloMXeE/s1867/why-hasnt-byd-entered-the-us-with-its-evs-yet-blame-the-inflation-reduction-act_5.jpg

BYD ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនលំដាប់ពិភពលោក និងស្ថិតក្នុងឧស្សាហកម្មរថយន្ត ហើយក្រុមហ៊ុននេះបានដំណើរការអាជីវកម្មខុសគ្នាពីក្រុមហ៊ុនបច្ចេកវិទ្យាចិន ដែលរដ្ឋាភិបាលអាមេរិកកំពុងតាមដាន និងរឹតបន្តឹង ។ ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះ រួមមាន ៖ TikTok ផ្តល់សេវាកម្មវីដេអូខ្លីៗស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ByteDance និង Huawei ជាក្រុមហ៊ុនធំផ្នែកទូរគមនាគមន៍ចិន ។

បច្ចុប្បន្ន ក្រុមហ៊ុន BYD ត្រូវដោះស្រាយបញ្ហាភាពមិនច្បាស់លាស់នៃគោលនយោបាយ និងការស្ទាក់ស្ទើររបស់អតិថិជនជាច្រើនក្នុងការសម្រេចចិត្តទិញរថយន្តអគ្គិសនី ហើយក្រុមហ៊ុនគ្រោងកាត់បន្ថយការលក់រថយន្តនៅអាមេរិកផងដែរ ព្រោះបញ្ហានេះពាក់ព័ន្ធនឹងការបោះឆ្នោតរបស់អាមេរិក នៅឆ្នាំ២០២៤ ។ លោក ដូណាល់ ត្រាំ ដែលឈរឈ្មោះជាប្រធានាធិបតីអាមេរិកមកពីគណបក្ស Republican សន្យាថា បើលោកឈ្នះឆ្នោត លោកនឹងដំឡើងពន្ធ១០០% លើរថយន្តចិន ។https://media-cldnry.s-nbcnews.com/image/upload/t_fit-1500w,f_auto,q_auto:best/rockcms/2020-09/200921-ByteDance%20-mc-1333-8cf8f9.jpg

លោកស្រី Stella Li រំពឹងថា ក្រោយបញ្ចប់ការបោះឆ្នោតនៅអាមេរិកឆ្នាំ២០២៤ ស្ថានការណ៍នឹងល្អប្រសើរឡើងវិញ ហើយអតិថិជននឹងមានសេរីភាពជ្រើសរើសទិញរថយន្ត ឬផលិតផលណាមួយដែលខ្លួនពេញចិត្ត ៕