កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មាន AFP បានរាយការណ៍ពីរបាយការណ៍របស់អង្គការសុខភាពពិភពលោកថា អត្រាការផឹកគ្រឿងស្រវឹ.ង និងជក់បា.រី អេឡិចត្រូនិករបស់យុវជនលើពិភពលោក កើនឡើងគួរឱ្យភ្ញាក់ផ្អើល ។ របាយការណ៍នេះអំពាវនាវឱ្យរដ្ឋាភិបាលប្រទេសនានាកំណត់វិធានការដោះស្រាយជាបន្ទាន់ ក្រោយពីលទ្ធផលស្ទង់មតិបង្ហាញថា យុវជនជាង២៨ម៉ឺននាក់ មានអាយុ១១ឆ្នាំ, ១៣ឆ្នាំ និង១៥ឆ្នាំ នៅទ្វីបអឺរ៉ុប, អាស៊ីកណ្តាល និងកាណាដា ប្រើប្រាស់ថ្នាំញៀន និងផឹកគ្រឿងស្រវឹង ។
មន្ត្រីអង្គការសុខភាពពិភពលោក (WHO) និយាយថា ៖ «ផលប៉ះពាល់រយៈពេលវែងដោយសារការប្រើប្រាស់ថ្នាំញៀនជាបញ្ហាសំខាន់ ហើយមេដឹកនាំប្រទេសនីមួយៗពុំគួរព្រងើយកន្តើយនឹងតួលេខនេះទេ» ។ របាយការណ៍បញ្ជាក់ថា យុវជនអាយុ១៥ឆ្នាំ ស្មើ៥៧% បានផឹកគ្រឿងស្រវឹង ហើយអត្រាការផឹកគ្រឿងស្រវឹងរបស់ក្មេងប្រុសធ្លាក់ចុះ ខណៈក្មេងស្រីកើនឡើង ។
ការិយាល័យប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកនៅអឺរ៉ុប ដែលគ្របដណ្តប់ប្រទេសចំនួន៥៣ រួមទាំងអាស៊ីកណ្តាល បានចេញសេចក្តីថ្លែងការណ៍ថា ៖ «ការរកឃើញលើកនេះបង្ហាញឱ្យឃើញថា យុវជនទាំងនេះងាយស្រួលស្វែងរកគ្រឿងស្រវឹង និងក្លាយជារឿងធម្មតា ។ ហេតុនេះ រដ្ឋាភិបាលប្រទេសនីមួយៗគួរស្វែងរកវិធានការដោះស្រាយបន្ទាន់ដើម្បីការពារកុមារ និងយុវជនឱ្យចៀសផុតពីគ្រោះថ្នាក់ដោយសារគ្រឿងស្រវឹង» ។
ក្រៅពីនេះ របាយការណ៍បង្ហាញថា ការជក់បារីអេឡិចត្រូនិកបានកើនឡើង និងធ្វើឱ្យការជក់បារីធម្មតាធ្លាក់ចុះ ។ កាលពីឆ្នាំ២០២២ កុមារមានអាយុចាប់ពី១១ឆ្នាំ ដល់១៥ឆ្នាំ ស្មើ១៣% បានជក់បារីធម្មតាតិចតួច បើធៀបនឹងរយៈពេល៤ឆ្នាំមុន ខណៈកុមារអាយុ១៥ឆ្នាំ ស្មើ៣២% បានជក់បារីអេឡិចត្រូនិក ។
លោក Hans Kluge នាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់អឺរ៉ុបនិយាយថា ៖ «ការប្រើប្រាស់សារធាតុគ្រោះថ្នាក់យ៉ាងទូលំទូលាយនៅប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប និងតំបន់ផ្សេងទៀតបានគំរាមកំហែងយ៉ាងខ្លាំងដល់ផ្នែកសុខាភិបាល ។ ហេតុនេះ គួរបង្កើនអត្រាពន្ធគ្រឿងស្រវឹង ឬថ្នាំជក់ និងរឹតបន្តឹងច្បាប់សម្រាប់ការលក់ និងផ្សាយពាណិជ្ជកម្ម» ។
របាយការណ៍បញ្ជាក់ថា អាកប្បកិរិយាក្នុងវ័យជំទង់នឹងប៉ះពាល់ដល់សុខភាព និងបំផ្លាញអនាគតរបស់ពួកគេ ហើយការផឹកគ្រឿងស្រវឹង ឬជក់បារីតាំងពីក្មេងនឹងធ្វើឱ្យពួកគេកាន់តែញៀនខ្លាំងឡើង និងពិបាកកាត់ផ្តាច់ ។ ទោះយ៉ាងណា ការប្រើប្រាស់កញ្ឆារបស់កុមារអាយុ១៥ឆ្នាំ បានធ្លាក់ចុះស្មើ១២% និងធ្លាក់ចុះ៤% ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ៕










