ប្រទេសថៃ ៖ ការិយាល័យឧតុនិយមថៃប្រកាសថា នៅទូទាំងប្រទេសថៃនៅតែមានអាកាសធាតុក្តៅខ្លាំង និងសីតុណ្ហភាពកើនឡើងដល់៤៤អង្សារសេ ខណៈនៅខេត្តភាគត្បូងមានភ្លៀងធ្លាក់ និងផ្គររន្ទះ ។ លើសពីនេះ នៅដើមខែឧសភា ឆ្នាំ២០២៤ ខ្យល់ព្យុះរដូវក្តៅនឹងបោកបក់មកលើភាគខាងជើងប្រទេសថៃ ។
កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ការិយាល័យឧតុនិយមថៃព្យាករថា ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នឹងមានសម្ពាធខ្យល់ទាប ដោយសាររលកកំដៅគ្របដណ្តប់លើភាគខាងជើងប្រទេសថៃ ។ ហេតុនេះ ធ្វើឱ្យប្រទេសថៃទាំងមូលមានអាកាសធាតុក្តៅខ្លាំង ខណៈខ្យល់ទិសនិរតី និងខាងត្បូងបក់គ្របលើភាគខាងជើងថៃ ធ្វើឱ្យបរិវេណនេះមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ។
ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ខ្យល់នៅទិសនិរតី និងខាងត្បូងនឹងបក់គ្របដណ្តប់នៅតំបន់ឦសាន, ខាងកើត, ផ្នែកខាងកើតនៃភាគខាងជើង និងភាគកណ្តាល ខណៈភាគខាងជើងប្រទេសថៃមានអាកាសធាតុក្តៅខ្លាំងធ្វើឱ្យមានខ្យល់ព្យុះរដូវក្តៅនៅតំបន់ខ្លះ ព្រមទាំងមានផ្គររន្ទះ, ខ្យល់កន្ត្រាក់, ភ្លៀងធ្លាក់ និងរន្ទះបាញ់ក្នុងតំបន់ខ្លះ ។
ចំណែកខេត្តភាគត្បូង ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ខ្យល់នៅទិសអាគ្នេយ៍ និងខាងកើតនឹងបក់មកគ្របដណ្តប់លើឈូងសមុទ្រថៃភាគខាងត្បូង និងសមុទ្រ Andaman ធ្វើឱ្យតំបន់នេះមានភ្លៀងធ្លាក់ និងផ្គររន្ទះ ។ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ខ្យល់ទិសនិរតី និងខាងលិចនឹងគ្របដណ្តប់លើសមុទ្រ Andaman ភាគខាងត្បូង និងឈូងសមុទ្រថៃ ធ្វើឱ្យតំបន់នេះបន្តមានភ្លៀងធ្លាក់ និងផ្គររន្ទះ ។

ការិយាល័យឧតុនិយមថៃប្រកាសថា ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ សូមពលរដ្ឋរស់នៅភាគខាងជើងប្រទេសថែរក្សាសុខភាពដោយសារអាកាសធាតុក្តៅខ្លាំង និងចៀសវាងធ្វើការ ឬធ្វើអ្វីមួយនៅក្រោមកំដៅថ្ងៃរយៈពេលយូរ ។ ក្រៅពីនេះ សូមប្រយ័ត្នគ្រោះថ្នាក់កើតពីភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ផងដែរ ។
ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ សូមពលរដ្ឋរស់នៅភាគខាងជើងប្រទេសថៃប្រយ័ត្នគ្រោះថ្នាក់ដោយសារខ្យល់ព្យុះ ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងព្រិលធ្លាក់ក្នុងតំបន់ខ្លះ និងហាមដាច់ខាតឈរនៅទីវាល, ក្រោមដើមឈើធំ, ការដ្ឋានសំណង់ និងផ្ទាំងផ្សាយពាណិជ្ជកម្មមិនរឹងមាំ ។ រីឯកសិករគួរត្រៀមខ្លួនការពារផលដំណាំ និងសត្វចិញ្ចឹម ហើយអ្នកនេសាទគួរចៀសវាងការជិះទូកក្នុងតំបន់មានភ្លៀងធ្លាក់ និងផ្គររន្ទះ ៕










