សារព័ត៌មានបរទេសបានរាយការណ៍កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ថា អង្គការ NASA បានសហការជាមួយក្រុមហ៊ុន Nokia ត្រៀមបញ្ជូនបណ្តាញអ៊ីនធើរណេត 4G ទៅដំឡើងលើឋានព្រះច័ន្ទ ដើម្បីឱ្យអាកាសយានិកអាចលេងអ៊ីនធើរណេតទាក់ទងមកកាន់ផែនដី និងងាយស្រួលបញ្ជូនទិន្នន័យវិទ្យាសាស្ត្រ បើទោះជាពួកគេស្ថិតនៅក្រៅផែនដីក៏ដោយ ។

បច្ចុប្បន្ន អ៊ីនធើរណេតបានក្លាយជាឧបករណ៍មួយដ៏សំខាន់សម្រាប់មនុស្សនៅជុំវិញពិភពលោក ស្វែងរកចំណេះដឹង និងការកម្សាន្តផ្សេងៗតាមតម្រូវការ ។ ប៉ុន្តែបើនៅថ្ងៃណាមួយក្នុងអនាគតឆាប់ៗនេះ ឬថ្ងៃដែលមនុស្សត្រូវផ្លាស់ទីលំនៅទៅរស់នៅលើឋានព្រះច័ន្ទ តើយើងនឹងអាចលេងអ៊ីនធើរណេតបានទៀតទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEZy2qIK3WduM37lzdEK7x32_1LrNLNP0anse-KEvqr47tZHzIYVpsNZzCQ1L5U9wHro9E6fDYaOQs0dM6nPxLjTZcXTiMB-BqvUK6_sTGc5WbkkWgwNdD1SltB1hvWRgR8qtinV-p6vbtLz_xkkjj-Zgm7Wt8oq9tfuRsBk8rk22AJ9LQTPXcKUWX8us/s976/_114998085_how.jpg

ការលេងអ៊ីនធើរណេតបាន បើទោះជាយើងរស់នៅភពផ្សេងក្រៅពីលើផែនដី មិនមែនជារឿងថ្ងៃអនាគតទៀតទេ ពីព្រោះបច្ចុប្បន្ន អង្គការ NASA និង Nokia ជាក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍អេឡិចត្រូនិករបស់ប្រទេសហ្វាំងឡង់ បានសហការគ្នាដំឡើងអ៊ីនធើរណេតនៅលើឋានព្រះច័ន្ទ ។ គម្រោងនេះមានគោលបំណងសម្រាប់រយៈពេលវែង ដើម្បីជួយដល់ការរស់នៅរបស់មនុស្សនៅភពផ្សេងទៀតក្រៅពីផែនដី ។

រ៉ុក្កែត SpaceX មានគម្រោងធ្វើដំណើរនៅឆ្នាំ២០២៤នេះ ប៉ុន្តែពុំទាន់បញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ គ្រោងដឹកជញ្ជូនបណ្តាញអ៊ីនធើរណេត 4G ធម្មតាទៅកាន់ឋានព្រះច័ន្ទ ។ បន្ទាប់មក នឹងដំឡើងប្រព័ន្ធអ៊ីនធើរណេតនៅប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ព្រមទាំងសាកល្បងគ្រប់គ្រងការបញ្ជាពីផែនដីក្នុងចម្ងាយឆ្ងាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrNTmB_82s_us0xmkgylIipx8raNc6hUW1F4PD4LjbUOevAZZqwSTqnlinPkbJF_5lF3fk0CiBKRlZEQWt0JnpvL6Fjx0bxYT1xutva866gNSls8ql2Xe3GYn4yY-wSxMmONk5h3gsUyFhK_JfFi5ooHDhR-KCdLywjk4Yp2YrkiRZ9RPgl75i4PqBOp4/s800/fce3b721c47040b092112e77dbd2646c.jpeg

Walt Engelund នាយករងផ្នែកបច្ចេកវិទ្យាអវកាសរបស់អង្គការ NASA និយាយថា ៖ «បញ្ហាប្រឈមដំបូងក្នុងការដំឡើង និងប្រើប្រាស់បណ្តាញអ៊ីនធើរណេត គឺការមានឧបករណ៍ Cellular ដែលតម្រូវឱ្យវាស្របនឹងការកំណត់ ដូចជា ៖ ទំហំ, ទម្ងន់ និងថាមពលសមស្រប រហូតដល់ការប្រើប្រាស់ដោយពុំចាំបាច់ត្រូវការជាងបច្ចេកទេស ។ រីឯបរិយាកាសលើឋានព្រះច័ន្ទបានធ្វើឱ្យមានបញ្ហាប្រឈមជាច្រើនទៀត ដូចជា ៖ លក្ខខណ្ឌសីតុណ្ហភាព និងវិទ្យុសកម្មខ្លាំង» ។

បណ្តាញអ៊ីនធើរណេត 4G ដែលនឹងត្រូវយកទៅដំឡើងនៅឋានព្រះច័ន្ទនេះ បានបង្កើតឡើងដោយ Bell Labs របស់ក្រុមហ៊ុន Nokia ដែលប្រើប្រាស់ឧបករណ៍ងាយស្រួលស្វែងរក ។ បន្ទាប់មក គេនឹងបញ្ជូនវាទៅកាន់យានអវកាសដែលផលិតដោយក្រុមហ៊ុន Intuitive Machines របស់អាមេរិក ។ ការតភ្ជាប់ប្រព័ន្ធទំនាក់ទំនងតាមអ៊ីនធើរណេតជាបញ្ហាដ៏សំខាន់សម្រាប់គម្រោង Artemis របស់អង្គការ NASA ខណៈអង្គការនេះមានគោលដៅបញ្ជូនអាកាសយានិកទៅឋានព្រះច័ន្ទក្នុងទសវត្សរ៍នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYi0mmwpsBhblADpbJ6OPP1zi73hdazPWm9nmoXco9SNV85ILY4aK2K54rN7YCm8LvXPw-9DPbh1r7L1Xwz9uM_UIKqmeru0ALnT6sTmDJA-AYH9OkpdJokb4NZcuGtd3LCgA5TD1ZJMvE-CpICyOnKmcpr_jattzoNTuc9GEMim5q_R7jOotMLofFAhE/s1110/photo_2024-04-27_13-55-52%20(2).jpg

Walt Engelund នាយករងផ្នែកបច្ចេកវិទ្យាអវកាសរបស់អង្គការ NASA ប្រាប់ថា អាកាសយានិកបានជជែកគ្នាតាមវិទ្យុ ប៉ុន្តែអង្គការ NASA ចង់ឱ្យការទំនាក់ទំនងនៅឋានព្រះច័ន្ទអាចទំនាក់ទំនងគ្នាជាវីដេអូ និងជ្រាបពីទិន្នន័យវិទ្យាសាស្ត្របានលម្អិត ជាពិសេសបំផុត ពេលការបំពេញភារកិច្ចរបស់ Artemis ជួបបញ្ហាប្រឈមខ្លាំង ។ Walt Engelund និយាយថា ៖ «សមត្ថភាពក្នុងការទំនាក់ទំនងនៅលើឋានព្រះច័ន្ទ គឺជាបញ្ហាសំខាន់សម្រាប់ Artemis ដូចគ្នានឹងភារកិច្ចផ្សេងទៀតដែរ ដូចជា ៖ ថាមពល, ទឹកផឹក និងខ្យល់ដកដង្ហើម» ។

នាយករងផ្នែកបច្ចេកវិទ្យាអវកាសរបស់អង្គការ NASA រូបនេះបន្តថា ៖ «នៅទីបំផុត ការព្យាយាមនេះនឹងអាចតភ្ជាប់ទំនាក់ទំនងលើឋានព្រះច័ន្ទ ដែលធ្វើឱ្យអ្នកស្រាវជ្រាវរបស់យើងអាចបញ្ជូនទិន្នន័យវិទ្យាសាស្ត្រមកកាន់ផែនដី ដើម្បីពិភាក្សាជាមួយផ្នែកគ្រប់គ្រងបេសកកម្មទៅឋានព្រះច័ន្ទ ។ ក្រៅពីនេះ អាកាសយានិកក៏អាចជជែកជាមួយក្រុមគ្រួសារពួកគេផងដែរ ដូចគ្នានឹងពួកគេកំពុងស្ថិតនៅលើផែនដី ឬកាន់ទូរស័ព្ទដៃដើរតាមផ្លូវ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMe0g4Xvjv9m9qZ3zJ-_p6Wv0V8Iqpu_pNGnfbNvoCgQ5AiSFbpg88um_4-x1pmQMGtugZBRsmrFoJ9N8LYzUdaA7UqZcEIUrWCZp2x-z1k0_zpu1kSYFEB8aE1Z7EdyUi-XqBmd4Zh3ktwh4i4T1zaxZLiRZ6YchzhTTs1M0lWCiygIGP6hmuSWrQFUw/s1110/photo_2024-04-27_13-55-52.jpg

បើគម្រោងនេះទទួលបានជោគជ័យ គេនឹងអាចដំឡើងអ៊ីនធើរណេតនៅក្រៅផែនដី និងអាចទាក់ទងគ្នាមិនខុសពីអ៊ីនធើរណេតនៅលើផែនដី ហើយឧបករណ៍អេឡិចត្រូនិកបុគ្គលមនឹងអាចតភ្ជាប់ជាមួយបណ្តាញនេះផងដែរ ។ ដូច្នេះ វានឹងធ្វើឱ្យអាកាសយានិកអាចប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន, App ផ្សេងៗ និងកម្មវីធីទាំងអស់មិនខុសគ្នាពីអ្នករស់នៅលើផែនដីទេ ៕