ប្រទេសថៃ ៖ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នាយកដ្ឋានគ្រប់គ្រងជំងឺនៃក្រសួងសុខាភិបាលថៃបានបង្ហាញពីស្ថានការណ៍ជំងឺកូវីដ-១៩ ថា ចំនួនអ្នកជំងឺកូវីដបានកើនឡើងក្រោយពិធីបុណ្យចូលឆ្នាំថ្មី ហើយវាដូចនឹងការរំពឹងទុកកាលពីដើមឆ្នាំផងដែរ គឺពូជកូវីដចាស់ឆ្លងរាតត្បាត ។ នាយកដ្ឋានគ្រប់គ្រងជំងឺបានណែនាំឱ្យក្រុមពលរដ្ឋដែលងាយឆ្លងជំងឺនេះប្រុងប្រយ័ត្នខ្លួន ហើយបើមានរោគសញ្ញាសង្ស័យណាមួយ គួរតែពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ។

លោក Thongchai Keeratihatthayakorn នាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺនៃក្រសួងសុខាភិបាលលើកឡើងថា លោក Chonlanan Srikaew រដ្ឋមន្ត្រីក្រសួងសុខាភិបាល បារម្ភពីស្ថានការណ៍ជំងឺកូវីដកើនឡើងក្រោយពិធីបុណ្យចូលឆ្នាំថ្មី ហើយបច្ចុប្បន្ន កូវីដជាជំងឺឆ្លងដែលត្រូវប្រុងប្រយ័ត្ន និងពុំទាន់មានរបាយការណ៍ពីការផ្ទុះជំងឺនេះធ្ងន់ធ្ងរនៅឡើយទេ ។ ប៉ុន្តែដើម្បីទទួលបានទំនុកចិត្ត លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំទៅគ្រប់ខេត្ត-ក្រុងវាយតម្លៃស្ថានការណ៍ និងត្រៀមខ្លួនជាមុន ព្រមទាំងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធថែទាំសុខភាពពលរដ្ឋគ្រប់រូប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrqo2aQeAu7MJLJkjjUXQRGR9M5m9NhoJzBUpicLLXMIQ5h1HrLZVgPHKeqMjHi0VzWgCqvOnRfE-rvKuPZjMdUR7OMibH-1791g_TjtRa-7BrcjXWVXGZthoqFIihWAX_CsWjr0XydaYjfqPl_gXEiBOCWC3P0RNujYVFPZcMXxPPPq8bdWY95TCiFX0/s4032/20200519_110955088_iOS.jpg

ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ អ្នកជំងឺកូវីដបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន១.០០៤នាក់ និងជាមធ្យមមានអ្នកឆ្លងជំងឺកូវីដ ចំនួន១៤៣នាក់ក្នុង១ថ្ងៃ ក្នុងនោះអ្នកជំងឺរលាកសួតធ្ងន់ធ្ងរ ស្មើនឹង២៩២នាក់, ប្រើបំពង់ខ្យល់ជួយដកដង្ហើម ចំនួន១០១នាក់ និងស្លាប់៣នាក់ ហើយអ្នកស្លាប់ទាំងអស់ជាមនុស្សចាស់ និងមានជំងឺរ៉ាំរ៉ៃ ។ ហេតុនេះ វាជាចំនួនឆ្លងកើនឡើងតាមការរំពឹងទុក ហើយអ្នកជំងឺកូវីដភាគច្រើនស្ថិតនៅទីក្រុងបាងកក, បរិវេណជុំវិញទីក្រុងបាងកក និងខេត្តទេសចរណ៍ជាច្រើនទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGQ3HQGNFx2p3vxre0te1OdFWWmCqlqHJeGKTmzjyk_KqApnJbQo76YhTojvW2QREpdt2THIETUn7OEWYCRQYwrL_rziWwk3WcWwdPJFuIw9GPH8u3VM6XBCTrSJfKQeJXQiCGEatwq-7sF_M5ebkgDCulCQ3P4TWDT8v0XF2tGRWO9AzQiMTS4djfcAQ/s990/maskless_thai_pm_fined_as_coronavirus_cases_spike.jpg

ចំណែកមូលហេតុធ្វើឱ្យមានការឆ្លងជំងឺកើនឡើង គឺដោយសារភាគច្រើនអ្នកជំងឺមានរោគសញ្ញាដូចគ្នានឹងជំងឺគ្រុនផ្តាសាយ ទើបមិនបានប្រុងប្រយ័ត្ន និងការពារខ្លួន ។ យោងតាមការតាមដានជំងឺកូវីដកំពុងឆ្លងរាតត្បាតនៅប្រទេសថៃ និងបានបង្ហាញទិន្នន័យពីនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្របង្ហាញថា វាជាពូជកូវីដបំលែងពីអូមីក្រុង ដោយអ្នកជំងឺនឹងមានរោគសញ្ញាស្រដៀងនឹងគ្រុនផ្តាសាយ ដូចជា ៖ ក្តៅខ្លួន, ក្អក, ឈឺក, ឈឺតាមដងខ្លួន, ឈឺក្បាល និងហៀរសំបោ ។ ប៉ុន្តែពុំទាន់រកឃើញថា ពូជកូវីដបំលែងពីអូមីក្រុងនេះ ធ្ងន់ធ្ងរជាងពូជអូមីក្រុងចាស់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVTe7ZhpaEhf_fO-2akgDhzSVdnmRLLP2dmJnQwnrvoTSlKgyO69sRmIMRy2eyHrIp2Rwr4OQQSCsBc_8HqAGJDicpR7WPukyF5woFilwfLXPAtF35DJhi4qrlUofd46pUmyHnddAsk3viyYh5I2ZClYgvQdpyOXb3jiVpqN12ijOBUf4TzBjnHKC8vDw/s990/thailand-to-extend-state-of-emergency-amid-fears-of-second-covid-19-wave.jpg

លោក Thongchai Keeratihatthayakorn នាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺនៃក្រសួងសុខាភិបាលបន្តថា បច្ចុប្បន្ន ជំងឺកូវីដដូចគ្នានឹងជំងឺប្រចាំតំបន់ ហើយមានអ្នកឆ្លងជំងឺនេះជារៀងរាល់ឆ្នាំ ប៉ុន្តែការឆ្លងតិច ឬច្រើន គឺអាស្រ័យលើពេលវេលា ។ វាមានរោគសញ្ញាស្រដៀងនឹងជំងឺផ្លូវដង្ហើមទូទៅ ដូចជា ៖ គ្រុនផ្តាសាយធំ និងគ្រុនផ្តាសាយធម្មតា ហើយមន្ទីរពេទ្យគ្រប់ទីកន្លែងបានត្រៀមខ្លួនទាំងផ្នែកគ្រូពេទ្យ និងគ្រែអ្នកជំងឺ ខណៈមន្ទីរពេទ្យមានបទពិសោធន៍ព្យាបាលអ្នកជំងឺយ៉ាងល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl1pI9wb53idBJWFE5m-fgyvkonRkzWfnE2Bvll-a6ZOsSOHRCKjMB-_kF-TIT72MqKmkVTS2plQ1SvAC_EcA-RLKlmb0vLXyLSIdVPEK2DnR0khypS1KuOWRm_A0ZnJABbxKKUY7iX6byRcP_rEBijMdoCUd8Tgs3cO3gHpcpWqj6xjGRheakHhjTXyo/s3000/image.jpg

ពលរដ្ឋទូទៅគួរថែទាំអនាម័យផ្ទាល់ខ្លួន និងពាក់ម៉ាស់នៅពេលស្ថិតនៅទីប្រជុំជនដែលមានមនុស្សច្រើន ដូចជា ៖ ការធ្វើដំណើរនៅទីសាធារណៈ, នៅមន្ទីរពេទ្យ និងមជ្ឈមណ្ឌលថែទាំមនុស្សចាស់ ។ ក្រៅពីនេះ ត្រូវលាងសម្អាតដៃឱ្យបានញឹកញាប់ បើមានរោគសញ្ញាស្រដៀងនឹងគ្រុនផ្តាសាយ គួរពិនិត្យ ATK នៅផ្ទះ និងចៀសវាងនៅជិតក្រុមងាយឆ្លងជំងឺកូវីដ ។ បើលទ្ធផលធ្វើតេស្តកូវីដវិជ្ជមាន ត្រូវពាក់ម៉ាស់ដើម្បីការពារការឆ្លងទៅអ្នកដទៃ និងប្រញាប់ទៅជួបគ្រូពេទ្យពេលពិបាកដកដង្ហើម ។https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcS-ihK_b_gBq8aJ62sAgqLorrkgUyGm8t-3quO4UUcXrA&s

ចំណែកក្រុមងាយឆ្លងជំងឺកូវីដ រួមមាន ៖ អ្នកមានអាយុ៦០ឆ្នាំឡើងទៅ, ស្ត្រីមានផ្ទៃពោះ និងអ្នកមានជំងឺប្រចាំកាយ ដូចជា ៖ ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ, ជំងឺបេះដូង-សរសៃឈាម, ជំងឺតម្រងនោមរ៉ាំរ៉ៃ, ជំងឺដាច់សរសៃឈាមខួរក្បាល, ជំងឺធាត់, ជំងឺមហារីក និងជំងឺទឹកនោមផ្អែម ប្រសិនបើមានរោគសញ្ញាស្រដៀងនឹងគ្រុនផ្តាសាយ និងលទ្ធផលធ្វើតេស្តកូវីដវិជ្ជមាន គួរតែពាក់ម៉ាស់ និងទៅជួបគ្រូពេទ្យជាបន្ទាន់ដើម្បីព្យាបាល ព្រមទាំងកាត់បន្ថយអាការៈធ្ងន់ធ្ងរ ៕