កន្លងមក មាន YouTuber ថៃមួយចំនួនបានមកថតរូបភាព ឬវីដេអូនៅប្រទេសកម្ពុជា ដើម្បីបង្ហោះក្នុងបណ្តាញសង្គមរបស់ពួកគេ ហើយរូបភាព ឬវីដេអូទាំងនេះភាគច្រើនពុំបាននិយាយពីចំណុចល្អនៅកម្ពុជាឡើយ ដោយសារពួកគេថតយកតែមួយជ្រុងតូចទៅបង្ហោះ ឬនិយាយប្រាប់ពិភពលោក ឱ្យមើលមកកម្ពុជាក្នុងផ្លូវមិនល្អ ។ ប៉ុន្តែពេលពលរដ្ឋខ្មែរយើងទៅលេងប្រទេសថៃម្តងៗ យើងតែងតែសរសើរ និងថតរូបភាពស្អាតៗពីស្រុកគេមកបង្ហោះក្នុងបណ្តាញសង្គម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaujhyphenhyphenvGul-h9ClFIvIctDQa7SVIuXeU11Wu6liPEdWfQsh2Yhuu4eDJD-_zmmZd9iZqbfKqOwOJEX00YkY2JZJMeH6e9YkLJqdQN6vBTbj0m2wJ2KY0OXEHfJ9-TZzxSjcRZrGbtJFPmKNuvP652yZ7j4k_yjBEUREfOxBt2mUnd850sm6aEVdqeh8oY/s1264/photo_2024-04-19_13-46-23%20(2).jpg
ជនជាតិថៃ និង YouTuber ថៃខ្លះបានមកដល់ទឹកដីកម្ពុជា ប៉ុន្តែពួកគេចូលចិត្តចាប់កំហុសរឿងតូចតាច ដូចជា ៖ ការហាលសម្លៀកបំពាក់របស់ពលរដ្ឋខ្មែរ និងការបោះចោលសំរាម និងភ្លេចគិតថា ប្រទេសថៃខ្លួនឯង ក៏មានការចោលសំរាមផ្តេសផ្តាសជាច្រើនកន្លែង ។ ជាក់ស្តែង មាន YouTuber ថៃម្នាក់ឈ្មោះ «BACKPAEGER แบกเป้เกอร์» បានមកខេត្តសៀមរាប ប្រទេសកម្ពុជា នៅខែមេសា ឆ្នាំ២០២៤ ប៉ុន្តែបែរជានិយាយរិះគន់ពីសង្ក្រាន្តនៅខេត្តសៀមរាប និងប្រៀបធៀបសង្ក្រាន្តកម្ពុជា និងសង្ក្រាន្តថៃ និងធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃរិះគន់តាមដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFKDA4M4G5eDSp0hH0W2nnGkSqeOmSgnOEiCEoT5SihFmsEBlhp4ALIh2Czqv5aawWuC4pj6tVNsNXPrq0IYr7ikC3p26lhRwwYDr9E0u4lwYPH9bgfNakzMbZm9vEmgPWkGKU3QEatDUKvjcUmPqQyPd1zU8wswXlsaIPNaL2BL1Dl_d487BGkVP8qcw/s960/photo_2024-04-19_13-46-23%20(3).jpg

ទោះយ៉ាងណា មាន YouTuber ថៃ ដែលមាន Page ឈ្មោះ «TripTH ทริปไทยแลนด์» បានធ្វើដំណើរទៅតាមបណ្តាខេត្ត-ក្រុងជាច្រើនរបស់កម្ពុជា និងថតវីដេអូផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ និងម្ហូបអាហារខ្មែរទៅកាន់ពិភពលោក ហើយធ្វើឱ្យអ្នកលេងបណ្តាញសង្គមខ្មែរកោតសរសើរ និងអរគុណ YouTuber ថៃទាំង២នាក់នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbxLiPk0ctl6BTlgDu4fdVwZJxM5mSQvDNnUJpxJQXsqjTw5MVa4xerInANnFwhRgqkXizS3WCdlNG1G_baW_ctDDgAKEVAN7ZUZFYLNVAyELmOaycsa0xIKZQpI3Vij1Z5yVG5UEqt0tEHfdA66x9o_LfJSBBfkHnI2_gDKKhDwL2jdq44-MdUzAyugc/s1280/photo_2024-04-19_13-46-23.jpg

ក្នុងវីដេអូនីមួយៗរបស់ YouTuber ថៃ ដែលមាន Page ឈ្មោះ «TripTH ทริปไทยแลนด์» តែងតែបង្ហាញពីសកម្មភាពលក់ម្ហូបអាហារ, ផ្លែឈើ និងនំចំណីខ្មែរជាច្រើនមុខ ព្រមទាំងការសាកសួរទៅកាន់អាជីវករខ្មែរប្រកបដោយទឹកមុខរីករាយផងដែរ ។ ក្នុងចំណោមវីដេអូទាំងនេះ YouTuber ថៃទាំង២នាក់បានធ្វើដំណើរទៅកាន់ខេត្តក្រចេះ ប្រទេសកម្ពុជា និងនិយាយពាក្យខ្មែរខ្លះៗ ដូចជា ៖ ជម្រាបសួរ, អរគុណ, ប៉ុន្មាន និងឆ្ងាញ់ ទៅកាន់អាជីវករលក់បន្លែម្នាក់ ហើយពួកគេនិយាយថា ពលរដ្ឋខ្មែរគួរឱ្យស្រឡាញ់ទៀតផង ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeQM5Quj9Zp_8v0YDRO9jS1fWANfxa1K4rmTOgVrmYqvfivK9GhqX5ab1Zk7ODW5MI5Tp1Lnk6FaCE5RhuP9T2BK_JFIVNQkqWn-GSpVxRdGwagl2BY9DosR6rU_HJFtdVlb6QC4Sb_9moYtcFpfr9rSY1yfivp-NSDpSZgIn6FxVL1ObWMn1HmzQvBBY/s1280/photo_2024-04-19_13-46-24.jpg

    អ្នកលេងបណ្តាញសង្គមខ្មែរម្នាក់បានបញ្ចេញមតិទៅកាន់ YouTuber ថៃខាងលើ ដែលមាន Page ឈ្មោះ «TripTH ทริปไทยแลนด์» ថា ៖ «កម្ពុជាសូមស្វាគមន៍ អរគុណ ដែលធ្វើជាមិត្តជាមួយយើង អរគុណ សម្រាប់ការបង្ហាញនូវអ្វីដែលជាការពិតនៃប្រទេសកម្ពុជាយើងខ្ញុំ ។ ពួកយើងតែងតែចង់បង្កើតមិត្ត មិនថាជាតិសាសន៍ណាក៏ដោយ សូមស្វាគមន៍មកកាន់មាតុភូមិខ្មែរដោយក្តីរីករាយ» ។

    អ្នកលេងបណ្តាញសង្គមខ្មែរម្នាក់ទៀតនិយាយថា ៖ «អរគុណ សម្រាប់ការមកកាន់ទឹកដីកម្ពុជា និងការជួយផ្សព្វផ្សាយពីប្រទេសខ្ញុំដ៏សែនល្អ» ។ រីឯអ្នកលេងបណ្តាញសង្គមខ្មែរខ្លះទៀតនិយាយថា គេលើកឡើងពីចំណុចល្អៗនៅប្រទេសរបស់យើង ។ ហេតុនេះ យើងគួរតែនាំគ្នាសរសើរអ្នកធ្វើល្អ ដោយសារការបង្ហោះវីដេអូរបស់គេមិនបង្កជម្លោះ ឬរើសអើងជាតិសាសន៍ ៕