Home ព័ត៌មានអន្តរជាតិ ឪពុករួមគំនិតជាមួយសង្សារថ្មី ចាប់កូនស្រីអាយុ១ឆ្នាំ ចា.ក់បារ៉ត

ឪពុករួមគំនិតជាមួយសង្សារថ្មី ចាប់កូនស្រីអាយុ១ឆ្នាំ ចា.ក់បារ៉ត

101
0

ប្រទេសអាល្លឺម៉ង់ ៖ សារព័ត៌មានបរទេសបានរាយការណ៍កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ថា មានឪពុកចិត្ត សាហា.វឃោ.រឃៅ ម្នាក់បានរួមគំនិតជាមួយសង្សារថ្មី ចាប់កូនស្រីរបស់ខ្លួនអាយុត្រឹម១ឆ្នាំ ចាក់បារ៉តកម្រិតខ្លាំងចំនួន២ម្ជុល ដើម្បី សងសឹ.ក ដោយសារអតីតភរិយាបានសុំលែងលះ ។

សារព័ត៌មាន The Mirror រាយការណ៍ថា ជម្លោះក្នុងគ្រួសារដ៏ក្តៅគគុកនេះបានកើតឡើងនៅប្រទេសអាល្លឺម៉ង់ ហើយជនល្មើស គឺលោក Alexander K អាយុ៣០ឆ្នាំ បានចោទប្រកាន់អ្នកស្រី Kathrin K ជាអតីតភរិយា ថា បានបោះបង់ចោលលោកកាលពីឆ្នាំ២០២៣ គឺក្នុងអំឡុងពេលកូនស្រីរបស់ពួកគេកើតបានត្រឹមតែ៤ថ្ងៃប៉ុណ្ណោះ ។ ហេតុនេះ ធ្វើឱ្យលោកប្រឈមនឹងបញ្ហាយ៉ាងខ្លាំង និងមានរោគសញ្ញាផ្លូវចិត្តធ្ងន់ធ្ងរ ទើបលោកមានគំនិតសងសឹកអតីតភរិយា ។

កាលពីខែកក្កដា ឆ្នាំ២០២៣ លោក Alexander K ជាគិលានុបដ្ឋាយិកាបានប្រព្រឹត្តបទល្មើសជាមួយសង្សារថ្មីរបស់ខ្លួន ដែលជាគិលានុបដ្ឋាយិកាដូចគ្នា គឺអ្នកទាំងពីរបាននាំគ្នាទៅលួចយកកូនស្រីអាយុ១ឆ្នាំ ពីអតីតភរិយា ។ បន្ទាប់មក ពួកគេក៏ចាប់ផ្តើមធ្វើសកម្មភាព ដោយម្នាក់ជាអ្នកចាប់ក្មេង និងម្នាក់ទៀតជាអ្នកចាក់បារ៉ត ចំនួន២ម្ជុល ដើម្បីសម្លាប់ក្មេង ។

ក្រោយពីជនល្មើសទាំង២រូបចាប់ក្មេងស្រីចាក់បារ៉តរួចហើយ ក្មេងស្រីមានអាការៈឈឺចុកចាប់ភ្លាមៗ ប៉ុន្តែសំណាងល្អ អ្នកស្រី Kathrin K ជាម្តាយបានរកឃើញភាពខុសប្រក្រតីរបស់កូនស្រីទាន់ពេលវេលា ហើយអ្នកស្រីក៏ប្រញាប់បញ្ជូនកូនស្រីទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។ បន្ទាប់ពីសង្គ្រោះបន្ទាន់រួច លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ជាតិបារ៉តធ្វើទុក្ខខ្លាំង ។

ក្នុងអំឡុងពេលព្យាបាលកូនស្រី អ្នកស្រី Kathrin K ក៏បានទំនាក់ទំនង និងដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ដោយអ្នកស្រីនិយាយថា ៖ «ប្រសិនបើគ្រូពេទ្យពុំបានជួយសង្គ្រោះជីវិតកូនស្រីខ្ញុំទាន់ពេលវេលាទេនោះ ជាតិបារ៉តក្នុងរាងកាយនឹងសម្លាប់ទារកមិនខាន» ។

ក្រោយមក សមត្ថកិច្ចក៏បានចាប់ខ្លួនឪពុកឈ្មោះ Alexander K និងសង្សារថ្មី ព្រមទាំងចោទប្រកាន់ថា ជនល្មើសទាំង២នាក់ ព្យាយាមសម្លាប់ទារក ។ ក្នុងអំឡុងពេលសួរចម្លើយ លោក Alexander K សារភាពថា ៖ «ខ្ញុំធ្វើបែបនេះ ដោយសារចង់បំផ្លាញអតីតភរិយា ដើម្បីឱ្យនាងមានអារម្មណ៍ឈឺចាប់» ។ ក្រោយពីព័ត៌មាននេះបានចុះផ្សាយធ្វើឱ្យមហាជននៅប្រទេសអាល្លឺម៉ង់ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងខឹងសម្បារជាមួយទង្វើដ៏ឃោរឃៅរបស់បុរសជាឪពុក ៕