ប្រទេសថៃ ៖ ស្ថាប័នស្រាវជ្រាវ KKP Research បានចេញរបាយការណ៍មួយលើកឡើងអំពីឧបសគ្គនានាដែលឧស្សាហកម្មរថយន្តថៃត្រូវប្រឈមមុខ ដោយសារការវិនិយោគរបស់ចិនពុំផ្តល់លទ្ធផលល្អដល់ប្រទេសថៃទេ ។ របាយការណ៍នេះបញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុនផលិតរថយន្តចិន នឹងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មរថយន្តថៃក្នុងរយៈពេលវែង ហើយថៃនឹងពុំទទួលបានផលប្រយោជន៍ពីចិន ។
ស្ថាប័នស្រាវជ្រាវ KKP Research បានលើកឡើងនូវវិធានការចំនួន៦ចំណុច ដើម្បីឱ្យរដ្ឋាភិបាលថៃត្រៀមអនុវត្ត នៅពេលឧស្សាហកម្មរថយន្តថៃត្រូវប្រឈមមុខជាមួយឧបសគ្គ ៖
១-រដ្ឋាភិបាលថៃត្រូវយកចិត្តទុកដាក់លើបញ្ហាតម្លៃរថយន្ត ដោយសាររថយន្តអគ្គិសនីរបស់ ចិននឹងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មផលិតរថយន្តថៃ ដោយសារក្រុមហ៊ុនចិនមានសមត្ថភាពផលិតរថយន្តអគ្គិសនីលើសលប់ ហើយចិនអាចលក់រថយន្តអគ្គិសនីក្នុងតម្លៃថោកជាងរថយន្តអគ្គិសនីរបស់ប្រទេសផ្សេង ។
២-រថយន្តអគ្គិសនីចិនមិនត្រឹមតែប៉ះពាល់ដល់ទីផ្សាររថយន្តឯកជនថៃប៉ុណ្ណោះទេ ប៉ុន្តែវានឹងប៉ះពាល់ដល់ទីផ្សាររថយន្តមួយបាំងកន្លះរបស់ថៃផងដែរ ដែលថៃឧស្សាហកម្មរថយន្តថៃផ្អែកលើទីផ្សាររថយន្តមួយបាំងកន្លះ ។
កន្លងមក ប្រទេសចិនបាននាំចេញរថយន្តទៅក្រៅប្រទេស ក្នុងនោះរថយន្ត៧០% គឺជារថយន្តមួយបាំងកន្លះ ហើយរថយន្តមួយបាំងកន្លះរបស់ចិនអាចដណ្តើមចំណែកទីផ្សាររហូតដល់៨% ពីប្រទេសអូស្ត្រាលី ក្នុងរយៈពេលពី២ឆ្នាំ ទៅ៣ឆ្នាំ ។ ហេតុនេះ រថយន្តមួយបាំងកន្លះរបស់ថៃនឹងបាត់បង់ចំណែកទីផ្សារ ដូចរថយន្តអូស្ត្រាលីដែរ ។
៣-ក្រុមហ៊ុនរថយន្តចិនមកវិនិយោគផលិតរថយន្តនៅប្រទេសថៃ ពួកគេអាចមានគោលដៅប្រើប្រាស់ប្រទេសថៃសម្រាប់ធ្វើជាទីតាំងផលិតនាំចេញទៅក្រៅប្រទេស ច្រើនជាងការផលិតរថយន្តសម្រាប់លក់ក្នុងប្រទេសថៃ ។
៤-ផលប្រយោជន៍ផ្សេងៗដែលប្រទេសថៃនឹងទទួលបានពីការផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនចិនអាចទាបជាងរថយន្តទូទៅ ដោយសារត្រូវពឹងផ្អែកលើការនាំចូលគ្រឿងបន្លាស់សំខាន់ៗពីក្រៅប្រទេស ។
៥-ស្ថាប័នស្រាវជ្រាវ KKP Research បានស្នើឱ្យរដ្ឋាភិបាលថៃយកចិត្តទុកដាក់លើការអភិវឌ្ឍសក្តានុពលបច្ចេកវិទ្យារបស់ក្រុមហ៊ុនផលិតរថយន្តថៃ និងត្រួតពិនិត្យវិធានការគាំទ្ររថយន្តអគ្គិសនី ដើម្បីកុំឱ្យប៉ះពាល់ដល់ទីផ្សាររថយន្តថៃ ។
៦-ការវិនិយោគរបស់ក្រុមហ៊ុនផលិតរថយន្តចិននៅប្រទេសថៃ នឹងធ្វើឱ្យរោងចក្រផលិតរថយន្តក្នុងស្រុកបិទទ្វារជាបន្តបន្ទាប់ ប្រសិនបើរដ្ឋាភិបាលថៃគ្មានវិធានការដោះស្រាយជាមួយការវិនិយោគរបស់ចិនទេនោះ ។ ជាក់ស្តែង រថយន្តជប៉ុនបានបាត់បង់ចំណែកទីផ្សារ រហូតដល់ជាង១០% ក្នុងរយៈពេលត្រឹមតែ១ឆ្នាំប៉ុណ្ណោះ ហើយថៃនឹងបាត់បង់ចំណែកទីផ្សារដូចគ្នាដែរ ៕










