បរទេស៖ បុរសសំណាងជនជាតិអង់គ្លេសម្នាក់បានប្រទះឃើញកំណប់ទ្រព្យដ៏មានតម្លៃដោយចៃដន្យ នៅពេលដែលគាត់មុជទឹកលេងក្នុងទន្លេ ដោយបានរកឃើញដុំមាសសុទ្ធទម្ងន់ ១២១.៣ ក្រាម ត្រូវបានគេចាត់ទុកថាជាការរកឃើញដុំមាសសុទ្ធដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសអង់គ្លេស នេះបើយោងតាម CNN ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ។
លោក Richard Brock ដែលជាអ្នកមុជទឹកដ៏ជំនាញម្នាក់បានប្រទះឃើញដុំមាសដោយចៃដន្យចំនួនពីរបំណែក ដោយបំណែកទីមួយមានទម្ងន់ ៨៩.៦ ក្រាម និងបំណែកទីពីរមានទម្ងន់ ៣១.៧ ក្រាម នៅក្នុងទន្លេមួយក្បែរប្រទេសប្រទេសស្កុតឡេន ដូច្នេះបើសរុបទាំងពីរបំណែកនេះដុំមាសគឺមានទម្ងន់រហូតដល់ ១២១.៣ ក្រាម។ អ្នកជំនាញបានប៉ាន់ប្រមាណថា “មាសរួម” នេះអាចមានតម្លៃប្រហែល ១ លានដុល្លារអាមេរិក។
ជាមួយនឹងទម្ងន់បែបនេះ វាលើសពីការរកឃើញក្នុងឆ្នាំ ២០១៦ ដែលដុំមាស “Douglas Gold Nugget” មានទម្ងន់ត្រឹមតែ ៨៥.៧ ក្រាមប៉ុណ្ណោះ ហេតុនេះហើយការរកឃើញថ្មីៗនេះ ត្រូវបានគេចាត់ទុកថាជាការរកឃើញដ៏កម្រ និងត្រូវបានគេចាត់ទុកថាជាដុំមាសសុទ្ធដ៏ធំបំផុតរបស់ប្រទេសស្កុតឡែន និងអង់គ្លេស។ ទោះជាយ៉ាងណាការរកឃើញដុំមាសនេះមិនមែនជាការរកឃើញលើកដំបូងនោះទេ កាលពីមុនបុរសម្នាក់ដែលមានអាយុ ៤០ ឆ្នាំក៏ធ្លាប់បានរកឃើញដុំមាស Douglas ដ៏ធំមួយដែរប៉ុន្តែគាត់បានរក្សាវាទុកជាសម្ងាត់អស់រយៈពេល ២ ឆ្នាំមុនពេលដាក់បង្ហាញជាសាធារណៈ។ បន្ទាប់មកបុរសម្នាក់ទៀត ក៏ធ្លាប់បានរកឃើញរ៉ែមាសស្រដៀងគ្នានេះដែរ ដែលវាមានទម្ងន់ ៥៩ ក្រាមត្រូវបានគេរកឃើញនៅ Cornwall ក្នុងតំបន់សមុទ្រអង់គ្លេសដែលមានអាយុកាលតាំងពីឆ្នាំ ១៨០៨ ។
អ្នកជំនាញផ្នែកមាសលោក Neil Clark បាននិយាយថា មានជាង ៣០០ កន្លែង ដែលមាសអាចត្រូវបានរកឃើញនៅក្នុងប្រទេសស្កុតឡែន និងអង់គ្លេស ប៉ុន្តែសម្រាប់ការបញ្ជាក់អំពីប្រភពដើមនៃលោហៈធាតុគឺពិបាក។ លោកបានបន្ថែមថា៖ «វិធីតែមួយគត់ក្នុងការសាកល្បងថាមាសមួយដុំមកពីណាគឺកំណត់ទីតាំងនៃភាពមិនស្អាតនៅខាងក្នុងរបស់វា ហើយវាពិតជាពិបាកណាស់ »។ លើសពីនេះ ច្បាប់កម្មសិទ្ធិមាសរបស់ស្កុតឡែន ក៏អាចបង្កបញ្ហាដល់អ្នកស្វែងរកកំណប់ផងដែរ ព្រោះមាសភាគច្រើនជាកម្មសិទ្ធិរបស់រាជវង្សានុវង្ស ឬម្ចាស់ខ្លះនៅប្រទេសស្កុតឡែន។ ដូច្នេះហើយបុរសដែលបានរកឃើញ “មាស Fusion” សង្ឃឹមថាវានឹងត្រូវបានទិញដោយសារមន្ទីរជាតិនៃប្រទេសស្កុតឡែន ឬសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ៕










