ប្រទេសអង់គ្លេស ៖ បុរសអង់គ្លេសម្នាក់បានរត់កាត់ទ្វីបអាហ្វ្រិកពីទិសខាងត្បូង ទៅកាន់ទិសខាងជើងដំបូងគេនៅលើពិភពលោក ហើយលោកបានចំណាយពេលវេលារត់អស់ជិត១ឆ្នាំ និងឆ្លងកាត់ឧបសគ្គជាច្រើននៅតាមផ្លូវ ។ ប៉ុន្តែដោយសារលោកបានតាំងចិត្តថា នឹងសម្រេចគោលដៅឱ្យបាន ទើបលោកអាចឆ្លងផុតនូវឧបសគ្គទាំងនេះ ។
បុរសរូបនេះឈ្មោះ Russ Cook អាយុ២៧ឆ្នាំ រស់នៅទីក្រុង Worthing ប្រទេសអង់គ្លេស ។ លោកបានរត់ទៅដល់ចំណុចគោលដៅនៅទីក្រុង Bizerte ប្រទេសទុយនីស៊ី កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ។ វាជាការបញ្ចប់ការរត់ក្នុងចម្ងាយផ្លូវ ស្មើនឹង១ម៉ឺន៦ពាន់គីឡូម៉ែត្រ និងឆ្លងកាត់ប្រទេសចំនួន១៦ នៅទ្វីបអាហ្វ្រិក ។
លោក Russ Cook បានចំណាយពេលរត់ក្នុងចម្ងាយផ្លូវដ៏វែងឆ្ងាយ រហូតដល់ចំនួន៣៥២ថ្ងៃ ។ លោកត្រូវបានគេកត់ត្រាថា គឺជាមនុស្សដំបូងគេនៅលើពិភពលោក ដែលបានរត់ឆ្លងកាត់ទ្វីបអាហ្វ្រិក ចាប់ពីទិសខាងត្បូង ទៅទិសខាងជើងដោយជោគជ័យ ។
លោក Russ Cook ហៅខ្លួនឯងថា «Hardest Geezer» បានចាប់ផ្តើមរត់ពីតំបន់ Cape Agulhas នៅអាហ្វ្រិកខាងត្បូង កាលពីខែមេសា ឆ្នាំ២០២៣ ហើយលោកបានប្រាប់ខ្លួនឯងតាំងពីមុនពេលចាប់ផ្តើមបំពេញភារកិច្ចនេះថា ជីវិតរបស់លោកគ្មានអ្វីដែលគួរឱ្យសោកស្តាយឡើយ ។
លោកមានគោលបំណងរៃអង្គាសប្រាក់ដើម្បីផ្តល់ឱ្យអង្គការសប្បុរសធម៌ ហើយក្នុងអំឡុងពេលរត់នោះ លោកអាចប្រមូលប្រាក់បានជិត៧សែនផោន ។ លោកបានកត់ត្រា និងបង្ហោះរូបភាពផ្សេងៗពីការរត់របស់ខ្លួនក្នុងបណ្តាញសង្គម X, Instagram និង Youtube ហើយមានអ្នកចូលទស្សនារូបភាពទាំងនេះរាប់លាននាក់ ។
លោកប្រាប់ថា លោកជួបបញ្ហាជាច្រើននៅតាមផ្លូវ ដូចជា ៖ ផ្លាស់ប្តូរគម្រោង, ជួបចោរប្លន់, មានបញ្ហាសុខភាព និងបញ្ហាទិដ្ឋាការ ជាដើម ។ នៅពេលលោករត់បានចំនួន២០០ថ្ងៃ លោកក៏កាត់បន្ថយចម្ងាយផ្លូវរត់តាមការណែនាំរបស់គ្រូពេទ្យនៅប្រទេសហ្គេរីយ៉ា ។ ប៉ុន្តែនៅពេលលោកឈប់សម្រាកដើម្បីត្រួតពិនិត្យរាងកាយ គឺរកពុំឃើញថា លោកបាក់ឆ្អឹងទេ ។ ហេតុនេះ លោកបានប្រើថ្នាំបំបាត់ការឈឺចាប់កម្រិតខ្លាំង រួចហើយរត់បន្តទៀត ។
នៅទីបំផុត លោកក៏អាចរត់ទៅដល់ចំណុចគោលដៅចុងក្រោយ គឺនៅទីក្រុង Bizerte ប្រទេសទុយនីស៊ី ដែលជាតំបន់ខ្ពស់បំផុតនៅអាហ្វ្រិកខាងជើង ព្រមជាមួយអ្នកគាំទ្រជាច្រើននាក់ ។
លោកបញ្ជាក់ថា ការរត់នេះ គឺជាពេលវេលាដ៏លំបាកបំផុតនៅក្នុងជីវិត ។ ប៉ុន្តែលោកមានអារម្មណ៍ថា មានកិត្តិយសយ៉ាងខ្លាំង ដោយសារបានជួបមនុស្សម្នានៅគ្រប់ប្រទេស ព្រមទាំងទទួលបានក្តីស្រឡាញ់ និងការអាណិតអាសូរពីមនុស្សជាច្រើន ៕










