រយៈពេល២៧ឆ្នាំហើយ ដែលលោកយាយ Baba Vanga ហោរាសាស្រ្តដ៏ល្បីល្បាញទូទាំងសកលលោកបានចែកឋានទៅ ខណៈលោកយាយថា ពិភពលោកនឹងមកដល់ទីបញ្ចប់ក្នុងឆ្នាំ ៥០៧៨ ស្របពេលដែលព្រឹត្តិការណ៍សំខាន់ៗក៏បានលេចឡើងតាមពាក្យទំនាយរបស់លោកយាយជាបន្តបន្ទាប់។
លោកយាយ Baba Vanga ជនជាតិប៊ុលហ្គារី កើតក្នុងឆ្នាំ១៩១១ និងទទួលមរណៈភាពនៅឆ្នាំ ១៩៩៦ ក្នុងព្រះជន្ម ៨៥ឆ្នាំ។ កាលពីអាយុ១២ ឆ្នំាំ លោកយាយគឺបានជួបនៅឧបត្តវហេតុមួយដោយមិននឹកស្មានដល់ ដែលធ្វើឲ្យភ្នែកទាំង២របស់គាត់ងងឹតសូន្យឈឹងតែម្តង។ បន្ទាប់ពីនោះមក គាត់ក៏បានក្លាយទៅជាមនុស្សវិសេសម្នាក់ បើទោះបីជាភ្នែកមើលពុំឃើញអ្វីសោះក្នុងពេលកំពុងមានរស់រានជីវិតក៏ដោយ ប៉ុន្តែគាត់បែរមានភ្នែកទ័ព្វ អាចប្រមើលមើលឃើញអំពីព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោកនាពេលអនាគតជាច្រើនរឿងរាប់មិនអស់។
រឿងដែលលោកយាយធ្លាប់បានទាយទុកទាំងប៉ុន្មានក៏ត្រូវបានគេកត់ត្រាទុក ខណៈដែលព្រឹត្តិការណ៍មួយចំនួនធំក៏បានកើតឡើងទៅតាមពាក្យទំនាយរបស់លោកយាយពិតប្រាកដមែន។ ទើបជាហេតុនាំឲ្យពិភពលោក ចងចាំលោកយាយ Baba Vanga ថាជាហោរាសាស្រ្តដ៏មានឥទ្ធិពលមួយរូប និងរងចាំមើលហេតុការណ៍ទាំងល្អនិងអាក្រក់ដែលលោកយាយបានទស្សន៍ទាយទុក បន្តពីមួយជំនាន់ទៅមួយជំនាន់។
ព្រឹត្តិការណ៍ធំៗរបស់ពិភពលោកកាលពីពេលកន្លងទៅ ដែលលោកយាយបានទាយទុក ហើយក៏បានក្លាយជាការពិត ឈុតដូចជាពាក្យទំនាយមានដូចជា៖ ការដួលរលំរបស់សហភាពសូវៀតក្នុងឆ្នាំ១៩៩១, ការបរាជ័យនៃសេដ្ឋកិច្ចនៅអ៊ឺរ៉ុប, ភេរវកម្មអ៊ីស្លាម, ការយាងចូលទិវង្គត់របស់ម្ចាស់ក្សត្រី Diana, និងសង្គ្រាមនៅអ៊ុយក្រែនជាដើម។
យោងតាមប្រភពសារព័ត៌មានអន្តរជាតិ 7News និង NDTV News ក៏បានចុះផ្សាយអំពី ពាក្យទំនាយរបស់លោកយាយ Baba Vanga ភ្នែកទ័ព្វ សម្រាប់ឆ្នាំ២០២៤នេះផ្ទាល់តែម្តង ថានឹងកើតមានព្រឹត្តិការណ៍ធំៗទាំងល្អនិងអាក្រក់នៅលើពិភពលោកចំនួន ៧ រឿងរួមមាន៖
១ របកគំហើញផ្នែកវេជ្ជសាស្រ្ត៖ លោកយាយព្យាករណ៍ថា នៅឆ្នាំនេះរបកគំហើញដ៏វិសេសវិសាលនៃផ្នែកវេជ្ជសាស្រ្ត ក្នុងការព្យាបាលជំងឺដ៏កាចសាហាវមួយចំនួន ជាពិសេសគឺជំងឺមហារីក ជំងឺភ្លេចភ្លាំងជាដើម ត្រូវបានគេរកឃើញនិងជាការអស់បារម្ភសម្រាប់មនុស្សជាតិ។
២ ការរីកចម្រើននៃបច្ចេកវិទ្យា៖ បច្ចេកវិទ្យានឹងមានការវិវត្តន៍ឈានឡើងជាលំដាប់ រួមទាំងរបកគំហើញដ៏ធំនៃការគណនា Quantum ដែលគេហៅថា «កង់ទិច» នឹងអង្រួននៅក្នុងវិស័យឧស្សាហកម្ម ដោយសង្កត់ធ្ងន់លើប្រព័ន្ធអ៊ីនធើណែត និងផ្នែកហិរញ្ញវត្ថុ។
ទោះជាយ៉ាងណា ក៏នៅមានព្រឹត្តិការណ៍តក់ស្លុតមួយចំនួនដែលលោកយាយបានទាយទុកសម្រាប់ឆ្នាំ២០២៤នេះមានដូចជា៖
៣ ឧក្រិដ្ឋកម្មបច្ចេកវិទ្យា៖ ស្របពេលដែលមានការវិវត្តិនៃបច្ចេកវិទ្យា លោកយាយក៏បានទាយថា ការឆបោកតាមរយៈប្រព័ន្ធអ៊ីនធើណែតនឹងមានការកើនឡើងខ្លាំង ទាំងពួក Hacker បណ្តាញកុំព្យូទ័រ ចោះចូលគ្រប់គ្រងទិន្នន័យ និងគណនីធនាគារផ្សេងៗ ដែលនឹងគំរាមកំហែងដល់សន្តិសុខពិភពលោកកាន់តែធ្ងន់ធ្ងរសម្រាប់ឆ្នាំ២០២៤នេះ។
៤ វិបត្តិសេដ្ឋកិច្ច៖ លោកយាយ Baba Vanga បានលើកឡើងថា មនុស្សជាតិនៅទូទាំងពិភពលោកបានប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ២០២៣ ហើយវាគឺកាន់តែបន្តធ្ងន់ធ្ងរឡើងនៅឆ្នាំ២០២៤ ស្របពេលដែលវិបត្តិសេដ្ឋកិច្ចសកលលោកកាន់តែអាក្រក់ទៅៗ។ ជាមួយគ្នានេះក៏នៅមានភាពតានតឹងខ្លាំងផ្នែកភូមិសាស្រ្តនយោបាយ និងការផ្លាស់ប្តូរអំណាចពីលោកខាងលិចទៅលោកខាងកើត តួយ៉ាងការប្រជែងអំណាចគ្នារវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកអាមេរិកនិងចិនបច្ចុប្បន្នកំពុងតែឡើងកម្តៅខ្លាំង។
៥ គ្រោះធម្មជាតិកាន់តែអាក្រក់ទៅៗ៖ ពិភពលោកកំពុងតែផ្លាស់ប្តូរ ភាពចលាចល និងគ្រោះមហន្តរាយបរិស្ថានបន្តកើនឡើង។ លោកយាយបានព្យាករណ៍ថា គន្លងរបស់ផែនដីនឹងផ្លាស់ប្តូរតាមរបៀបដែលអាចផ្លាស់ទីវាទៅជិតព្រះអាទិត្យ ធ្វើឱ្យផ្ទាំងទឹកកករលាយ កម្រិតទឹកសមុទ្រកើនឡើង ឬសូម្បីតែកម្រិតវិទ្យុសកម្មកើនឡើង។
៦ ការវាយប្រហារភេរវកម្មកើនឡើង៖ លោកយាយព្យាករណ៍ថានឹងមានការកើនឡើងនៃការប្រើប្រាស់អាវុធបំផ្លិចបំផ្លាញដោយអះអាងថា “ប្រទេសមហាអំណាចណាមួយ” នឹងធ្វើការសាកល្បងអាវុធ និងការវាយប្រហារ បណ្តាលឲ្យមានកើនឡើងនៃអំពើភេរវកម្មនៅទ្វីបអឺរ៉ុប។
៧ ការប៉ុនប៉ងធ្វើឃាតមេដឹកនាំរុស្សី (លោកវ្លាដឺមៀល ពូទីន)៖ ស្របពេលដែលសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែននៅតែបន្តក្តៅគគុក បើតាមពាក្យទំនាយរបស់លោកយាយថា មេដឹកនាំរុស្សីរូបនេះនឹងមានអ្នកលួចធ្វើឃាត ហើយអ្នកដែលធ្វើឃាតគឺជាបុរសជនជាតិរុស្សីផ្ទាល់តែម្តង៕










