Home ព័ត៌មានអន្តរជាតិ ថៃពិនិត្យគុណភាពទឹកក្រោយសារធាតុគីមី៣០តោនហូរចូលក្នុងទន្លេមេគង្គ

ថៃពិនិត្យគុណភាពទឹកក្រោយសារធាតុគីមី៣០តោនហូរចូលក្នុងទន្លេមេគង្គ

56
0

ប្រទេសថៃ ៖ អាជ្ញាធរថៃបានត្រួតពិនិត្យគុណភាពទឹកទន្លេមេគង្គ នៅតំបន់គែងឃុតឃូ ស្ថិតក្នុងខេត្តលឺយ ក្រោយពីរថយន្តដឹកសារធាតុគីមីក្រឡាប់នៅទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ និងបណ្តាលឱ្យសារធាតុគីមីទាំងនេះហូរចូលក្នុងទន្លេខាន ដែលជាដៃរបស់ទន្លេមេគង្គ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃឈ្មោះ Thai PBS កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ។

កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ រថយន្តដឹកសារធាតុគីមី១គ្រឿង បានក្រឡាប់នៅទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ ហើយបណ្តាលឱ្យសារធាតុគីមីស្មើជាង៣០តោន ហូរចូលក្នុងទន្លេមេគង្គ ។ បើតាមការត្រួតពិនិត្យជំហានដំបូងឱ្យដឹងថា សារធាតុគីមីដែលហូរចូលក្នុងទន្លេមេគង្គ គឺជាប្រភេទ Sulfuric Acid ឬអាស៊ីតស៊ុលហ្វួរីក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZyNK_KFU37Q8g-uzu3HSAGAcCLBmvPob4AyMTHUJCTZqhoUonSrkioxD10aw3TEmBhgw_vzynkroduCXhniIsvs5ZpcEVbBRztI2MBDpbgonYXZ_I-w0JVaNQGoPiVzc3fO50vTPlvKcK9zfTLLx9z-od2oozhcEgRRr8iSq7d9PQReAlrKidCKcUP9c/s770/TSNBg3wSBdng7ijMhanZL4EkQJOuGVLNKez1VKXm23D.jpg

នៅចំណុចបរិវេណសារធាតុគីមីហូរចូលក្នុងទឹកទន្លេមេគង្គ អាជ្ញាធរឡាវបានជូនដំណឹងទៅកាន់ពលរដ្ឋទាំងអស់ ហាមចុះលេងទឹកទន្លេ និងចាប់សត្វក្នុងទឹកមកបរិភោគជាដាច់ខាត ដើម្បីការពារកុំឱ្យពលរដ្ឋកើតគ្រោះថ្នាក់ផ្សេងៗ ។

ក្រុមអាជីវករលក់ម្ហូបអាហារនៅបរិវេណឆ្នេរណាងខយ ស្ថិតនៅភូមិហាតហ៊ែ ឃុំប៉ាកតុម ស្រុកឈៀងខាន ខេត្តលឺយ ប្រទេសថៃ ព្រួយបារម្ភថា ពួកគេនឹងរងផលប៉ះពាល់ ដោយសារស្រុកឈៀងខាន ជាពិសេស នៅឃុំប៉ាកតុម គឺជាចំណុចដំបូងគេ ដែលទឹកទន្លេមេគង្គក្នុងប្រទេសឡាវហូរចូលមក ។ ហេតុនេះ ពួកគេចង់សំណូមពរឱ្យអាជ្ញាធរយកទឹកទន្លេនេះទៅត្រួតពិនិត្យមើលថា តើវាមានលាយឡំសារធាតុគីមីឬក៏អត់ ដើម្បីឱ្យអ្នកស្រុកមានទំនុកចិត្ត ។

លោក គិទិឃុន បុត្រឃុន អភិបាលរងខេត្តលឺយ បញ្ជាក់ថា បច្ចុប្បន្ន មន្ត្រីសុខាភិបាល និងស្ថាប័នពាក់ព័ន្ធបានចុះក្នុងតំបន់ ដើម្បីយកទឹកទន្លេមេគង្គនៅតំបន់គែងឃុតឃូ មកត្រួតពិនិត្យមើលគុណភាពទឹក ដើម្បីបង្កើតទំនុកចិត្តដល់ពលរដ្ឋរស់នៅក្នុងតំបន់ និងអ្នកអាជីវករផងដែរ ។ អាជ្ញាធរថៃប៉ាន់ស្មានថា ត្រូវចំណាយពេលវេលាជិត១សប្តាហ៍ ទើបសារធាតុគីមីក្នុងទឹកទន្លេមេគង្គនៅប្រទេសឡាវ ហូរមកដល់ស្រុកឈៀងខាន ខេត្តលឺយ ប្រទេសថៃ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMXsE9FyCvw9_uFGgpRmLtAYXl9fwcraA33yEoIutol-m8IJhiCQkrqW87M4g2h-I8XnpYqF58dVKMpY3VBb4tnWFxPxGDB4SlANT9uWT_aqnGjF7a3ixYvZv0QanlYnCB6VOonSDJeF5AJ634HNbgZ9Q6qJiiDX4C-QujB_7x5pHDGlZPE_z8ZgC3O_o/s1440/2aYqS0l4EOhseuUiT0DEEi5nNkw1emsc.jpg

កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ លោក ឆ័យយ៉ាឆូត ចារុងផុង អភិបាលខេត្តលឺយ ថ្លែងថា ហេតុការណ៍រថយន្តផ្ទុកសារធាតុគីមីក្រឡាប់នៅទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ បានធ្វើឱ្យអ្នកស្រុកព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេស អ្នករស់នៅស្រុកឈៀងខាន ។ ស្រុកឈៀងខាន គឺជាចំណុចទទួលទឹកពីប្រទេសឡាវដំបូងគេ ហើយទឹកលាយឡំសារធាតុគីមីនេះ នឹងហូរមកដល់ស្រុកឈៀងខាន នៅថ្ងៃទី៨ ខែមេសា ។

ហេតុនេះ លោកអភិបាលខេត្តលឺយ បានបញ្ជាឱ្យមន្ត្រីសុខាភិបាល និងមន្ត្រីជលផល យកទឹកនៅតំបន់គែងឃុតឃូ ទៅត្រួតពិនិត្យរកអាស៊ីត ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១២ ខែមេសា ។ រីឯលទ្ធផលត្រួតពិនិត្យគុណភាពទឹកនាពេលកន្លងមកបង្ហាញថា វាមានសភាពធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5_Mo95LF7vnhZ0Z2T62ubMfV-xDXns52stBzYoEr34NEijlzaadsIJKi771gsnLBP92MjMTiBob9QljCe1sdNUq0la9OTsyvZJPwSoZM2gEBLOpnqwTsZtxqDMUNqZ9yPbaZgPHhu7Ox52lsxEL2BrxjSQCcxH-l1S_NrL6K3i23y2JdKojQZgQ4zbZU/s761/TSNBg3wSBdng7ijMhanZL4EkQJOuGVRliYwoNCEpDL5.jpg

លោក ឆ័យយ៉ាឆូត ចារុងផុង អភិបាលខេត្តលឺយបន្តថា បើទោះជាបច្ចុប្បន្ន ស្ថានភាពទឹកទន្លេមេគង្គមានសភាពធម្មតាក្តី ប៉ុន្តែដើម្បីឱ្យពលរដ្ឋក្នុងតំបន់ និងភ្ញៀវទេសចរមានទំនុកចិត្ត លោកបានទំនាក់ទំនងទៅកាន់មន្ទីរបរិស្ថាន ដើម្បីឱ្យយកទឹកនេះទៅត្រួតពិនិត្យបន្ថែមទៀត ។

បើតាមទិន្នន័យរបស់នាយកដ្ឋានវិទ្យាសាស្ត្រនៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបញ្ជាក់ថា អាស៊ីតស៊ុលហ្វួរីក (Sulfuric Acid) មានសភាពរាវថ្លា, ស្រដៀងនឹងប្រេង, គ្មានពណ៌ និងគ្មានក្លិន ។ វាជាសារធាតុគីមីដែលត្រូវបានគេយកទៅប្រើប្រាស់ក្នុងឧស្សាហកម្មគីមីផ្សេងៗ ដូចជា ៖ ប្រើប្រាស់សម្រាប់ផលិតជីគីមី, ការសំយោគគីមី និងប្រើប្រាស់ជាមួយទឹកស្អុយ ៕