ទឹកចិត្តស្រលាញ់សិល្បៈបុរាណខ្មែរ បានលេចឡើងនៅក្នុងផ្នត់គំនិតរបស់ក្មេងស្រីតូចច្រឡឹងម្នាក់ យំផងទ្រាំផង ក្នុងការហាត់រៀនពត់ខ្លួន រាំរបាំប្រពៃណីខ្មែរ ប្រកបដោយភាពអំណត់តស៊ូ ដើម្បីក្លាយជាអ្នកបន្តវេន ស្នងដំណែងរបាំបុរាណដែលជាព្រលឹងរបស់ដូនខ្មែរ។
ថ្មីៗនេះវីដេអូចែកចាយពីនៅលើហ្វេសបុកផេក «ព្រះកាយច័ន្ទ ក្លឹប» គឺបានបង្ហាញឲ្យឃើញអំពីការអំណត់អត់ធ្មត់ ការតាំងចិត្តខ្ពស់របស់ក្មេងស្រីតូចម្នាក់ ហេតុតែស្រលាញ់សិល្បៈរបាំខ្មែរខ្លាំងពេក ហាត់រៀនរបាំទាំងសម្រក់ទឹកភ្នែក ប៉ុន្តែមានតែពាក្យថាទ្រាំមិនរារែក ដែលសបញ្ជាក់អំពីផ្នត់គំនិតកូនស្រីខ្មែរដ៏ល្អប្រពៃ។
ដូចដែលយើងគ្រប់គ្នាបានដឹងបានឃើញមកហើយថា របាំប្រពៃណីខ្មែរ គឺមានជាច្រើនប្រភេទខុសៗគ្នាទៅតាមការសម្តែងនិងអត្ថន័យបង្កប់នីមួយៗ ប៉ុន្តែអ្វីដែលជាលក្ខណៈដូច គឺរបាំនីមួយៗសុទ្ធតែបង្កប់នូវភាពទន់ភ្លន់សុភាពរាប់សារ ព្រមជាមួយនឹងកាយវិការល្វត់ល្វន់ គួរជាទីទាក់ភ្នែកបំផុត ជាពិសេសគឺរបាំអប្សរា។ ជាមួយគ្នានេះ តួសម្តែងគឺត្រូវតែមានការហ្វឹកហាត់ លត់ដំខ្លួនឯងឲ្យខ្លាំងបំផុត ទាំងដៃ ជើងនិងដងខ្លួនទាំងមូល ដើម្បីឲ្យការសម្តែងទទួលបាននូវភាពល្អឥតខ្ចោះ ទាក់ភ្នែកអ្នកទស្សនា។
ខណៈដែលក្មេងស្រីតូចម្នាក់នេះពិតជាមានមនសិការខ្ពស់ ព្រមជាមួយនឹងឆន្ទៈយ៉ាងមោះមុតក្នុងការបន្តជួយថែរក្សារបាំខ្មែរ និងបន្តវេនឲ្យសិល្បៈវប្បធម៌ មានតម្លៃដែលមិនអាចកាត់ថ្លៃបាន។ ជាមួយគ្នា តាមរយៈ វីដេអូដែលបានចែកចាយ ក៏បានក្លាយទៅជាការពេញចិត្តក្នុងចំណោមមហាជនជាច្រើន បានផ្តល់នូវកម្លាំងចិត្ត និងស្ងើចសរសើរអំពីការខិតខំតស៊ូរបស់ក្មេងស្រីម្នាក់នេះមិនដាច់ពីមាត់គ្រប់ៗគ្នាផងដែរ៕










