បរទេស៖ លោក John Alfred Tinniswood អាយុ ១១១ ឆ្នាំត្រូវបានទទួលស្គាល់ដោយ Guinness World Records ថាជាមនុស្សចាស់ជាងគេបំផុតនៅលើពិភពលោក។
កំណត់ត្រានេះត្រូវបានបង្កើតឡើងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីលោក Juan Vicente Pérez ដែលមានអាយុ ១១៤ ឆ្នាំនៅប្រទេស Venezuela បានទទួលមរណភាព។ លោក John Alfred Tinniswood ដែលកើតនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩១២ ក្នុងទីក្រុង Liverpool ប្រទេសអង់គ្លេស ត្រូវបានចៅក្រម Megan Bruce របស់ Guinness World Records ផ្តល់វិញ្ញាបនបត្រដើម្បីបញ្ជាក់ថាគាត់ជាមនុស្សចាស់ជាងគេបំផុតនៅលើពិភពលោក ក៏ដូចជាបានបង្ហាញនិងស្វែងយល់បន្ថែមអំពីអាយុវែងរបស់គាត់។
ទោះបីជាគាត់មានវ័យចំណាស់ក៏ដោយ John នៅតែអាចបំពេញកិច្ចការប្រចាំថ្ងៃភាគច្រើនដោយឯករាជ្យ ដែលគាត់តែងតែក្រោកពីដំណេកដោយគ្មានជំនួយ ស្តាប់វិទ្យុដើម្បីទទួលបានព័ត៌មានថ្មីៗ និងគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់គាត់។ យោងតាមលោក John អាថ៌កំបាំងនៃអាយុវែងរបស់គាត់គឺ “សំណាង”។ លោក John បាននិយាយថា គាត់មិនបានធ្វើតាមរបបអាហារពិសេសណាមួយទេ។ បុរសចំណាស់រូបនេះក៏បានបន្តទៀតថា “គាត់តែងតែញ៉ាំអាហារគ្រប់យ៉ាងទាំងអស់ដែលអ្នកផ្ទះផ្តល់ឱ្យគាត់ ហើយមិនមានរបបអាហារពិសេសណាមួយទេ” ។
ទោះជាយ៉ាងណា លោកតា John មិនងាយជក់បារី ហើយកម្រផឹកស្រាណាស់។ ចំពោះដំបូន្មានរបស់លោកសម្រាប់ក្មេងជំនាន់ក្រោយគឺត្រូវរក្សារបៀបរស់នៅកម្រិតមធ្យម ហើយព្យាយាមឱ្យអស់ពីសមត្ថភាពជានិច្ច។ លោកតា John គឺជាបុរសចំណាស់ជាងគេបំផុតដែលនៅរស់រានមានជីវិតពីសង្គ្រាមលោកលើកទី ២ នៅលើពិភពលោក។ ទោះជាយ៉ាងណា John ដែលបច្ចុប្បន្នមានអាយុ ១១១ ឆ្នាំ និងលោក Juan ដែលទើបមរណភាពនៅអាយុ ១១៤ ឆ្នាំមិនមែនជាបុរសចំណាស់ជាងគេបំផុតលើលោកនោះទេ។
បុរសដែលចំណាស់ជាងគេបំផុតមិនធ្លាប់មាននោះគឺ Jiroemon Kimura ដែលរស់នៅក្នុងប្រទេសជប៉ុន ដោយគាត់កើតនៅឆ្នាំ១៨៩៧ និងបានមរណភាពនៅឆ្នាំ ២០១៣ ក្នុងអាយុ ១១៦ ឆ្នាំ។ រីឯស្ត្រីដែលរស់នៅបានយូរជាងគេបំផុតលើពិភពលោក និងមានអាយុវែងជាងគេបំផុតនោះ គឺលោកយាយ Maria Branyas Morera មកពីប្រទេសអេស្ប៉ាញ ដែលថ្មីៗនេះបានប្រារព្ធខួបកំណើតគម្រប់ ១១៧ ឆ្នាំរបស់គាត់៕










