ពិធីបុណ្យសង្ក្រាន្ត ឆ្នាំ២០២៤ ខិតជិតមកដល់ហើយ ដោយមនុស្សជាច្រើនបានកំពុងរៀបចំផែនការធ្វើដំណើរសម្រាប់ថ្ងៃសង្ក្រាន្តដូចជាទៅលេងស្រុកកំណើតជួបជុំបងប្អូន ឬលែងល្បែងប្រជាប្រិយជាដើម ទោះជាយ៉ាងណានៅឆ្នាំនេះអាកាសធាតុគឺពិតជាក្តៅខ្លាំងណាស់ ដូច្នេះសម្រាប់មិត្តនារីដែលមានគម្រោងធ្វើដំណើរកម្សាន្តក្នុងថ្ងៃសង្ក្រាន្ត ឬចូលរួមលេងសង្ក្រាន្ត សូមកុំប្រហែសធ្វើរឿងទាំងនេះឱ្យសោះបើមិនចង់ឱ្យខូចស្បែក។
១.ហាមស្លៀកពាក់ខ្លីៗ៖ ពន្លឺព្រះអាទិត្យអាចបណ្តាលឱ្យខូចស្បែកដោយសារកាំរស្មីអ៊ុលត្រាវីយូឡេ ឬកាំរស្មីយូវីនៅក្នុងពន្លឺព្រះអាទិត្យគឺពិតជាអាក្រក់ខ្លាំង ដែលងាយធ្វើឱ្យខូចស្បែក និងងាយធ្វើឱ្យស្បែកកាន់តែយ៉ាប់យ៉ឺន រួមទាំងធ្វើឱ្យបាត់បង់កូឡាជែន ស្បែកប្រែពីរឹងទៅស្ងួតជ្រីវជ្រួញ ដែលបណ្តាលឱ្យបាត់បង់ទំនុកចិត្ត។ ដូច្នេះបើយោងតាមវេជ្ជបណ្ឌិតកែសម្ផស្សជនជាតិថៃបានព្រមានថា ប្រសិនបើនារីៗចង់ចូលរួមលេងសង្ក្រាន្តគឺហាមដាច់ខាតកុំឱ្យស្លៀកពាក់ខ្លីៗឱ្យសោះ ដោយអាកាសធាតុក្តៅបែបនេះអ្នកគួរតែស្លៀកសម្លៀកបំពាក់វែងៗ ឬបើចង់ស្លៀកខ្លី អ្នកគួរតែលាបក្រែមផ្តល់សំណើមជាមុនសិន ដើម្បីឱ្យស្បែកមានសំណើម បន្ទាប់មកលាបឡេការពារកំដៅថ្ងៃចុងក្រោយ ហើយអ្វីដែលសំខាន់បំផុតនោះគឺអ្នកត្រូវតែលាបវារៀងរាល់ ២ ម៉ោងម្តង។
២.ហាមលេងជះទឹក៖ ក្រៅពីពន្លឺថ្ងៃ អ្វីដែលអ្នកត្រូវប្រយ័ត្ននោះគឺការលេងជះទឹក យើងមិនអាចដឹងទេថាទឹកទាំងនោះស្អាតឬក៏អត់នោះទេ ប្រសិនបើទឹកនោះស្អាតគឺមិនអីឡើយ តែប្រសិនបើទឹកមិនស្អាតល្អនោះនឹងធ្វើឱ្យស្បែករបស់អ្នកងាយប្រតិកម្មផ្សេងៗ ដូចជារមាស់ មានកន្ទួលក្រហម ហើយអាចបណ្តាលឱ្យបាក់តេរីជ្រៀតចូលស្បែករបស់អ្នកយ៉ាងឆាប់រហ័សបំផុត ធ្វើឱ្យស្បែកប្រែជាស្ងួត បាត់បង់កូឡាជែន មានស្នាមជាំ អាចម៍រុយលើស្បែកជាដើម។ ដូច្នេះហើយ មុននឹងចូលរួមលេងសង្ក្រាន្ត អ្នកគួរតែចិញ្ចឹមស្បែកឱ្យរឹងមាំ ដោយប្រើ Skin Barrier ដើម្បីពង្រឹងរបាំងការពារស្បែក ជួយឱ្យស្បែករបស់អ្នកមិនងាយប្រតិកម្មពីការប៉ះពាល់នឹងភាពកខ្វក់ ពន្លឺព្រះអាទិត្យ និងការបំពុលផ្សេងៗ។
លើសពីនេះវេជ្ជបណ្ឌិតកែសម្ផស្សក៏បានព្រមានដែរថា នៅរដូវក្តៅបែបនេះការលែងសង្ក្រាន្តនៅពេលថ្ងៃអាចប្រឈមនឹងជំងឺឆ្លងផ្សេងៗ ដោយសារប្រព័ន្ធភាពស៊ាំរបស់យើងនឹងទន់ខ្សោយ ដូច្នេះអ្នកគួរលែងនៅពេលល្ងាច ឬបើលេងពេលថ្ងៃគួរឈរក្រោមម្លប់ត្រជាក់ ហើយលើសពីនេះអ្នកក៏គួរចៀសវាងអាហារដែលមានជាតិខ្លាញ់ច្រើន អាហារកែច្នៃ ភេសជ្ជៈដែលមានជាតិស្កខ្ពស់ និងភេសជ្ជៈដែលមានជាតិអាកុល ដោយងាកមកទទួលទានអាហារដែលមានសារៈសំខាន់ដល់សុខភាពដូចជាបន្លែបៃតងផ្លែឈើនិងទឹកចម្រុះជាដើម។ ទន្ទឹមនឹងនេះ នៅពេលដែលអ្នកបញ្ចប់ការលែងសង្ក្រាន្ត ឬពេលដែលអ្នកបានសម្រាកនៅផ្ទះ អ្នកគួរប្រើម៉ាសបិទមុខ ដើម្បីឱ្យស្បែកត្រជាក់ និងកាត់បន្ថយការរលាក៕










