Home ព័ត៌មានអន្តរជាតិ ផ្ទុះការចាប់អារម្មណ៍! ឆេងម៉េងត្រកូលអភិជនចិន ដុតក្រដាសសែនកុងម៉ា ផ្អើលអស់ឋានទាំង៣

ផ្ទុះការចាប់អារម្មណ៍! ឆេងម៉េងត្រកូលអភិជនចិន ដុតក្រដាសសែនកុងម៉ា ផ្អើលអស់ឋានទាំង៣

296
0

ថ្មីៗនេះ រីដេអូចែកចាយពីបណ្តាញសង្គម គឺបានបង្ហាញឲ្យឃើញថា ពិធីបុណ្យឆេងម៉េងទំនងជារបស់ខ្សែស្រឡាយកំពូលអភិជនចិន បានប្រារព្ធឡើងយ៉ាងគគ្រឹកគគ្រេង ហើយក៏បានក្លាយជាប្រធានបទគួរជាទីចាប់អារម្មណ៍ក្នុងចំណោមមហាជនគ្រប់ៗរូប។

ពិធីបុណ្យឆេងម៉េង ជារៀងរាល់ឆ្នាំត្រូវបានគេប្រារព្ធឡើងធំរយៈពេលមួយថ្ងៃ អាចត្រូវនឹងថ្ងៃទី ៤,៥,៦ ខែមេសា ឬពេលខ្លះអាចធ្វើឡើងមុនថ្ងៃទាំងនេះបន្តិចបន្តួច តាមទំនៀមទម្លាប់របស់គ្រួសារខ្សែស្រឡាយចិននីមួយៗ។ នៅអំឡុងថ្ងៃឆេងម៉េង គ្រួសារចិននឹងទៅលេងផ្នូររបស់បុព្វបុរសពួកគេ ដើម្បីធ្វើការសម្អាតផ្នូរនិងគោរពបូជាផ្សេងៗ។ ជាមួយគ្នានោះ ដើម្បីប្រារព្ធកិច្ចពិធី គេក៏ត្រូវមានដង្វាយជាម្ហូបអាហារ មាន់ស្ងោរ ជ្រូកខ្វៃ ផ្លែឈើ នំចំណីផ្សេងៗទៅតាមលទ្ធភាពរៀងៗខ្លួន អមជាមួយនឹងក្រដាសអុជសែនដូនតាក្នុងរូបរាងជាលុយ ផ្ទះ មាស ប្រាក់កែវកងជាដើម ដោយគេជឿថា ការដុតសម្ភារៈទាំងនេះ ដើម្បីធានាថាវិញ្ញាណរបស់អ្នកស្លាប់អាចចាប់ជាតិថ្មីជាមួយនឹងជីវិតដ៏ល្អប្រពៃនិងសប្បាយហូរហ៊ា។

យ៉ាងណាមិញ វីដេអូនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ គឺបានបង្ហាញឲ្យឃើញថា គ្រួសារខ្សែស្រឡាយចិនព្រមទាំងជាកំពូលអភិជន (មិនបានបញ្ជាក់ទីតាំង) គឺបានប្រារព្ធបុណ្យឆេងម៉េងនេះយ៉ាងមហាឡារិកបំផុតស្ទើរតែមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត ដែលបានធ្វើឲ្យមនុស្សគ្រប់ៗគ្នាស្ញប់ស្ញែងមិនដាច់ពីមាត់។ ព្រោះថា ក្រៅតែពីមានការសែនព្រេននូវម្ហូបអាហារនំចំណីដ៏ច្រើនពោរពាសហើយ អ្វីដែលគួរជាទីចាប់អារម្មណ៍ខ្លាំងបំផុត គឺឃើញថាមានក្រដាសដុតសែនកុងម៉ាយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងរូបរាងជាសម្ភារៈស្ទើរតែគ្រប់មុខ និងស្ទើរតែបង្កើតបានជាភូមិមួយរួមមានទាំង រថក្រោះ សំពៅ ឡាន ម៉ូតូ ពូក កៅអី សាឡុង ម៉ាស៊ីនត្រជាក់ ផ្ទះ យន្តហោះជាដើម នៅក្នុងទំហំធំៗ ហើយបើសរុបរបស់របរទាំងអស់នេះវិញ ប្រហែលអាចមានរហូតដល់ទៅរាប់ពាន់គ្រឿងឯណ្ណោះ ដើម្បីដុតសែនថ្វាយបុព្វបុរសរបស់ពួកគេ។

គួរបញ្ជាក់ថា ពិធីបុណ្យឆេងម៉េង ឬភាសាចិន ហៅថា QingMing ដែលត្រូវបានគេស្គាល់ថាជាទិវាបញ្ចុះសព និងជាទិវាឧទ្ទិសកុសលដល់ដូនតា របស់ខ្សែស្រឡាយកាត់ចិន។ បុណ្យឆេងម៉េង គឺជាប្រពៃណីរបស់ប្រទេសចិន ហើយគេសង្កេតឃើញថា បានមានការប្រារព្ធពិធីនេះឡើងពីសំណាក់ជនជាតិចិនដីគោក ហុងកុង ម៉ាកាវ តៃវ៉ាន់ រួមទាំងប្រទេសអាស៊ីផ្សេងទៀត ដូចជា កម្ពុជា ថៃ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ីជាដើម៕