កូរ៉េខាងត្បូង៖ Kim Soo-hyun គឺជាតារាសម្តែងប្រុសជួរមុខដ៌ល្បីល្បាញបំផុតក្នុងឧស្សាហកម្មកម្សាន្តកូរ៉េខាងត្បូង ដែលគាត់តែងតែបង្ហាញសកម្មភាពនៅលើកញ្ចក់ទូរទស្សន៍អស់រយៈពេលជាង ១០ ឆ្នាំមកហើយ។ ដោយសារទេពកោសល្យដ៏អស្ចារ្យរបស់គាត់ ជាមួយនឹងភាពល្អឥតខ្ចោះទាំងរូបរាង សមត្ថភាព និងឥរិយាបថ បានធ្វើឱ្យកំពូលតារាសម្ដែងដ៏មានឥទ្ធិពលរូបនេះ ទទួលបានតំណែងជាតារាដែលមានតម្លៃខ្លួនថ្លៃបំផុតនៅក្នុងវិស័យ K-drama ជាមួយតម្លៃខ្លួន ៤២៣,០០០ ដុល្លារអាមេរិកក្នុងមួយវគ្គ នេះបើយោងតាមរបាយការណ៍ One Ordinary Day។ ដូច្នេះបច្ចុប្បន្នកំពូលតារាសម្តែងដ៏មានប្រជាប្រិយ Kim Soo Hyun មានទ្រពសម្បត្តិសរុបប្រមាណ ១១៧ លានដុល្លារអាមេរិក។

Kim Soo-hyun កើតនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ១៩៨៨ នៅស្រុក Gangnam ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដោយសព្វថ្ងៃគាត់មានអាយុ ៣៦ ឆ្នាំហើយ។ នៅឆ្នាំ ២០០៧ គាត់បានបង្ហាញខ្លួនដំបូងក្នុងរឿង Kimchi Cheese Smile ក្នុងវ័យ ១៩ឆ្នាំ ហើយនៅឆ្នាំ ២០០៨ គាត់បានដើរតួជាតួឯកក្នុងរឿងយុវវ័យ Jungle Fish ដែលផ្អែកលើរឿងពិតអំពី បញ្ហាធ្ងន់ធ្ងរនៃការបោកប្រាស់នៅក្នុងសាលារៀន ស្តង់ដារអប់រំប្រកួតប្រជែង និងការសរសេរប្លុកអន្តរកម្ម ដែលទទួលបានការគាំទ្រយ៉ាងច្រើន និងទទួលបានពានរង្វាន់ Peabody របស់សហរដ្ឋអាមេរិកផងដែរ។

ក្នុងឆ្នាំ ២០១០ Kim Soo-hyun បានចុះកិច្ចសន្យាសម្ដែងជាមួយ KeyEast ហើយនៅឆ្នាំ ២០១១ ឈ្មោះរបស់គាត់បានល្បីល្បាញនៅក្នុងតន្ត្រីយុវវ័យ Dream High ជាកន្លែងដែលគាត់បានដើរតួជាក្មេងប្រុសជនបទម្នាក់ក្លាយជាអ្នកប្រគុំតន្ត្រី ដោយរឿងនេះទទួលបានការគាំទ្រយ៉ាងច្រើនទាំងក្នុងនិងក្រៅប្រទេស។ មិនយូរប៉ុន្មានប្រជាប្រិយភាពរបស់ Kim Soo Hyun បានកើនឡើងយ៉ាងខ្លាំង នៅពេលដែលគាត់បានសម្តែងក្នុងរឿងភាគដ៏ពេញនិយម Moon Embracing the Sun។

រឿងនេះបានកត់ត្រាអត្រាខ្ពស់បំផុត ៤២.២ ភាគរយ ដោយទទួលបានឋានៈជារឿងភាគជាតិ និងត្រូវបានបង្ហាញនៅក្នុងប្រទេសជាច្រើននៅទូទាំងអាស៊ី និងក្លាយជារឿងដែលទទួលបានប្រាក់ចំណេញច្រើនបំផុតក្នុងវិស័យ K-drama។ ក្នុងឆ្នាំ ២០១៣ តារារូបប្រុសនេះបានទទួលពានរង្វាន់សម្រាប់តារាសម្តែងដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រកូរ៉េ ហើយនៅឆ្នាំ ២០១៤ គាត់ក៏បានឈ្នះពានរង្វាន់ Daesang ឬ Grand Award ដែលជាពានរង្វាន់ខ្ពស់បំផុត នៅក្នុងកម្មវិធី Korea Drama Awards និងពានរង្វាន់តារាសម្ដែងដែលមានប្រជាប្រិយបំផុត នៅកម្មវិធី Baeksang Arts Awards ផងដែរ។

នៅឆ្នាំ ២០១៦ គាត់ត្រូវបានចុះបញ្ជីក្នុងចំណោមមនុស្សកំពូលទាំង ៣០ នៅលើពិភពលោករបស់ទស្សនាវដ្តី Forbes ដោយបង្ហាញពីអ្នកមានឥទ្ធិពលចំនួន ៣០ នៅលើវិស័យភាពយន្ត។ ក្រោយមកក្នុងឆ្នាំ ២០១៩ គាត់ក៏ទទួលបានពានរង្វាន់ Daesang មួយទៀតនៅឯកម្មវិធី Asia Artist Awards លើកទី ៥ ក្នុងប្រភេទទូរទស្សន៍។ ហើយថ្មីៗនេះគាត់កំពុងសម្តែងនៅក្នុងរឿង Queen of Tears គឺជាតួឯក ដែលបច្ចុប្បន្នរឿងភាគនេះកំពុងមានការគាំទ្រ និងពេញនិយមខ្លាំងក្នុងឆ្នាំ ២០២៤៕