ភ្នំបាយ៉ង់កោរ ខេត្តតាកែវ ក្រៅតែពីជាទីតាំងប្រវត្តិសាស្រ្តខ្មែរដ៏មានតម្លៃហើយ បច្ចុប្បន្នក៏ជាកន្លែងប្រមូលផ្តុំដោយជីវចម្រុះ ប្រភេទសត្វ រុក្ខជាតិខៀវស្រងាត់ និងទេសភាពដ៏ស្រស់ត្រកាលគួរជាទីគយគន់បំផុត។ ជាមួយគ្នានោះ ក៏មានដំណាលនៃរឿងព្រេងនិទានខ្មែរបុរាណទាក់ទងនឹងសេ្តចបាយ៉ង់កោរ និងព្រះនាងសក់ក្រអូប ព្រមជាមួយនឹងពាក្យបណ្តាសារជេ.រប្រទេចគ្នា បានលេចឡើងតាំងពីពេលនោះមក។

«ភ្នំបាយ៉ង់ ឬភ្នំបាយ៉ង់កោរ» គឺមានទីតាំងស្ថិតនៅភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវសព្វថ្ងៃ។ ខណៈលើកំពូលភ្នំកម្ពស់ ៣១៣ ម៉ែត្រនេះ គឺមានប្រាសាទបុរាណដ៏ល្បីរន្ធឺមួយដែលហៅថា «ប្រាសាទបាយ៉ង់» ស្ថាបនាឡើងនៅក្នុងសតវត្សរ៍ទី ៧ (ឆ្នាំ៦១៥ដល់៦៣៥) ដោយព្រះបាទភវវរ្ម័នទី២។ ក្រៅពីប្រាសាទបាយ៉ង់ មានប្រាសាទចំនួន ៤ ទៀត ដែលស្ថិតនៅក្បែរនោះ គឺប្រាសាទព្រះគោ ប្រាសាទខាងលិច ប្រាសាទខាងកើត និង ប្រាសាទកាណុង។

យោងតាមវិចារកថារបស់លោក កែវ ឈុន៖ រឿងភ្នំបាយ៉ងកោរ ជារឿងព្រេងនិទានមួយ ដែលមានទំនាក់ទំនងយ៉ាងស៊ីជម្រៅនៅក្នុងប្រវត្ដិសាស្ត្រខ្មែរ។ ព្រះនាងសក់ក្រអូប អគ្គមហេសីព្រះបាទបាយ៉ងកោរ មានរូបឆោម ល្អល្អះយ៉ាងក្រៃលែង គ្មាននារីណាប្រដូចបាន ព្រះនាងមានសក់ក្រអូប សាយក្លិនរហូត១យោជន៍។ រូបសម្រស់ល្អឆើតរបស់ព្រះនាងសក់ក្រអូប ធ្វើអោយស្ដេចសៀមកើតសេចក្ដីប្រតិព័ទ្ធស្នេហា លើរូបព្រះនាងយ៉ាងខ្លាំង ហើយបញ្ជូនទ័ពមួយសែននាក់ អោយមកចាប់ដណ្ដើមយកព្រះនាង។ តែព្រះនាងត្រូវបានព្រះស្វាមីព្រះបាទបាយ៉ង កោរ នាំភៀសខ្លួនគេចផុតពីកណ្ដាប់ដៃទ័ពសៀម ទៅតាំងព្រះរាជតំណាក់ទៅលើភ្នំបាយ៉ង។

ទោះជាយ៉ាងណា ពួកសៀមបានខិតខំប្រើឧបាយកលជាបន្តបន្ទាប់រហូតបានសម្រេច ដោយប្រើវិធីសម្ដែងល្ខោនមហោស្រព បំពុលពង្វក់ស្មារតី ពួកបរិវារព្រះបាទបាយ៉ង និងព្រះនាងសក់ក្រអូប អោយសប្បាយឈ្លក់វង្វេងភ្លេចខ្លួន ហើយចាប់យក ព្រះនាងបានទៅដោយស្រួល ។

ពេលដែលពួកសៀមចាប់យកព្រះនាងសក់ក្រអូបទៅបានហើយ លុះក្រោយមកទៀត បុត្រព្រះនាងសក់ក្រអូប គឺព្រះបាទដៃខ្លី បានទៅតាមរកព្រះនាងនៅឯស្រុកសៀម ដោយកូនពុំស្គាល់ម្ដាយ ម្ដាយពុំស្គាល់កូន ព្រះបាទដៃខ្លី និងព្រះនាងសក់ក្រអូប បានទាក់ទងស្នេហា រហូតបានរួមរក្សសេពសន្ថវជាមួយគ្នា។ ពេលបានដឹង អ្វីៗវាបានកន្លងហួសអស់ទៅហើយ ដើម្បីលុបលាង ស្មាលាទោសជាមួយ ម្ដាយ ព្រះអង្គដៃខ្លីត្រូវជីកអង្គ (ស្រះ) មួយពាន់មួយស្រះ (១០០១) ហើយលុះត្រាតែ ពីរពាន់ឆ្នាំក្រោយមក ពេលស្រះទាំងនេះរលុបស្មើ ក្លាយជាវាល ស្រែ ទើបកូននោះរួចកម្មពៀរបាន។ ហេតុនេះបានជានៅក្នុងខេត្ដតាកែវទាំងមូល មានទីកន្លែងមានឈ្មោះថា «អង្គៗ» នេះច្រើនណាស់ ដូចជាអង្គរកា អង្គសឹង្ហ ជាដើម។

ម្យ៉ាងទៀតទាក់ទងនឹងរឿងស្ម័គ្រស្មន់អន្ធករនេះ នៅក្នុងសង្គមខ្មែរមានពាក្យជេរប្រទិច ដាក់បណ្ដាសា គ្នាថា «ចុយម្រាយ» ឬ «ចុយម៉ាយ» ពាក្យនេះប្រហែលជាបុព្វបុរសក្នុងសម័យដើម ចង់ពោលដាក់ទោសដល់អ្នកដែលប្រព្រឹត្ដខុស អោយ មានទុក្ខទោសលំបាកដូចព្រះបាទដៃខ្លីដែរ តែនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន អ្នកដែលខឹងជេរ ជេររត់មាត់ ឬភ្លាត់មាត់ ជាទម្លាប់សឹងគ្រប់ៗគ្នា លែងដឹង លែងយល់អត្ថន័យ អ្វីអស់រលីងទៅហើយ៕