អ្នកវិទ្យាសាស្ត្រលើកឡើងថា ការដាំដើមឈើខុសកន្លែងមានចំណែកធ្វើឱ្យពិភពលោកកាន់តែក្តៅខ្លាំងលើសមុន ហើយអ្នកវិទ្យាសាស្ត្របានបង្ហាញពីទីកន្លែងល្អបំផុតសម្រាប់ដាំដើមឈើ ដើម្បីធ្វើឱ្យពិភពលោកមានអាកាសធាតុត្រជាក់ ។
សារព័ត៌មាន AFP បានរាយការណ៍ពីទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ថា ដើមឈើទាំងឡាយបានស្រូបយកកាបូនឌីអុកស៊ីត និងជួយស្តារតំបន់ព្រៃឈើខូចខាត ហើយគេអាចដាំកូនឈើដើម្បីបង្កើនផ្ទៃដីព្រៃ ព្រមទាំងជួយប្រឆាំងនឹងការបម្រែបម្រួលអាកាសធាតុផងដែរ ។ ប៉ុន្តែការស្រាវជ្រាវមួយក្នុងទស្សនាវដ្តីឈ្មោះ «Nature Communications» បញ្ជាក់ថា ករណីខ្លះ ចំនួនដើមឈើច្រើនពេកបានធ្វើឱ្យពន្លឺព្រះអាទិត្យចាំងមកលើផ្ទៃផែនដីកាន់តែតិច និងធ្វើឱ្យផែនដីស្រូបយកកំដៅលើសមុនទៅទៀត ។
អ្នកស្រី Susan Cook-Patton អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ផ្នែកស្តារព្រៃឈើ ហើយលោកស្រីបានចូលរួមសរសេរការស្រាវជ្រាវមកពីអង្គការ The Nature Conservancy និយាយថា ៖ «ការដាំដើមឈើនៅតំបន់មួយចំនួន នឹងផ្តល់ផលអវិជ្ជមានសម្រាប់បរិយាកាស» ។
ការពិត បណ្តាអ្នកវិទ្យាសាស្ត្របានជ្រាបហើយថា ការស្តារតំបន់ផ្ទៃដីព្រៃឈើបណ្តាលឱ្យមានការផ្លាស់ប្តូរនៅក្នុង Albedo (ឬបរិមាណវិទ្យុសកម្មព្រះអាទិត្យ ដែលចាំងពីផ្ទៃផែនដី) ប៉ុន្តែពួកគេគ្មានឧបករណ៍ដើម្បីបកស្រាយរឿងនេះទេ ។ រីឯក្រុមអ្នកស្រាវជ្រាវដែលប្រើប្រាស់ផែនទីថ្មីអាចគិតពីការកាត់បន្ថយកំដៅពីដើមឈើ និងកំដៅកើតពី Albedo ជាលើកដំបូង ដោយក្រុមអ្នកស្រាវជ្រាវមើលឃើញថា គម្រោងដាំព្រៃឈើជាច្រើនមិនបានរួមបញ្ចូល Albedo គឺការដាំដើមឈើបានផ្តល់អត្ថប្រយោជន៍ដល់អាកាសធាតុប្រមាណពី២០% ទៅ៨០% ។
អ្នកស្រី Susan Cook-Patton អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ផ្នែកស្តារព្រៃឈើបន្តថា ៖ «នៅមានទីកន្លែងជាច្រើនទៀតសម្រាប់ការស្តារតំបន់ព្រៃឈើឡើងវិញ ហើយវាជាគំនិតល្អសម្រាប់ការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ។ ពួកយើងគ្រាន់តែព្យាយាមជួយឱ្យអ្នកទាំងអស់គ្នារកឃើញតំបន់ទាំងនេះ» ។
ការស្រាវជ្រាវខាងលើបង្ហាញថា ប្រទេសជាច្រើនបានតាំងចិត្តដាំដើមឈើរាប់លានដើម ដើម្បីប្រឆាំងនឹងអាកាសធាតុក្តៅខ្លាំង ប៉ុន្តែមិនមែនគ្រប់ការព្យាយាមទាំងអស់នឹងផ្តល់ប្រយោជន៍ដល់ពិភពលោកដូចគ្នាទេ ។ ឧទាហរណ៍ នៅតំបន់ក្តៅហើយសើម ដូចជា ៖ ព្រៃអាម៉ាហ្សូនមានកន្លែងផ្ទុកកាបូនខ្ពស់ និងមានបម្រែបម្រួល Albedo កម្រិតទាប គឺវាជាកន្លែងសម្រាប់ការស្តារតំបន់ព្រៃឈើឡើងវិញ ដែលផ្ទុយនឹងតំបន់វាលស្មៅមានអាកាសធាតុក្តៅ ៕










