ពិតជាស្អាតទាំងចិត្តស្អាតទាំងកាយពិតមែន DJ ដ៏ល្បីមួយរូបនៅប្រទេសកូរ៉េខាងត្បូងគឺ DJ Soda មកកម្ពុជាលើកនេះបានចែករំលែកក្តីស្រលាញ់ជាមួយក្មេងៗនៅអង្គការអាហ្វេស៊ីបកម្ពុជា (AFESIP)។ មិនត្រឹមតែប៉ុណ្ណោះ DJ ស្រស់ស្អាតរូបនេះថែមទាំងបានឧបត្ថម្ភដល់អង្គការនូវទឹកប្រាក់ចំនួន៦០០០ដុល្លារផងដែរ។
កាលពីថ្ងៃទី២៩ ខែមីនា នេះ តារាចម្រៀង ជី ដេវីត ទេព បូព្រឹក្ស បានដឹកដៃ DJ Soda មកចែករំលែកក្តីស្រលាញ់ជាមួយក្មេងៗអង្គការអាហ្វេស៊ីបកម្ពុជា (AFESIP) ។ សម្រាប់តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស មិនមែនជាលើកទី១សម្រាប់ពួកគេក្នុងកិច្ចការសប្បុរសធម៌ជាមួយក្មេងៗនៅទីនេះឡើយ ប៉ុន្តែសម្រាប់ DJ Soda គឺជាលើកទី១សម្រាប់រូបនាង។
ជាមួយការចែករំលែកក្តីស្រលាញ់ DJ ដ៏ស្រស់ស្អាតរូបនេះបានរំជួលចិត្តយ៉ាងខ្លាំងដល់ថ្នាក់ទឹកភ្នែករលីញរលោងបន្ទាប់ពីដឹងពីដំណើរដើមទងក្មេងៗដែលរងគ្រោះត្រូវរំលោភបំពានរាងកាយ។ លើសពីនេះទៅទៀត DJ Soda ក៏បានឧបត្ថម្ភនូវទឹកប្រាក់ចំនួន៦០០០ដុល្លារដល់អង្គការអាហ្វេស៊ីបកម្ពុជាទៀតផង ជាហេតុធ្វើឱ្យអ្នកគាំទ្រកម្ពុជាបានកោតសរសើររូបនាងយ៉ាងច្រើនមិនត្រឹមតែស្រស់ស្អាតរូបរាងកាយប៉ុណ្ណោះទេប៉ុន្តែស្អាតទាំងចិត្តទៀតផង។
គេចាំបានដែរថា កាលពីវិច្ឆិកា ឆ្នាំ២០២៣ DJ Soda បានទៅដល់ទឹកដីអង្គរវត្តដោយបានចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជាដូចគ្នា ស្របពេលលើកនេះមកបំពេញការងារជាមួយ ជី ដេវីត ហើយថែមទាំងឆ្លៀតចូលរួមកិច្ចការសប្បុរសធម៌និងបានឧបត្ថម្ភទឹកប្រាក់ផ្ទាល់ខ្លួនទៀត។
ងាកទៅកាន់ លោកស្រី ម៉ម សុម៉ាលី ហៅម៉ែចាស់ ស្ថាបនិកនៃអង្គការអាហ្វេស៊ីបកម្ពុជា ក៏បានបង្ហាញអារម្មណ៍របស់ខ្លួននៅលើបណ្តាញសង្គមនាថ្ងៃទី២៩ ខែមីនា ថា «រកពាក្យនិយាយមិនបានទេ សម្រាប់ក្តីស្រលាញ់ ដែលអ្នកទាំងពីរ ទេព បូព្រឹក្ស ជី ដេវីត តែងតែអោយមកកូនៗ ក្នុង អង្គការ Afesip Cambodia មិនមែនតិចឆ្នាំទេ ដូចកូនៗ និយាយថា (សម្រាប់កូន ប៉ាវីត និង ម៉ាក់ព្រឹក្ស មិនត្រឹមតែជា idol របស់កូនៗទេ តែលោកទាំងពីរជាគ្រួសារ យើង) ពិតណាស់ ទង្វើអ្នកទាំងពីរ ពិតជាដក់នៅក្នុងបេះដូងកូនៗ មិនអាចប្រកែកបាន។ ថ្ងៃនេះអ្នកទាំងពីរ ក៏បាននាំ DJ SODA ដ៏ស្រស់ស្អាតមកជួបកូនៗទៀត , កូនៗពិតជាសប្បាយ អ្វីដែលពិសេស សូដា ស្លូតបូតគួរឱ្យស្រលាញ់ គាត់ពិតជា ស្រលាញ់ប្រទេសខ្មែរយើងមែន អរគុណសម្រាប់សេចក្តីស្រលាញ់ដែលគ្មានលក្ខខណ្ឌ»៕











