Home ព័ត៌មានអន្តរជាតិ ប្រទះឃើញប្រាសាទដែលមានអាយុកាល ៦០០ ឆ្នាំកប់ក្រោមដីក្នុងប្រទេសបារាំង

ប្រទះឃើញប្រាសាទដែលមានអាយុកាល ៦០០ ឆ្នាំកប់ក្រោមដីក្នុងប្រទេសបារាំង

1531
0

បរទេស៖ ប្រាសាទមជ្ឈិមសម័យមួយត្រូវបានគេរកឃើញនៅក្រោមវីឡាឯកជនក្នុងទីក្រុង Vannes ភាគពាយព្យនៃប្រទេសបារាំង ដែលបានសាងសង់ក្នុងសតវត្សទី ១៨ ប៉ុន្តែបច្ចុប្បន្នវិឡានេះត្រូវបានគេកសាង និងជួសជុលធ្វើជាសារមន្ទីរសិល្បៈវិញ។

យោងតាម Heritage Daily ដែលបានចុះផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ថាវីឡាចំណាស់មួយត្រូវបានកម្មកររាប់ស៊ិបនាក់ជួសជុលឡើងវិញដើម្បីសាងសង់ទៅជាសារមន្ទីរសិល្បៈ ស្រាប់តែអំឡុងពេលជីកដី ពួកគេក៏ប្រទះឃើញប្រាសាទដ៏អស្ចារ្យមួយស្ថិតនៅក្រោមដី ក្នុងទីក្រុង Vannes ភាគពាយព្យនៃប្រទេសបារាំង។

នៅយុគសម័យកណ្តាល ទីក្រុង Vannes គឺជាទឹកដីដែលមានប្រវត្តិដ៏សម្បូរបែប អ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានជាតិសម្រាប់ការស្រាវជ្រាវបុរាណវត្ថុវិទ្យា (Inrap) បានពិនិត្យយ៉ាងយកចិត្តទុកដាក់លើដីនៅពេលដែលវីឡាចំណាស់នេះ កំពុងត្រូវបានជួសជុលឡើងវិញ ដើម្បីត្រៀមសាងសង់សារមន្ទីរសិល្បៈ។ ក្នុងដំណាក់កាលដំបូងនៃការជីកកកាយ អ្នកស្រាវជ្រាវបានធ្វើការសិក្សាលើទីធ្លារបស់ផ្ទះវីឡា ដែលពួកគេបានរកឃើញជញ្ជាំងការពារប្រាសាទពីរកម្រិត និងគូទឹកដែលមានទីតាំងនៅជម្រៅ ៤ ម៉ែត្រពីលើកម្រិតផ្លូវ។

ប្រាសាទដែលមានអាយុកាលជាង ៦០០ ឆ្នាំនេះត្រូវបានសាងសង់ឡើងនៅចុងសតវត្សទី ១៤ ដោយលោក Jean IV ពីឆ្នាំ១៣៤៥ ដល់ឆ្នាំ១៣៧២ ក្នុងគោលបំណងបង្ហាញពីអំណាចរបស់មនុស្សជំនាន់មុន។ យោងតាមអ្នកជំនាញ ចម្លាក់ថ្មដែលនៅសេសសល់បង្ហាញថាប្រាសាទនេះមានពី ៣ ទៅ ៤ ជាន់ និងជណ្តើរជាច្រើន ដែលជាផ្នែកមួយដែលត្រូវបានអភិរក្សគួរឱ្យកត់សម្គាល់។ ក្រុមការងារក៏បានរកឃើញដាននៅលើថ្មមួយចំនួនដែលត្រូវបានកែច្នៃដើម្បីបិទបាំងជញ្ជាំងតុបតែង និងរចនាសម្ព័ន្ធជំនួយផ្សេងទៀតដូចជាបង្គន់ និងបំពង់បង្ហូរទឹកជាដើម។

បន្ទាប់មកអ្នកជំនាញក៏បានរកឃើញ វត្ថុបុរាណជាច្រើនដែលតំណាងឱ្យជីវិតរបស់ម្ចាស់ផ្ទះក្នុងសតវត្សទី ១៥ និងទី ១៦ រួមមានកាក់ កាំបិត ក្បឿង ចានឈើ ប្រដាប់ផ្ទះបាយ និងគ្រឿងអលង្ការមានតម្លៃមួយចំនួន។ ដោយសារស្ថានភាពដីនៅសល់ក្រុមការងារក៏ប្រទះឃើញវត្ថុសំខាន់ៗដូចជាសម្លៀកបំពាក់ ខ្សែស្បែកជើង ម្ជុល ចិញ្ចៀន និងសោទៀតផង។ ការជីកកកាយក៏បានរកឃើញរោងម៉ាស៊ីនកិនស្រូវដែលតភ្ជាប់ទៅតំបន់លំនៅដ្ឋានរបស់ប្រាសាទ និងមានអណ្តូងដ៏ធំមួយដែលចិញ្ចឹមដោយប្រឡាយ ក៏ដូចជាសំណល់នៃស្ពានតភ្ជាប់ប្រាសាទទៅកាន់ប្រាសាទដែលនៅសល់នៅខាងក្រោយទីក្រុងចាស់៕