ព្រឹត្តិការណ៍ដ៏កម្ររវាង ជី ដេវីត និង វណ្ណដា បានជួបមុខគ្នាតទល់និងចាប់ដៃគ្នាដោយកម្រនេះបានធ្វើឱ្យកក្រើកបណ្តាញសង្គមអូសមិនផុតរឿងអ្នកទាំងពីរឡើយ។ ទិដ្ឋភាពនេះធ្វើឱ្យមានការលើកឡើងថាពិធីការិនី ខៀវ សានសាណា ជាអ្នករួមចំណែកធ្វើឱ្យ ជី ដេវីត និង វណ្ណដា ផ្សះផ្សាគ្នាបានទោះបីជាពួកគេមានបញ្ហាកាលពីអតីតកាលយ៉ាងណាក៏ដោយ។ អ្នកនាង សាណា ថាគ្មានអ្វីប្រសើរជាងក្តីស្រលាញ់ដោយគ្មានការខឹងតបតអ្វីទាំងអស់ ខណៈ ហេង វិសាល ថា ជី ដេវីត និង វណ្ណដា សុទ្ធតែជាមនុស្សមានបេះដូងបរិសុទ្ធ ហើយមិនបានសម្តែងនោះទេ។
នៅលើបណ្តាញសង្គមរបស់ពិធីការិនី ខៀវ សានសាណា បន្ទាប់ពីធ្វើឱ្យ ជី ដេវីត និង វណ្ណដា ជួបគ្នាពោរពេញស្នាមញញឹមបាននៅថ្ងៃទី២៩ ខែមីនា អ្នកនាងបានលើកឡើងថា «បងសាណាស្រលាញ់ប្អូនទាំង២ណាស់។ សូមឱ្យគុណធម៌ស្ថិតក្នុងបេះដូងយើងទាំងអស់គ្នា។ ពេលយើងចាស់ចិត្ត ចាស់គំនិត បន្តិចទៀត ទើបយើងដឹងថាគ្មានអ្វីប្រសើរជាងក្តីស្រលាញ់ដោយគ្មានការខឹងតបតអ្វីទាំងអស់ ព្រោះយើងដឹងថាការពិតប៉ាម៉ាក់បានបង្កើតយើងឱ្យមានបេះដូងល្អបំផុត»។
ងាកទៅកាន់ Story របស់ ហេង វិសាល វិញបានឆ្លើយតបចំពោះការជីកសួររបស់អ្នកគាំទ្រទៅលើរឿង ជី ដេវីត និង វណ្ណដា ថាអ្នកទាំងពីរសុទ្ធតែជាមនុស្សល្អៗមានចិត្តស្មោះត្រង់ហើយអ្នកទាំងពីរអត់ចេះសម្តែងនោះទេ។
ជាមួយនឹងសេចក្តីរំភើបដែល ជី ដេវីត និង វណ្ណដា បានជួបនិងជជែកគ្នាចាប់ដៃដោយ ស្និទ្ធស្នាលនេះទស្សនិកជនបានអរគុណទៅកាន់ពិធីមង្គលការ ហេង វិសាល និង ជា ស្រីនា ជាពិសេសនោះគឺ ពិធីការិនី ខៀវ សានសាណា ធ្វើឱ្យទំនាក់ទំនងពួកគេអាចផ្សះផ្សាគ្នាបានក្នុងនាមជាខ្មែរតែមួយ។
គួរបញ្ជាក់ថាអ្នកនាង ខៀវ សានសាណា ត្រូវបានគេចាត់ទុកថាជាពិធីការិនីលេខធ្លោមួយរូបក្នុងប្រទេសដែលបានកាន់កម្មវិធីថា្នក់ជាតិ អន្តរជាតិជាបន្តបន្ទាប់ទោះបីជាប្រឡូកអាជីពនេះ២៣ឆ្នាំហើយក្តី។ ហើយអ្នកនាងពិតជាស័ក្តិសមជាពិធីការនីឆ្នើមពិតមែនជារៀមច្បងគំរូក្នុងអាជីពសិល្បៈនិងអាចធ្វើឱ្យរឿងដ៏កម្រមួយបានកើតឡើងស្ទើរតែមិនគួរឱ្យជឿ៕










