នារយៈពេលចុងក្រោយនេះមានជនរងគ្រោះយ៉ាងច្រើនត្រូវខាតបង់លុយរាប់សិបលានដុល្លារដោយស្នាដៃរបស់អ្នកជំនួញមានងារជាឧកញ៉ាតាមការឃោសនាវិយោគតិចចំណេញច្រើននិងរងគ្រោះទៅលើវិស័យអចលទ្រព្យ។ ជុំវិញរឿងអ្នកវិនិយោគមានងារជាឧកញ៉ាបោកលុយរាស្រ្តនេះតារាចម្រៀង វេហាស៍ បោះសម្តីចំៗតែម្តងរហូតអ្នកគាំទ្រកោតសរសើរថាលោកជាតារាចម្រៀងម្នាក់ដែលហ៊ាននិយាយលើរឿងនេះ។
នៅលើបណ្តាញសង្គមរបស់តារាចម្រៀងក្នុងទ្រនំសាន់ដេ លោក វេហាស៍ ដែលកំពុងតែស្ថិតនៅសហរដ្ឋអាម៉េរិកបានសរសេរកាលពីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ថា «ប្រជាជនខ្មែរតែជាង១៧លាននាក់ តែគ្រាន់តែលុយដែលពួកក្រុមហ៊ុនជោគជ័យបោកបានគឺរាប់រយលានដុល្លារ សួរថារឿងអីមិនក្រសឹងម៉ាប្រទេស? អ្នកចាញ់បោកគេសុទ្ធតែអ្នកធម្មតា ឯពួកងារឧកញ៉ាជាអ្នកបោករាស្រ្តទៅវិញ»។
ការលើកឡើងរបស់តារាចម្រៀងរូបនេះត្រូវបានអ្នកលេងបណ្តាញសង្គមលើកឡើងថា «តារាស្រុកខ្មែរទើបឃើញបងម្នាក់ដែលនិយាយការពិត» ខណៈ វេហាស៍ បានតបវិញថា « មិនមានអ្វីត្រូវខ្លាចផង ព្រោះវាការពិត»។
នាពេលថ្មីៗនេះអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានបង្ហាញជាសាធារណៈថាអ្នកឧកញ៉ា ក៏បានខាតជិត៣០ម៉ឺនដុល្លារ និងស្នើឱ្យបើកការស៊ើបអង្កេតលើក្រុមហ៊ុន CIC Plc ។ អ្នកឧកញ៉ា ថាករណីនេះត្រូវតែមានការស៊ើបអង្កេតព្រោះប្រាក់រាប់សិបលានដុល្លារត្រូវបានបាត់បង់ ហើយគ្រួសារ និងជីវិតមនុស្សជាច្រើននាក់បានរងនូវផលប៉ះពាល់ និងការឈឺចាប់ដោយសារតែការក្លែងបន្លំទាំងនេះ។
ករណីនេះមិនគួរមើលរំលងជាដាច់ខាត ហើយយើងត្រូវតែធ្វើអ្វីមួយ។ សំណុំរឿងព្រហ្មទណ្ឌ គួរតែត្រូវចាប់ផ្ដើម ស៊ើបអង្កេត និងដោយបើកចំហរហើយជនល្មើសត្រូវតែទទួលខុសត្រូវយកមក កាត់ទោសតាមផ្លូវច្បាប់ និងទទួលទោសព្រហ្មទណ្ឌ។.png)
អ្នកឧកញ៉ា គួច ម៉េងលី បានលើកឡើងនៅលើបណ្តាញសង្គមទៀតថា ប្រសិនបើទុកឱ្យជនបោកប្រាស់មានឱកាសបន្តបំផ្លាញប្រជាជន និង សេដ្ឋកិច្ច នោះប្រទេសកម្ពុជានឹងការខូចខាតយ៉ាងធំនាពេលខាងមុន។ ប្រជាជនក៏នឹងបាត់បង់ជំនឿលើប្រព័ន្ធយុត្តិធម៌ និងទំនុកចិត្តលើសមត្ថភាពដឹកនាំរបស់រដ្ឋាភិបាលក្នុងការដោះស្រាយជាមួយនិងភាពអយុត្តិធម៌ដែលបង្កដោយសេរីពីសំណាក់ជនបោកប្រាស់មួយក្រុមតូចនៅក្នុងសង្គម។
ក្រៅពីក្រុមហ៊ុន CIC ដែលកំពុងរងចោទការចោទប្រកាន់ និងមានការស្នើឱ្យប្រព័ន្ធផ្លូវច្បាប់មានការស៊ើបអង្កេតលើរឿងនេះ កាលពីកន្លងទៅនេះបុគ្គល ឡេង ចាន់ណា ដែលមានងារជាឧកញ៉ា ជាប្រធានក្រុមហ៊ុន «ប្រ៊ីនលាន ស៊ីធីវើល» ក៏ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ចាប់ខ្លួនពីបទ ឆបោក រំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ផងដែរបន្ទាប់ពីពលរដ្ឋជាច្រើនគ្រួសារចាញ់បោកបុគ្គលនេះ៕










