នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដែលមានឈ្មោះខា យូ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ និង ឈ្មោះ ហ៉ិន លីណា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ពាក់ព័ន្ធករណី លួច(ស្រាបៀរ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
នៅអំឡុងពេលធ្វើសកម្មភាព ជនសង្ស័យបើករថយន្ត១គ្រឿងម៉ាក TOYOTA HIGH LANDER ពណ៌មាស ផលិតឆ្នាំ២០០២ ពាក់ផ្លាកលេខ ភ្នំពេញ2AK-9342 ទិញស្រាបៀរ ABC ចំនួន០៣កេស និងស្រាបៀរហ្គេនស្បឺក ចំនួន០១កេស ក៏ប៉ុន្តែមិនឱ្យប្រាក់ លុះសមត្ថកិច្ចតាមឃាត់ខ្លួនបានក៏បានធ្វើតេស្តទឹកនោមឃើញមានសារជាតិញៀន និងថែមទាំងបានរកឃើញគ្រឿងញៀនមួយកញ្ចប់តូចផងដែរ។
លើសពីនេះទៅទៀត កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ពួកខ្លួនក៏បានប្រើល្បិចទិញស្រាបៀរអ្នកភូមិចំនួន០៨កេស ហើយបានជិះរថយន្តគេចខ្លួនម្ដងមកហើយ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕










