ប្រទេសឥណ្ឌា ៖ ទីក្រុងញូវដេលី ប្រទេសឥណ្ឌា បានទទួលការចាត់ចំណាត់ថ្នាក់ថា គឺជាទីក្រុងធំដែលមានខ្យល់ពុលខ្លាំងបំផុតនៅលើពិភពលោក កាលពីឆ្នាំ២០២៣ ។ វាជាការជាប់ចំណាត់ថ្នាក់រយៈពេល៤ឆ្នាំជាប់ៗគ្នារបស់ទីក្រុងញូវដេលី ខណៈឥណ្ឌាក៏ជាប្រទេសមានខ្យល់ពុលខ្លាំងបំផុត ក្នុងលំដាប់ទី៣ លើពិភពលោក ។
IQAir គឺជាក្រុមហ៊ុនត្រួតពិនិត្យគុណភាពអាកាសធាតុនៅប្រទេសស្វីស បានបង្ហាញរបាយការណ៍ថ្មីថា បើតាមការស្ទង់មតិប្រទេសចំនួន១៣៤ បង្ហាញថា ទីក្រុងញូវដេលីរបស់ឥណ្ឌា គឺជាទីក្រុងធំដែលមានខ្យល់ពុលខ្លាំងបំផុតនៅលើពិភពលោក កាលពីឆ្នាំ២០២៣ ហើយទីក្រុងនេះបានជាប់ចំណាត់ថ្នាក់រយៈពេល៤ឆ្នាំជាប់ៗគ្នា ។ ហេតុនេះ បរិមាណខ្យល់ពុលបានធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋយ៉ាងខ្លាំង ខណៈឥណ្ឌា ក៏ជាប្រទេសជាប់ចំណាត់ថ្នាក់ទី៣ មានខ្យល់ពុលខ្ពស់បំផុតលើពិភពលោក ។![]()
ការដុតព្រៃនៅតាមតំបន់កសិកម្ម និងផ្សែងពុលចេញពីរោងចក្រឧស្សាហកម្មនៅប្រទេសជិតខាង គឺបង់ក្លាដែស និងប៉ាគីស្ថាន គឺជាប្រភពខ្យល់ពុលដ៏ខ្លាំងនៅទីក្រុងជាច្រើនរបស់ឥណ្ឌា ។ បើតាមលទ្ធផលស្ទង់មតិរបស់ក្រុមហ៊ុន IQAir បង្ហាញថា ប្រទេសចំនួន១៣៤ គឺមានប្រទេសតែ៧ ប៉ុណ្ណោះ ដែលមានគុណភាពអាកាសធាតុស្របតាមស្តង់ដាររបស់អង្គការសុខភាពពិភពលោក គឺប្រទេសអូស្ត្រាលី, នូវែលសេឡង់, អេស្តូនី, ហ្វាំងឡង់, ហ្គ្រីណាដា, អ៊ីស្លង់ និងម៉ូរីស ។
ចំណែកប្រទេសនៅសល់ផ្សេងទៀតមានកម្រិតធូលី PM 2.5 ខ្ពស់ជាងការកំណត់របស់អង្គការសុខភាពពិភពលោក ។ ខ្យល់ពុលភាគច្រើនមានប្រភពមកពីផ្សែងយានយន្ត, រោងចក្រឧស្សាហកម្ម និងការដុតព្រៃ ។ វាបានធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្ស ព្រមទាំងប៉ះពាល់ដល់ការងារផ្សេងៗរបស់មនុស្សផងដែរ ។
ក្រុមហ៊ុន IQAir បានកត់សម្គាល់ផងដែរថា បើទោះជាមានការអំពាវនាវឱ្យដោះស្រាយបញ្ហានេះក្តី ប៉ុន្តែគេពុំអាចកែតម្រូវ និងគ្រប់គ្រងស្ថានការណ៍បានទាន់ពេលវេលាទេ ។ បច្ចុប្បន្ន បញ្ហាខ្យល់ពុលនៅលើបរិយាកាសបានបណ្តាលឱ្យមនុស្សស្លាប់នៅទូទាំងពិភពលោក រហូតដល់៧លាននាក់ក្នុង១ឆ្នាំ ៕










