ជឿជាក់ថាអ្នកលេងបណ្តាញសង្គមជ្រាបមកហើយថាបន្ទាប់ពីតារាចម្រៀង សាយ ចូលរួមក្នុងកម្មវិធីមួយហើយបាននិយាយភាសាខ្មែរ លាយភាសាអង់គ្លេសច្រើនត្រូវរងនូវមតិរិះគន់យ៉ាងចាស់ដៃ។ សាយ ថាជួបព្យុះភ្លៀងលើកនេះលោកទើបដឹងថាអ្នកណាជាមិត្តពិតប្រាកដ អ្នកណាជាមិត្តក្លែងក្លាយហើយព្រឹត្តិការណ៍លើកនេះលោកយល់ច្រើនគួរសម ខណៈអ្នកគាំទ្រចូលរួមផ្តល់កម្លាំងចិត្តដល់លោកយ៉ាងច្រើន។
នៅយប់ថ្ងៃទី១៩ ខែមីនា នៅលើបណ្តាញសង្គមលោក អ៊ួន បឋម ហៅ សាយ បានបង្ហោះសំណេរមួយថា «អរគុណដែលអ្នកបង្ហាញខ្លួនថាជា មិត្តពិត រឺ ក្លែងក្លាយ នៅក្នុងកាលៈទេសៈបែបនេះ។ អរគុណរាល់កម្លាំងចិត្តទាំងអស់ដែលបានផ្ដល់ឱ្យ ផ្ទាល់និងមិនផ្ទាល់ ព្រឹត្តិការណ៍លើកនេះបានឱ្យខ្ញុំយល់ច្រើនគួរសម»។
ទន្ទឹមនឹងសំណេរនេះអ្នកគាំទ្រជាច្រើនបានចូលរួមផ្តល់កម្លាំងចិត្តទៅកាន់តារាចម្រៀងសាយ ជាមួយសម្តីលើកទឹកចិត្តថា «រត់កាត់ប្រទេសចង់ស្លាប់ខ្លួនអង្គាសលុយជួយកុមារ រាប់សិបម៉ឺនដុល្លារ មកផ្អើល ឈូឆរនឹងរឿងអត់ប្រយោជន៍ពីរបីម៉ាត់ ជាតិនិយមចុះ តែសូមកុំជ្រុលនិយម, ខ្ញុំនៅតែគាំទ្របង មាតិកា និងព្រឹត្តិការណ៍ល្អជាច្រើនណាស់ ដែលបងបានធ្វើសម្រាប់សង្គមមួយនេះ»។
អ្នកផ្សេងទៀតបានលើកឡើងថា «ទឹកចិត្តដ៏ល្អ និងទង្វើគ្រប់យ៉ាងរបស់បងដើម្បីកុមារកម្ពុជា និងប្រទេសកម្ពុជា ជាគំរូដ៏មានន័យ និងដក់ជាប់ជានិច្ចក្នុងបេះដូងខ្ញុំ you did well idol ,បងនៅចាំជានិច្ច នូវទឹកចិត្តដ៏ល្អក្រៃលែងរបស់ប្អូន ដែលបានលះបង់សុខភាពផ្ទាល់ខ្លួន ដើម្បីជួយជីវិតមនុស្ស ពិតជាគួរឱ្យសរសើរ។ រឹងមាំឡើង ធ្វើរឿងល្អៗបន្តទៀត រឿងហួសហើយ ទុកជាមេរៀនទៅចុះ។
គួរបញ្ជាក់ថា សាយ បានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី The Thomith Show រដូវកាលទី៤ ដែលមានការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដោយបានចែករំលែកនូវចំណេះដឹង ការមានទំនុកចិត្តលើខ្លួនឯង ការលើកទឹកចិត្ត ចំណង់ចំណូលចិត្តនិងបទពិសោធន៍ផ្សេងៗ។ ទោះយ៉ាងណា កម្មវិធីនេះត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមបញ្ចេញមតិព្រោងព្រាតដោយសារតែការនិយាយភាសាខ្មែរ លាយភាសាអង់គ្លេសច្រើន៕










