ប្រទេសថៃ ៖ លោក Somchai Morakotsriwan មន្ត្រីអគ្គនាយកដ្ឋានការងារប្រទេសថៃលើកឡើងថា ជនបរទេសមកពីប្រទេសជាច្រើន ដូចជា ៖ មីយ៉ាន់ម៉ា, កម្ពុជា, វៀតណាម, ចិន, រុស្ស៊ី និងឥណ្ឌា បានចូលមកដណ្តើមការងាររបស់ពលរដ្ឋថៃ ។ ជនបរទេសទាំងនេះបានធ្វើការនៅក្នុងផ្សារណាត់, ផ្សារធម្មតា, ហាងធ្វើក្រចក, យានដ្ឋានជួសជុលរថយន្ត, តូបលក់ដូរ, រទេះរុញ, ក្លិបរាត្រីនៅតាមតំបន់ទេសចរណ៍ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលជាកន្លែងពេញនិយមសម្រាប់ពលរដ្ឋថៃ និងភ្ញៀវទេសចរបរទេស រហូតដល់ធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋប្រកបអាជីវកម្មក្នុងស្រុក ។

លោក Somchai មន្ត្រីអគ្គនាយកដ្ឋានការងារបន្តថា លោកនឹងមិនព្រងើយកន្តើយទេ ហើយលោកបានបញ្ជាទៅកាន់មន្ត្រីនាយកដ្ឋានការងារឱ្យបោសសម្អាតពលករបរទេសដែលបានដណ្តើមការងារពលរដ្ឋថៃ រួមទាំងពលករបរទេសដែលធ្វើការខុសច្បាប់ គ្មានលិខិតអនុញ្ញាតធ្វើការ ។ លោកបានបញ្ជាឱ្យមន្ត្រីអនុវត្តតាមច្បាប់យ៉ាងតឹងរ៉ឹង មិនលើកលែង ព្រមទាំងអនុវត្តវិធានការចុះត្រួតពិនិត្យនៅតាមតំបន់គ្រប់ខេត្ត-ក្រុង ដោយពុំជូនដំណឹងជាមុន ដូចជា ៖ ទីក្រុងបាងកក និងតំបន់ជុំវិញ, ខេត្តភូកេត, សាមុយ, ប៉ាតាយ៉ា និងឈៀងម៉ៃ ដែលជាតំបន់ប្រកបអាជីវកម្មរបស់ពលរដ្ឋថៃ និងជាតំបន់សេដ្ឋកិច្ចដ៏សំខាន់ ហើយអាជ្ញាធររកឃើញថា មានពលករបរទេសជាច្រើននាក់ធ្វើការក្នុងតំបន់ទាំងនេះ ។https://www.matichon.co.th/wp-content/uploads/2018/01/59891B21-026B-4A9B-A6BC-EFD33542E0C2-1024x768.jpeg

លោក Somchai បន្ថែមថា នៅតំបន់យ៉ាវរ៉ាជ, ហួយខ្វាង, ប៉ាកខ្លងតាឡាត, អនុស្សាវរីយ៍ និងផ្សារណាត់ល្បីៗក្នុងតំបន់ផ្សេងៗ ដែលអាជ្ញាធរបានប្រតិបត្តិការនៅឆ្នាំ២០២៤ (ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤) ត្រួតពិនិត្យឃើញថា កន្លែងប្រកបអាជីវកម្មផ្សេងៗដែលបានជួលពលករបរទេស គឺសរុបស្មើនឹង២៥.៦២៨កន្លែង ហើយអាជ្ញាធរបានចាត់វិធានការតាមច្បាប់ ចំនួន៨២០កន្លែង ។

អាជ្ញាធរបានត្រួតពិនិត្យឃើញថា មានជនបរទេសសរុប ចំនួន៣០៦.៥៧៧នាក់ ចូលមកធ្វើការនៅប្រទេសថៃ រួមមាន ៖ ជនជាតិមីយ៉ាន់ម៉ា ២៣២.១០៦នាក់, ខ្មែរ ៤២.៦៩៨នាក់, ឡាវ ១៨.០០១នាក់, វៀតណាម ២៣៦នាក់ និងជាតិសាសន៍ផ្សេងៗ ចំនួន១៣.៥៣៦នាក់ ។ អាជ្ញាធរបានចាត់វិធានការតាមច្បាប់សម្រាប់ពលករបរទេសធ្វើការខុសច្បាប់ សរុបចំនួន១.៦៨៩នាក់ រួមមាន ៖ ជនជាតិមីយ៉ាន់ម៉ា ៨៧៥នាក់, ខ្មែរ ៣១៨នាក់, ឡាវ ២៣១នាក់, វៀតណាម ៨៧នាក់ និងជាតិសាសន៍ផ្សេងៗ ចំនួន១៧៨នាក់ ។https://www.matichonweekly.com/wp-content/uploads/2023/09/90294.jpg

អាជ្ញាធររកឃើញថា ជនបរទេសដែលបានដណ្តើមការងាររបស់ពលរដ្ឋថៃ សរុបស្មើចំនួន៧២១នាក់ រួមមាន ៖ ជនជាតិមីយ៉ាន់ម៉ា ៣១៦នាក់, ខ្មែរ ១៧៥នាក់, ឡាវ ១០៦នាក់, ឥណ្ឌា ៦៥នាក់, វៀតណាម ៤២នាក់, ចិន ៥នាក់ និងជាតិសាសន៍ផ្សេងៗ ១២នាក់ ។

ចំណែកការងារដែលជនបរទេសដណ្តើមធ្វើច្រើនបំផុត រួមមាន ៖ ការងារលក់ដូរ, កាត់សក់, បើកបរយានយន្ត និងម៉ាស្សា ។ រីឯការងារដែលជនបរទេសត្រូវបានអាជ្ញាធរថៃចាត់វិធានការតាមច្បាប់ ដោយសារពួកគេមិនអនុវត្តតាមលក្ខខណ្ឌ រួមមាន ៖ ការងារលក់ទំនិញនៅមុខហាង, ជាងសំណង់ និងកម្មករ ។https://opt-news.com/public/upload/news/newsc0c951a12ac19dde9b55393099d34864.jpg

ពលករបរទេសធ្វើការនៅប្រទេសថៃ ត្រូវតែគោរពតាមច្បាប់ថៃ ហើយវាដូចគ្នានឹងជនជាតិថៃ ដែលទៅធ្វើការនៅក្រៅប្រទេស ក៏ត្រូវគោរពច្បាប់របស់ប្រទេសនោះដែរ ។ ហេតុនេះ ពលករបរទេសត្រូវមានឯកសារសម្គាល់ខ្លួន និងលិខិតអនុញ្ញាតធ្វើការត្រឹមត្រូវ ហើយពួកគេត្រូវធ្វើការតាមសិទ្ធិដែលបានបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ក្រសួងការងារថៃ ពាក់ព័ន្ធនឹងការកំណត់ការងារចំនួន៤០ ហាមជនបរទេសធ្វើដាច់ខាត ។ ករណីជនបរទេសធ្វើការដោយគ្មានលិខិតអនុញ្ញាត ឬធ្វើការងារហួសពីសិទ្ធិរបស់ខ្លួន នឹងត្រូវពិន័យជាប្រាក់ ចាប់ពី៥ពាន់បាត ទៅ៥ម៉ឺនបាត ។

បន្ទាប់មក អាជ្ញាធរថៃនឹងបញ្ជូនពលករបរទេសធ្វើការខុសច្បាប់ទៅប្រទេសកំណើតវិញ ហើយពួកគេមិនអាចស្នើសុំលិខិតធ្វើការនៅប្រទេសថៃ រយៈពេល២ឆ្នាំ គឺគិតចាប់ពីថ្ងៃដែលពួកគេទទួលទោស ។ រីឯថៅកែ ឬកន្លែងអាជីវកម្មណាដែលទទួលយកពលករខុសច្បាប់មកធ្វើការ ឬឱ្យពលករបរទេសធ្វើការហួសពីសិទ្ធិរបស់ពួកគេ គឺថៅកែ ឬកន្លែងអាជីវកម្មនោះនឹងត្រូវបានពិន័យជាប្រាក់ ចាប់ពី១ម៉ឺនបាត ទៅ១សែនបាត សម្រាប់ពលករបរទេសម្នាក់ ។https://www.thailandplus.tv/wp-content/uploads/2024/03/S__142663695_0-e1710832258346.jpg

លើសពីនេះ បើអាជ្ញាធររកឃើញថា ថៅកែ ឬកន្លែងអាជីវកម្មនេះបានប្រព្រឹត្តខុសម្តងទៀត គឺពួកគេនឹងត្រូវជាប់ពន្ធនាគារមិនលើសពី១ឆ្នាំ ឬពិន័យជាប្រាក់ ចាប់ពី៥ម៉ឺនបាត ទៅ២សែនបាត សម្រាប់ពលករបរទេសម្នាក់ ព្រមទាំងមិនអនុញ្ញាតឱ្យថៅកែ ឬកន្លែងអាជីវកម្មនេះជួលពលករបរទេសមកធ្វើការ រយៈពេល៣ឆ្នាំ ។ នេះបើតាមការលើកឡើងរបស់មន្ត្រីអគ្គនាយកដ្ឋានការងារប្រទេសថៃ ៕