បរទេស៖ SpaceVIP ដែលជាក្រុមហ៊ុនទេសចរណ៍អវកាសដំបូងបង្អស់របស់ពិភពលោក រំពឹងថានឹងចាប់ផ្តើមបើកដំណើរការជាផ្លូវការនៅឆ្នាំ ២០២៥ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរណាដែលចូលចិត្តអវកាស សម្រាប់ការធ្វើដំណើរទៅកាន់លំហអាកាសរយៈពេល ៦ ម៉ោង ក៏ដូចជាមានអាហារដ៏ប្រណិតដើម្បីបម្រើអ្នកទស្សនានៅលើលំហផងដែរ។
យោងតាមសារព័ត៌មាន South China Morning Post ដែលបានរាយការណ៍កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ក្រុមហ៊ុនទេសចរណ៍អវកាសបានជួលមេចុងភៅជនជាតិដាណឺម៉ាកម្នាក់ឈ្មោះ Rasmus Munk ដែលធ្វើការនៅភោជនីយដ្ឋានលំដាប់ផ្កាយពីរ Alchemist ដើម្បីបង្កើតម៉ឺនុយ និងរៀបចំមុខម្ហូបសម្រាប់ភ្ញៀវចំនួន ៦ នាក់ដែលក្រុមហ៊ុនគ្រោងនឹងនាំទៅកាន់រយៈកម្ពស់ ៣០ គីឡូម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ ពួកគេនឹងញ៉ាំអាហារ ក៏ដូចជាមើលថ្ងៃរះ ខណៈពេលជិះប៉េងប៉ោងខ្យល់ដែលមានបច្ចេកវិទ្យាខ្ពស់ ជាមួយនឹង Wi-Fi ដែលអាចឱ្យភ្ញៀវផ្សាយផ្ទាល់អាហាររបស់ពួកគេទៅកាន់មិត្តភក្តិនៅលើដី។
ប៉េងប៉ោងខ្យល់ដែលបង្កើតឡើងដោយ Space Perspective មិនត្រូវការឧបករណ៍ពិសេសទេ។ យានដែលមានរាងដូចប៉េងប៉ោងនេះ នឹងត្រូវបាញ់បង្ហោះដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី ដែលបង្កើតឡើងដោយទីភ្នាក់ងារអវកាសអាមេរិក (NASA) មិនមែនជាគ្រាប់រ៉ុក្កែតនោះទេ ហើយសម្រាប់ការហោះហើរសាកល្បងនឹងចាប់ផ្តើមនៅក្នុងខែមេសាខាងមុខនេះ។
ទោះបីជាមុខម្ហូបមិនទាន់ត្រូវបានបញ្ចប់ក៏ដោយ ក៏មេចុងភៅវ័យ ៣២ ឆ្នាំរូបនេះបាននិយាយថា គាត់ចង់ឱ្យមុខម្ហូបមានភាពច្នៃប្រឌិតជាមួយនឹងចានដែលបំផុសគំនិតដោយ airgel ដែលជាវត្ថុធាតុរឹងស្រាលបំផុតនៅលើផែនដី និងរសជាតិដ៏ឈ្ងុយឆ្ងាញ់ដែលមានក្លិនក្រអូបជាប់ក្នុងម្ហូបនីមួយៗ។
បើយោងតាមស្ថាបនិក SpaceVIP លោក Roman Chiporukha បាននិយាយថា បច្ចុប្បន្នមានមនុស្សរាប់សិបនាក់បានកំពុងចុះឈ្មោះដើម្បីចូលរួមក្នុងអាហារដ៏ថ្លៃនេះភ្លាមៗនៅពេលដែលព័ត៌មានអំពីការធ្វើដំណើរត្រូវបានប្រកាស។ ទោះជាយ៉ាងណាក៏ដោយ ចំនួនមនុស្សក្នុងការធ្វើដំណើរត្រូវបានកំណត់ត្រឹមតែ ៦ នាក់ប៉ុណ្ណោះ ហើយអាហារដ្ឋាននីមួយៗត្រូវបង់ប្រាក់ចំនួន ៥០០,០០០ ដុល្លារអាមេរិកសម្រាប់ការធ្វើដំណើរក្នុងរយៈពេល ៦ ម៉ោង៕










