Home ព័ត៌មានអន្តរជាតិ ប្រធានគណបក្សភឿថៃដឹកនាំគណៈប្រតិភូមកប្រទេសកម្ពុជា ជាផ្លូវការ

ប្រធានគណបក្សភឿថៃដឹកនាំគណៈប្រតិភូមកប្រទេសកម្ពុជា ជាផ្លូវការ

51
0

អ្នកនាង Paetongtarn Shinawatra ប្រធានគណបក្សភឿថៃ បានដឹកនាំគណៈប្រតិភូមកប្រទេសកម្ពុជាជាផ្លូវការ ក្នុងគោលដៅអភិវឌ្ឍន៍ Soft Power និងវិស័យទេសចរណ៍ ព្រមទាំងពិភាក្សាអំពីបញ្ហាខ្យល់ PM 2.5 រួមគ្នាជាមួយកម្ពុជា ខណៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវក្តីរីករាយ ដែលលោក Thaksin Shinawatra បានត្រឡប់មកកាន់ប្រទេសថៃវិញ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃឈ្មោះ Thairath កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ។

កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ អ្នកនាង Paetongtarn Shinawatra ប្រធានគណបក្សភឿថៃ និងជាប្រធានគណៈកម្មការអភិវឌ្ឍន៍ Soft Power ប្រទេសថៃ ព្រមទាំងមន្ត្រីជាច្រើនរូបរបស់គណបក្សភឿថៃ បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា តាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា ដោយមានឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មកទទួលស្វាគមន៍អ្នកនាង Paetongtarn និងគណៈប្រតិភូនៅអាកាសយានដ្ឋានភ្នំពេញ ។https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/432476567_390833373749170_3436990310322096760_n.jpg?_nc_cat=110&ccb=1-7&_nc_sid=5f2048&_nc_ohc=h3arz5EBZeIAX95QJhj&_nc_ht=scontent.fpnh1-2.fna&oh=00_AfAcQ_MI2-5BF5DAEW5op7xUKa79ZlsJU_dBgIYF-cBdqg&oe=65FE7BEE

ជាកិច្ចបន្ទាប់ អ្នកនាង Paetongtarn និងគណៈប្រតិភូបានធ្វើដំណើរទៅកាន់វិមានសន្តិភាព ដើម្បីចូលជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយអ្នកនាង Paetongtarn លើកឡើងថា អ្នកនាងមានអារម្មណ៍ថា មានកិត្តិយសខ្លាំងណាស់ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញអ្នកនាងមកប្រទេសកម្ពុជា ។

អ្នកនាង Paetongtarn ក៏បានបង្ហាញនូវក្តីរីករាយផងដែរ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានតំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ។ ហេតុនេះ ក្នុងឋានៈជាប្រធានគណបក្សភឿថៃ អ្នកនាង Paetongtarn បានប្តេជ្ញាចិត្តថា នឹងធ្វើការរួមគ្នាជាមួយគណបក្សរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ ឱ្យកាន់តែរឹងមាំថែមទៀត ។https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/432480120_390838860415288_9117686979179788347_n.jpg?_nc_cat=111&ccb=1-7&_nc_sid=5f2048&_nc_ohc=fd4V94vJBaAAX9-GKXR&_nc_ht=scontent.fpnh1-2.fna&oh=00_AfDxQQT3T-jnHe1fHGS1E6DKDikDd0ReBDoamYdRmLr-5w&oe=65FDF472

អ្នកនាង Paetongtarn បន្តថា ភាពស្និទ្ធស្នាលរវាងភាគីទាំងពីរនេះ គឺជាចំណុចដ៏សំខាន់ ហើយក្នុងឋានៈអ្នកនាងជាប្រធានគណៈកម្មការអភិវឌ្ឍន៍ Soft Power ប្រទេសថៃ អ្នកនាងបានពិភាក្សាអំពីយន្តការផ្សេងៗដែលមានស្រាប់ ដើម្បីការផ្លាស់ប្តូរ និងជំរុញទំនាក់ទំនងរវាងពលរដ្ឋនៃប្រទេសទាំងពីរ ជាពិសេស ផ្នែកសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ, វប្បធម៌ និងទេសចរណ៍ ។

កិច្ចសហការនេះនឹងផ្តល់ប្រយោជន៍ខ្ពស់បំផុតដល់ប្រទេសទាំងពីរ ហើយអ្នកនាង Paetongtarn បានសង្កត់ធ្ងន់លើវិស័យទេសចរណ៍ជាពិសេស ពីព្រោះប្រទេសកម្ពុជា និងថៃ មានទំនាក់ទំនងផ្នែកវប្បធម៌ និងប្រវត្តិសាស្ត្រ ដែលប្រទេសទាំងពីរអាចសហការគ្នាទាក់ទាញភ្ញៀវទេសចរក្នុងតំបន់រួមគ្នាយ៉ាងមានប្រសិទ្ធភាព និងគួរឱ្យចាប់អារម្មណ៍សម្រាប់ពលរដ្ឋខ្មែរ និងថៃ និងជនបរទេសកាន់តែខ្លាំង ។https://scontent.fpnh1-1.fna.fbcdn.net/v/t39.30808-6/432469012_390833383749169_4653421227636176977_n.jpg?_nc_cat=107&ccb=1-7&_nc_sid=5f2048&_nc_ohc=jUlzRfD8LHcAX-mTBYJ&_nc_ht=scontent.fpnh1-1.fna&oh=00_AfDn6ZHTaZfR2u-oOJUYHv2N3YtUOjdACPDEwGYPky-wTQ&oe=65FD09B7

ចំណុចសំខាន់ អ្នកនាង Paetongtarn មានគោលបំណងគាំទ្រគម្រោង «ASEAN Drive Tourism» ដែលបានផ្តួចផ្តើមដោយរដ្ឋាភិបាលរបស់លោក Srettha Thavisin នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ ដើម្បីជំរុញវិស័យទេសចរណ៍រួមគ្នា នៅក្រោមគំនិត «6 Countries One Destination» រួមមាន ៖ ប្រទេសកម្ពុជា, ថៃ, ឡាវ, ម៉ាឡេស៊ី, វៀតណាម និងមីយ៉ាន់ម៉ា ។ ហេតុនេះ អ្នកនាងសង្ឃឹមថា គម្រោងនេះនឹងចាប់ផ្តើមដំណើរការនាពេលឆាប់ៗ ។

អ្នកនាង Paetongtarn ក៏បានពិភាក្សាគ្នាបន្ថែមទៀតអំពីការដោះស្រាយបញ្ហាខ្យល់ PM 2.5 ក្នុងតំបន់អាស៊ាន តាមរយៈកិច្ចសហការគ្នារវាងគណបក្សបក្សមួយទៅគណបក្សមួយ ហើយអ្នកនាងក៏បានតាមដានវឌ្ឍនភាពពីការសហការគ្នានៃមជ្ឈមណ្ឌលតាមដាន Hotspot រវាងប្រទេសក្នុងតំបន់អាស៊ានផងវដែរ ដែលនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin ធ្លាប់បានពិភាក្សានាពេលកន្លងមក ។https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/432507002_390833397082501_8802769782687963334_n.jpg?_nc_cat=108&ccb=1-7&_nc_sid=5f2048&_nc_ohc=b0u37KlMNW0AX-O3MQq&_nc_ht=scontent.fpnh1-2.fna&oh=00_AfBC_8vJCtsoYNYVSEnlxzlnn2-hR3ucilZMS0tjMV31Xw&oe=65FEED11

អ្នកនាង Paetongtarn លើកឡើងថា ក្នុងឋានៈអ្នកនាងជាអ្នកនយោបាយស្ត្រី អ្នកនាងចង់ឃើញកិច្ចសហការគ្នារវាងអ្នកនយោបាយស្ត្រីរបស់ប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរចំណេះដឹង និងចក្ខុវិស័យ ដើម្បីអភិវឌ្ឍន៍សក្តានុពល និងជំរុញចំនួនសមាជិកសភាតំណាងរាស្ត្រជាស្ត្រី ។ វានឹងអាចឆ្លុះបញ្ចាំង និងដោះស្រាយបញ្ហាឧបសគ្គដល់ការអភិវឌ្ឍរបស់ស្ត្រីប្រកបដោយនិរន្តរភាពរវាងប្រទេសទាំងពីរ ។

ចំណែកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សម្តេចរីករាយដែលអ្នកនាង Paetongtarn បានទទួលតំណែងជាប្រធានគណបក្ស ហើយសម្តេចក៏បានបង្ហាញនូវក្តីរីករាយចំពោះការត្រឡប់មកវិញរបស់លោក Thaksin Shinawatra អតីតនាយករដ្ឋមន្ត្រីថៃផងដែរ ខណៈគណបក្សភឿថៃ និងគណបក្សប្រជាជនកម្ពុជា មានទំនាក់ទំនងល្អជាមួយគ្នាអស់រយៈពេលយូរមកហើយ ។ ហេតុនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានក្តីរីករាយយ៉ាងខ្លាំង ដែលបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចជាផ្លូវការរបស់អ្នកនាង Paetongtarn និងគណៈប្រតិភូលើកនេះ ។https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/432462345_390833503749157_776678613989806024_n.jpg?_nc_cat=101&ccb=1-7&_nc_sid=5f2048&_nc_ohc=93J7SJbG_wwAX-Pnqjg&_nc_ht=scontent.fpnh1-2.fna&oh=00_AfC1tR6_82iqv-pvSxI6mMz9ZWEKJBwPmNF2QcDi3qttaw&oe=65FECA0A

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin លើកចុងក្រោយនៅប្រទេសអូស្ត្រាលី និងបានបង្កើតគោលការណ៍ណែនាំពិសេស (Special Working Mechanism) ជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាផ្សេងៗឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ។ ពិសេសជាងនេះទៀត ការសហការគ្នានៅតាមព្រំដែនរវាងប្រទេសទាំងពីរនឹងនាំមកនូវសុខសន្តិភាព និងជំរុញពាណិជ្ជកម្មនៅតាមព្រំដែន, ការវិនិយោគ និងទេសចរណ៍រួមគ្នា ។

សារព័ត៌មាន Thairath រាយការណ៍ថា ក្រៅពីអ្នកនាង Paetongtarn និងគណៈប្រតិភូបានពិភាក្សាគ្នាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួចហើយ នៅល្ងាចថ្ងៃដដែល អ្នកនាង Paetongtarn ព្រមទាំងគណៈប្រតិភូ បានធ្វើដំណើរទៅកាន់ទីស្នាក់ការរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីពិភាក្សាជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឋានៈអ្នកនាងជាប្រធានគណបក្សភឿថៃ មុនពេលទទួលទានអាហាររួមគ្នា ៕