Home ព័ត៌មានអន្តរជាតិ ជាអ្នកមានប្រាក់ដែរ តែមាននៅស្ទើរបន្តិច! ឪពុក-ម្តាយ ជិះយន្តហោះកៅអី Business Class ហើយឱ្យកូនអាយុត្រឹមតែ៥ឆ្នាំ ជិះកៅអី Economy Class បង្កការរំខានខ្លាំង និងធ្វើឱ្យនារីអូតែសឈឺក្បាល...

ជាអ្នកមានប្រាក់ដែរ តែមាននៅស្ទើរបន្តិច! ឪពុក-ម្តាយ ជិះយន្តហោះកៅអី Business Class ហើយឱ្យកូនអាយុត្រឹមតែ៥ឆ្នាំ ជិះកៅអី Economy Class បង្កការរំខានខ្លាំង និងធ្វើឱ្យនារីអូតែសឈឺក្បាល ល្បីពេញបណ្តាញសង្គម

64
0

តៃវ៉ាន់ ៖ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា នារីអូតែសបម្រើការនៅលើយន្តហោះឈឺក្បាលយ៉ាងខ្លាំង នៅពេលជួបករណីមួយ គឺឪពុក-ម្តាយជិះយន្តហោះកៅអី Business Class ហើយឱ្យកូនអាយុត្រឹមតែ៥ឆ្នាំ ជិះកៅអី Economy Class តែម្នាក់ឯង ហើយផ្តាំផ្ញើឱ្យអូតែសជួយមើលការខុសត្រូវផង ។ នារីអូតែសសួរថា តើការមើលថែក្មេង គឺជាតួនាទីរបស់នាង មែនទេ?

គេហទំព័រ HK01 រាយការណ៍ថា អ្នកស្រី Liu Fanxuan ជាភរិយារបស់សិល្បករម្នាក់នៅតៃវ៉ាន់ ហើយអ្នកស្រីធ្វើការជាអូតែសលើយន្តហោះ បានសរសេររៀបរាប់នៅក្នុង Instagram អំពីហេតុការណ៍កើតឡើង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ថា អ្នកស្រីបានឃើញប្តី-ប្រពន្ធ១គូ មានអាយុប្រមាណ៣៥ឆ្នាំ ឡើងជិះយន្តហោះជាមួយកូនប្រុសអាយុ៥ឆ្នាំ ។ ប៉ុន្តែអ្វីដែលចម្លែកនោះ គឺអ្នកទាំងពីរនេះជិះយន្តហោះកៅអី Business Class ប៉ុន្តែឱ្យកូនប្រុសជិះកៅអី Economy Class តែម្នាក់ឯង ។

ម្តាយរបស់ក្មេងប្រុស បាននិយាយយ៉ាងសុភាពមកកាន់អូតែសថា ៖ «កូនប្រុសរបស់យើងអង្គុយត្រង់នេះម្នាក់ឯង សូមរំខានអ្នកជួយមើលថែគេផង ។ បើគេចង់ហូបអាហារ ឬចង់ផឹកអ្វី សូមអ្នកជួយរកអីឱ្យគេញ៉ាំផង ។ ក្រៅពីនេះ អ្នកជួយនាំគេចូលបន្ទប់ទឹក ហើយបន្ទាប់ពីយន្តហោះចេញដំណើរ សូមអ្នកជួយយករបស់លេងឱ្យគេលេងផង» ។

ក្រោយពីនារីអូតែសបានឮបែបនេះ ក៏មានអារម្មណ៍ស្រឡាំងកាំងរហូតនិយាយអ្វីលែងចេញ ពីព្រោះយន្តហោះនេះត្រូវធ្វើដំណើរផ្លូវឆ្ងាយ គឺត្រូវចំណាយពេលវេលាធ្វើដំណើររហូតដល់១៤ម៉ោងឯណោះ ។

អ្នកស្រី Liu Fanxuan បន្តថា នៅពេលយន្តហោះចេញដំណើរ ក្មេងប្រុសរូបនេះគិតតែពីអង្គុយយំរកម្តាយឥតឈប់ រហូតដល់គាត់ត្រូវនាំគេចេញពីកៅអីអង្គុយ Economy Class ទៅតាមរកឪពុក-ម្តាយ ដែលអង្គុយនៅកៅអី Business Class ។ អ្នកស្រីបន្តថា គាត់ភ្ញាក់ផ្អើលពេលនាំក្មេងទៅកាន់ទីនោះ ស្រាប់តែឃើញឪពុក-ម្តាយក្មេងរវល់តែអង្គុយហូបអាហារ និងផឹកស្រាសំប៉ាញយ៉ាងសប្បាយរីករាយ ហើយមិនព្រមក្រោកពីកៅអីមកមើលកូនរបស់ខ្លួនឡើយ ។

នារីអូតែសបន្ថែមថា កៅអីប្រភេទ Economy Class នៅលើយន្តហោះនេះ មានអ្នកបម្រើការលើយន្តហោះត្រឹមតែ៦នាក់ប៉ុណ្ណោះ ដែលត្រូវទទួលខុសត្រូវ និងមើលថែអ្នកដំណើររហូតដល់២១១នាក់ ហើយការថែទាំក្មេងតូចលើយន្តហោះ វាមិនមែនជាតួនាទីការងាររបស់ពួកគេទេ ។ អ្នកស្រីថា ៖ «យើងនឹងអាចមើលថែអ្នកដំណើរគ្រប់រូបបាន តែយើងមិនអាចធ្វើតួនាទីជាអ្នកមើលក្មេងទេ» ។

ក្រោយពីនារីអូតែសបង្ហោះបែបនេះក្នុងបណ្តាញសង្គម ធ្វើឱ្យមហាជននាំគ្នារិះគន់ឪពុក-ម្តាយក្មេងយ៉ាងខ្លាំង ពីព្រោះគ្រប់គ្នាបានដឹងហើយថា ក្មេងៗតែងតែយំ និងចូលចិត្តធ្វើសំឡេងខ្លាំងៗពេលគ្មានឪពុក-ម្តាយនៅជាមួយ ។ រីឯអ្នកខ្លះបានណែនាំឱ្យក្រុមហ៊ុនអាកាសចរណ៍នេះដាក់ឈ្មោះឪពុក-ម្តាយរបស់ក្មេងចូលក្នុងបញ្ជីខ្មៅ ៕