ជប៉ុន៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះទីភ្នាក់ងារសារព័ត៌មាន BBC បានរាយការណ៍ថា អាជ្ញាធរនៅទីក្រុង Fukuyama ខេត្តហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុនបានចេញសេចក្តីប្រកាសដល់ពលរដ្ឋកុំឱ្យចូលទៅជិត ឬប៉ះពាល់ឆ្មាដែលវង្វេងតាមផ្លូវ ព្រោះមានឆ្មាមួយក្បាលបានធ្លាក់ចូលទៅក្នុងធុងគីមី នៅខាងក្នុងរោងចក្រ Nomura ដែលជាសារធាតុគីមីពុលគ្រោះថ្នាក់ខ្លាំងដល់ជីវិតមនុស្ស។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីកម្មកររោងចក្រមួយបានរកឃើញក្រដាសពណ៌លឿងចេញពីកុងតឺន័រ។ បន្ទាប់មកពួកគេក៏បានពិនិត្យមើលកាមេរ៉ាសុវត្ថិភាព ហើយឃើញថាឆ្មាកំពុងព្យាយាមរត់ចេញពីធុងគីមី ដោយបន្សល់ទុកនូវស្នាមក្រយ៉ៅដៃ។ ភ្លាមនោះមន្ត្រីនៅក្នុងទីក្រុង Fukuyama ក៏បានស្នើឱ្យសាធារណជននៅឱ្យឆ្ងាយពីសត្វនេះ ដើម្បីជៀសវាងគ្រោះថ្នាក់ដល់មនុស្ស។
បើយោងតាមគេហទំព័រព័ត៌មាន Asahi ក៏បានឱ្យដឹងទៀតថា ធុងគីមីដែលឆ្មាបានប៉ះពាល់នោះ គឺមានសារធាតុក្រូមីញ៉ូម hexavalent ដែលជាសារធាតុគីមីពុលខ្លាំងនិងមានអាស៊ីតខ្ពស់ ដែលអាចបង្កជាជំងឺមហារីកយ៉ាងឆាប់រហ័ស ក៏ដូចជាបណ្តាលឱ្យរលាកស្បែក ពិការភ្នែក និងបញ្ហាផ្លូវដង្ហើមផងដែរ។ ហេតុនេះហើយ ក្រុមបរិស្ថាននៃទីក្រុង Fukuyama ក៏បានព្រមានសាធារណជនកុំឱ្យប៉ះឆ្មាវង្វេងតាមផ្លូវ ឬកុំប៉ះឆ្មាណាដែលមានរូបរាងមិនធម្មតាឡើយ។
ទោះជាយ៉ាងណា ក្រុមអ្នកជំនាញបាននិយាយថា សត្វនេះទំនងអាចនឹងបាត់បង់ជីវិត ដោយសារឧបទ្ទវហេតុគ្រោះថ្នាក់នេះ។ ក្រុមហ៊ុនដែលជាម្ចាស់រោងចក្របាននិយាយថា ធុងនេះត្រូវបានគ្របជិតជាធម្មតា ប៉ុន្តែនៅថ្ងៃកើតហេតុ ផ្នែកនោះក៏ត្រូវបានគេរាយការណ៍ថាបានក្រឡាប់។ អ្នកនាំពាក្យក្រុមហ៊ុនបានបញ្ជាក់ដូច្នេះថា “ឧបទ្ទវហេតុនេះបានដាស់តឿនយើងឱ្យមានវិធានការណ៍ដើម្បីការពារសត្វតូចៗដូចជាឆ្មាពីការលួចចូល ដែលជាអ្វីដែលយើងមិនធ្លាប់គិតពីមុនមក”។ បច្ចុប្បន្នមន្ត្រីបាននិយាយថា រហូតមកដល់ថ្ងៃពុធនេះមិនទាន់មានរបាយការណ៍ឃើញឆ្មាមួយក្បាលនេះទេ៕










