កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនយន្តអវកាស SpaceX របស់លោក Elon Musk បានចេញសេចក្តីប្រកាសតាមរយៈបណ្តាញសង្គម X ថា យន្តអវកាស Starship របស់ខ្លួន ដែលជារ៉ុក្កែតដ៏ធំសម្បើមនិងមានឥទ្ធិពលបំផុតមិនធ្លាប់មាន គ្រោងនឹងបាញ់បង្ហោះម្តងទៀត នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះហើយ។
ក្តីស្រម៉ៃរបស់លោក Elon Musk គឺចង់រុករកឋានព្រះច័ន្ទនិងភពព្រះអង្គារ ដែលនឹងជួយជម្លៀសមនុស្សទៅរស់នៅទីនោះប្រកបដោយភាពជោគជ័យ ដោយបច្ចុប្បន្ន ក្រុមហ៊ុន SpaceX របស់លោកបាននឹងកំពុងព្យាយាមយ៉ាងពេញទំហឹងក្នុងការអភិវឌ្ឍយាន្តអវកាស Starship ខ្លួនឲ្យមានឥទ្ធិពលបំផុត។ ទោះជាយ៉ាងណា នេះគឺជាការបាញ់បង្ហោះគ្រាប់រ៉ុកែត Starship ជាលើកទី៣ហើយដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែមីនានេះ ខណៈដែលការបង្ហោះ២ដងលើកមុនគឺកាលពីខែមេសា និងវិច្ឆិកា ឆ្នាំ២០២៣ ហើយក៏ទទួលបាននូវការបរាជ័យទាំង២លើក។
ក្រុមហ៊ុន SpaceX បញ្ជាក់ថាការបាញ់បង្ហោះយាន្តអវកាសខ្លួនលើកនេះ នឹងធ្វើឡើងពី Starbase ក្នុងទីក្រុង Boca Chica រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដែលនឹងមានការបន្តផ្សាយផ្ទាល់នៅលើគេហទំព័រក្រុមហ៊ុន SpaceX លើបណ្តាញសង្គម X។ ប៉ុន្តែទោះជាយ៉ាងណា ទាំងនេះគ្រាន់តែជាផែនការ អាចនឹងមានការផ្លាស់ប្តូរតាមសា្ថនភាពជាក់ស្តែង៕










