ប្រទេសហ្វីលីពីន ៖ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា សហរដ្ឋអាមេរិកប្រកាសថា ត្រៀមវិនិយោគនៅប្រទេសហ្វីលីពីន ស្មើទឹកប្រាក់ជាង១ពាន់លានដុល្លារអាមេរិក ក្នុងវិស័យសំខាន់ៗ ដូចជា ៖ ថាមពលពន្លឺព្រះអាទិត្យ, រថយន្តអគ្គិសនី និងការផ្លាស់ប្តូរឈានទៅរកឌីជីថល ។
សារព័ត៌មានរ៉យទ័ររាយការណ៍ថា មន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបានលើកឡើងក្នុងអំឡុងពេលធ្វើដំណើរមកកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ជាផ្លូវការថា ក្រុមហ៊ុនរបស់អាមេរិកត្រៀមវិនិយោគនៅហ្វីលីពីន ស្មើទឹកប្រាក់ជាង១ពាន់លានដុល្លារអាមេរិក ។ ក្រុមហ៊ុនអាមេរិកចាប់អារម្មណ៍វិនិយោគលើផ្នែកថាមពលពន្លឺព្រះអាទិត្យ, រថយន្តអគ្គិសនី និងការផ្លាស់ប្តូរឈានទៅរកឌីជីថល ។
អ្នកនាង Remondo ជាមន្ត្រីតំណាងលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានធ្វើដំណើរមកកាន់ទីក្រុងម៉ានីល និងអនុវត្តបេសកកម្មវិនិយោគរយៈពេល២ថ្ងៃ ព្រមជាមួយគណៈប្រតិភូសុទ្ធតែជាមន្ត្រីជាន់ខ្ពស់មកពីក្រុមហ៊ុននានា ដូចជា ៖ ក្រុមហ៊ុន GreenFire Energy, Google Asia Pacific, Visa, United Airlines និង KKR ។ ក្រុមហ៊ុនអាមេរិកទាំងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យផ្សេងៗនៅប្រទេសហ្វីលីពីន រួមទាំងហេដ្ឋារចនាសម្ព័ន្ធ, ថាមពលស្អាត, រ៉ែ, កសិកម្ម និងការច្នៃប្រឌិត ។
អ្នកនាង Remondo បាននិយាយទៅកាន់មន្ត្រីហ្វីលីពីនថា ៖ «សម្ព័ន្ធមិត្តរវាងប្រទេសហ្វីលីពីនជាមួយអាមេរិក គឺមានភាពរឹងមាំអស់រយៈពេល៧២ឆ្នាំហើយ ។ ប្រទេសយើងទាំងពីរនៅតែជាមិត្តល្អនឹងគ្នាយ៉ាងរឹងមាំ និងជាដៃគូក្នុងភាពចម្រុងចម្រើនផងដែរ» ។
គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន និងអាមេរិក គឺជាសម្ព័ន្ធមិត្តនឹងគ្នានៅក្រោមសន្ធិសញ្ញាការពារជាតិ ដែលមានរយៈពេលរហូតដល់៧៣ឆ្នាំ ។ បច្ចុប្បន្ន ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានព្យាយាមពង្រឹងទំនាក់ទំនងជាមួយអាមេរិកឱ្យកាន់តែស៊ីជម្រៅថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច បន្ថែមពីលើកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ ៕










