មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងកម្មវិធីប្រគល់រង្វាន់ Oscar ដែលត្រូវនឹងព្រឹកថ្ងៃទី ១១ ខែមីនា ម៉ោងនៅកម្ពុជា នៅសាល Dolby Theatre ដោយលោក John Cena ជាអតីតកីឡាកាសដ៏ល្បីឈ្មោះបានស្រាតននោលគោកក្នុងកម្មវិធីដ៏ធំនេះ។
មុនពេលបង្ហាញខ្លួន John Cena បានឈរនៅជ្រុងមួយនៃឆាកនិយាយលេងជាមួយពិធីករ Jimmy Kimmel ដោយលោកបានប្រាប់លោក Jimmy ថា «ខ្ញុំមិនចង់ធ្វើវាទេ។ ខ្ញុំគ្រាន់តែមានអារម្មណ៍មិនល្អអំពីវា។ នេះជាព្រឹត្តិការណ៍ផ្លូវការមួយ អ្នកគួរតែខ្មាសគេសម្រាប់ការនិយាយលេងសើចគ្មានរសជាតិបែបនេះ»។ ពិធីករ ឆ្លើយថា «គ្រាន់តែលេងសើច» ហើយ John Cena ឆ្លើយថា «មនុស្សប្រុសមិនមែនលេងសើចទេ!»។ បន្ទាប់មក John Cena បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល នៅពេលដែលលោកដើរចេញដោយគ្មានសម្លៀកបំពាក់ ហើយបានប្រើស្រោមសំបុត្រដែលអាចបិទបាំងចំណុចសំខាន់របស់លោកប៉ុណ្ណោះ។ ការបង្ហាញខ្លួនរបស់ John Cenaក្នុងស្ថានភាពនេះបានធ្វើឱ្យទស្សនិកជនផ្ទុះសំណើចយ៉ាងខ្លាំង។ បន្ទាប់ពីនោះ Jimmy Kimmel បានសង្គ្រោះ John Cena ដោយយកក្រណាត់វាំងននមករុំខ្លួនលោកដើម្បីអាចប្រកាសអ្នកឈ្នះពានរង្វាន់បាន។.png)
យោងតាម Variety ពិធីករ Jimmy Kimmel និង John Cena បានសរសេររឿងកំប្លែងនេះ ដើម្បីរំលឹកពីគ្រាដ៏បុរាណស្រដៀងគ្នានេះនៅឯកម្មវិធី Oscars ឆ្នាំ ១៩៧៤ ។ នៅឆ្នាំនោះ បុរសអាក្រាតកាយម្នាក់ក៏បានរត់ឡើងលើឆាក នៅពេលដែល David Niven កំពុងណែនាំ Elizabeth Taylor ។ មនុស្សអាក្រាតដែលរំខានដល់ព្រឹត្តិការណ៍សាធារណៈគឺជានិន្នាការក្នុងចំណោមអ្នកគាំទ្រក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ។
គួរបញ្ជាក់ថា John Cena មានអាយុ ៤៧ឆ្នាំគឺជាតារាសម្តែងជនជាតិអាម៉េរិក រ៉េប និងជាអ្នកចំបាប់អាជីព។ លោកត្រូវបានគេចាត់ទុកថាជាអ្នកចំបាប់អាជីពដ៏អស្ចារ្យបំផុតគ្រប់ពេល ដែលជាម្ចាស់ជើងឯក WWE ១៦ សម័យកាល។ តារាសម្តែងរូបនេះបានសម្ដែងក្នុងរឿងមួយចំនួនហើយបច្ចុប្បន្ន John Cena បានដើរតួសំខាន់ក្នុងរឿងកំប្លែង Ricky Stanicky ៕










