ប្រទេសវៀតណាម ៖ អ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលពួកគេបានឃើញការផលិតជើងមាន់រសជាតិហឹរនៅប្រទេសវៀតណាម មានសភាពកខ្វក់ខ្លាំងក្នុងរោងចក្រមួយកន្លែង ។ បើតាមរូបភាព គឺបុគ្គលិកធ្វើការក្នុងរោងចក្រនេះពាក់ស្បែកជើងដើរជាន់លើជើងមាន់ ដែលគេចាក់រាយប៉ាយនៅលើឥដ្ឋគ្មានអនាម័យ ។
អ្នកលេងបណ្តាញសង្គមហ្វេសប៊ុករបស់វៀតណាមបានបង្ហោះរូបភាពរោងចក្រផលិតជើងមាន់រសជាតិហឹរមួយកន្លែង និងសរសេរថា ៖ «នេះជាជើងមាន់មានរសជាតិហឹរ មុននឹងឈានដល់ដំណាក់កាលវេចខ្ចប់» ។ ការបង្ហោះនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមវៀតណាមចាប់អារម្មណ៍យ៉ាងខ្លាំង ហើយអ្នកលេងបណ្តាញសង្គមជាច្រើននាក់បានចូលមកបញ្ចេញមតិ ។
បើតាមរូបភាពបង្ហាញថា រោងចក្រនេះបានយកជើងមាន់យ៉ាងច្រើនមកចាក់គរនៅលើឥដ្ឋក្នុងបន្ទប់មួយមើលទៅគ្មានអនាម័យ ហើយគេបានឃើញបុគ្គលិកប្រុសម្នាក់ពាក់ស្បែកជើងដើរជាន់លើជើងមាន់ទៀតផង ។ លើសពីនេះ នៅមានជើងមាន់ជាច្រើនទៀតដែលគេចាក់រាយប៉ាយក្បែរគ្នានៅលើឥដ្ឋផងដែរ ។
ជើងមាន់ហឹរ គឺជាអាហារសម្រន់មួយប្រភេទដែលពលរដ្ឋវៀតណាម និងជនបរទេសចូលចិត្តបរិភោគ ប៉ុន្តែក្រោយពីពួកគេបានឃើញរូបភាពទាំងនេះ ធ្វើឱ្យពួកគេអន់ចង់ ។ មនុស្សមួយចំនួនប្រាប់ថា វាមិនចម្លែកចិត្តទេ ព្រោះពេលហូបជើងមាន់ ពួកគេតែងតែធុំក្លិនស្អុយកៅស៊ូ ។ មនុស្សខ្លះទៀតប្រាប់ថា ហូបជើងមាន់មានរសជាតិដូចបាតជើងមនុស្ស ។
អ្នកលេងបណ្តាញសង្គមផ្សេងទៀតប្រាប់ថា ៖ «ខ្ញុំបានទិញជើងមាន់ពេលទៅលេងវៀតណាម ហើយខ្ញុំហូបវាអស់ហើយ ។ ឆ្កួតមែន ជនជាតិវៀតណាមធ្វើបែបនេះ មែនឬ?» ។ អ្នកខ្លះទៀតនិយាយថា ៖ «កំពុងតែទំពារសុខៗ ព្រឺសម្បុរនៅពេលឃើញរូបភាពនេះ» ។
ចំណែកអ្នកខ្លះទៀតថា ៖ «ខ្ញុំប្រាប់ស្វាមីថា វាធុំក្លិនស្អុយបន្តិច តែស្វាមីប្រាប់ថា វាជាក្លិនគ្រឿងទេស» ។ ចំណែកអ្នកលេងបណ្តាញសង្គមផ្សេងទៀតនិយាយលេងសើចថា ធ្វើបែបនេះ ទើបជើងមាន់មានរសជាតិឆ្ងាញ់ ព្រោះវាជាដំណាក់កាលធ្វើឱ្យជើងមាន់ទន់ ។
ទោះយ៉ាងណា គេពុំទាន់ទទួលបានព័ត៌មានបន្ថែមថា តើរូបភាពទាំងនេះជាការផលិតជើងមាន់រសជាតិហឹរនៅស្រុកណាទេក្នុងប្រទេសវៀតណាម ប៉ុន្តែវាបានធ្វើឱ្យអ្នកដែលចូលចិត្តបរិភោគជើងមាន់ហឹររបស់វៀតណាមខ្ពើមរអើមគ្រប់ៗគ្នា ៕.jpg)










