បរទេស៖ កាលពីពេលថ្មីៗនេះ ទីភ្នាក់ងារសុវត្ថិភាពចំណីអាហារកូរ៉េបានបញ្ឈប់ការនាំចូលសំណាកស្ករគ្រាប់ពីប្រទេសជប៉ុនបន្ទាប់ពីរកឃើញបរិមាណសារធាតុ Cesium ដែលជាប្រភេទសារធាតុវិទ្យុសកម្ម នៅក្នុងផលិតផលស្ករគ្រាប់របស់ប្រទេសជប៉ុន ដែលគ្រោងនឹងនាំចូលទៅប្រទេសកូរ៉េ ប៉ុន្តែត្រូវបានមន្ត្រីកូរ៉េរកឃើញ និងលុបចោលផែនការនាំចូលស្ករគ្រាប់គ្រប់ប្រភេទពីប្រទេសជប៉ុន។
នេះបើយោងតាម Korea Joongang Daily ដែលបានរាយការណ៍នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ថាក្នុងអំឡុងពេលត្រួតពិនិត្យផលិតផលនាំចូលពីប្រទេសជប៉ុន ស្រាប់តែមន្ត្រីកូរ៉េបានរកឃើញសារធាតុ Cesium នៅក្នុងគំរូស្ករគ្រាប់ដែលផលិតនៅក្នុងខេត្ត Shizuoka ប្រទេសជប៉ុនចំនួនក្នុងមួយគីឡូក្រាម។ ភ្លាមនោះក្រុមហ៊ុនដែលមានបំណងនាំចូលស្កគ្រាប់ ១២២ គីឡូក្រាមនៃផលិតផលដែលរងផលប៉ះពាល់បានលុបចោលផែនការនាំចូលរបស់ខ្លួនជាការឆ្លើយតបទៅនឹងការរកឃើញនេះ។
ទោះបីជាកម្រិតវិទ្យុសកម្មដែលបានរកឃើញធ្លាក់ក្រោមកម្រិតសុវត្ថិភាពនៃ 100 bequerel ក្នុងមួយគីឡូក្រាមក៏ដោយ ក៏ក្រសួងចំណីអាហារតម្រូវឱ្យអ្នកនាំចូលធ្វើការសាកល្បងបន្ថែមទៀតសម្រាប់នុយក្លេអ៊ែរវិទ្យុសកម្មផ្សេងទៀត។ យោងតាមក្រសួងបានឱ្យដឹងទៀតថា កាលពីឆ្នាំមុន ដាននៃសារធាតុ Cesium ត្រូវបានរកឃើញនៅក្នុងផលិតផលជប៉ុនចំនួន ៤ ដង ដែលជំរុញឱ្យក្រុមហ៊ុនទាំងអស់បង្ខំលុបចោលកិច្ចសន្យានាំចូលសម្រាប់ការត្រួតពិនិត្យ។
គួរបញ្ជាក់ដែថា កាលពីខែមីនា ឆ្នាំ២០១១ ប្រទេសជប៉ុនបានទទួលរងនូវគ្រោះមហន្តរាយពីរដងនៃការរញ្ជួយដី និងរលកយក្សស៊ូណាមិ ដែលប៉ះពាល់ដល់រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ធ្វើឱ្យស្នូលរ៉េអាក់ទ័របីបានរលាយ បញ្ចេញវិទ្យុសកម្មយ៉ាងច្រើនទៅក្នុងបរិយាកាសជុំវិញ។ បន្ទាប់មករដ្ឋាភិបាលក៏បានសម្រេចបញ្ចេញទឹកសំណល់ដែលបានព្យាបាលរួចពីរោងចក្រនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ ចាប់ពីឆ្នាំ ២០២១ ដែលបណ្តាលឱ្យសារធាតុទាំងនេះបានរលាយចូលទៅក្នុងផលិតផលផ្សេងៗនៅក្នុងប្រទេសជប៉ុន។
ហេតុនេះបច្ចុប្បន្ន កូរ៉េខាងត្បូងនៅតែដាក់បម្រាមលើការនាំចូលអាហាររបស់ជប៉ុនពីតំបន់ជុំវិញរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា។ ក្នុងឆ្នាំ ២០១១ បន្ទាប់ពីគ្រោះមហន្តរាយនៅ Fukushima ក្រុមហ៊ុនផលិតទឹកដោះគោក្នុងប្រទេសជប៉ុនត្រូវប្រមូលផលិតផលចំនួន ៤០០,០០០ មកវិញ ដោយសារដាននៃសារធាតុ Cesium ត្រូវបានរកឃើញ៕










