សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុនអាមេរិកឈ្មោះ Alef Aeronautics ដែលផលិតរថយន្តអាចហោះបាន និងមានការគាំទ្រពីក្រុមហ៊ុន SpaceX លើកឡើងថា បច្ចុប្បន្ន ក្រុមហ៊ុនបានទទួលការកុម្ម៉ង់ទិញពីអតិថិជនសម្រាប់រថយន្តគ្មានមនុស្សបើកបរ ដែលវាអាចហោះឡើងលើ និងចុះចតដោយខ្លួនឯង ។ ការកុម្ម៉ង់ទិញមានចំនួនខ្ពស់បំផុត គឺស្មើនឹង២.៨៥០គ្រឿង ខណៈពេលមុននេះ ក្រុមហ៊ុនរាយការណ៍ថា ចំនួនការកុម្ម៉ងទិញរថយន្ត Alef Model A ដែលមានកៅអី២ ស្មើនឹង២.៥០០គ្រឿង ។
សារព័ត៌មាន CNBC រាយការណ៍ថា អតិថិជនអាចកុម្ម៉ង់ទិញរថយន្តហោះ Model A តាមរយៈអនឡាញ ហើយអតិថិជនត្រូវតែកក់ប្រាក់ជាមុន ប៉ុន្តែពួកគេអាចសុំប្រាក់កក់នេះទៅវិញបានគ្រប់ពេលវេលា បើត្រូវការ ។ ក្រុមហ៊ុនមានគម្រោងកំណត់តម្លៃលក់រថយន្តហោះ Model A ស្មើនឹង៣សែនដុល្លារអាមេរិក ហើយក្រុមហ៊ុនសង្ឃឹមថា នៅពេលរថយន្តនេះដាក់លក់នៅលើទីផ្សារ ការកុម្ម៉ង់ទិញរថយន្តចំនួន២.៨៥០គ្រឿង នឹងបង្កើតប្រាក់ចំណូលរហូតដល់៨៥០លានដុល្លារអាមេរិក ។
លោក Jim Dukhovny ជាស្ថាបនិកក្រុមហ៊ុន Alef Aeronautics បានផ្តល់បទសម្ភាសន៍ទៅកាន់សារព័ត៌មាន CNBC ថា ៖ «រហូតមកដល់បច្ចុប្បន្ននេះ យើងទទួលបានការកក់រថយន្តជាមុន ស្មើជាង២.៨៥០គ្រឿង ហើយធ្វើឱ្យវាក្លាយជារថយន្តហោះលក់ដាច់បំផុតក្នុងប្រវត្តិសាស្ត្រ ។ ចំនួនការលក់រថយន្តហោះនេះ បានវ៉ាដាច់ Boeing / Airbus / Jobi Aviation និងរថយន្តប្រភេទ eVTOL ផងដែរ» ។
រថយន្តហោះមានតម្លៃ៣សែនដុល្លារអាមេរិកនេះ គឺក្រុមហ៊ុនផ្តោតគោលដៅទៅលើអតិថិជនមានទ្រព្យសម្បត្តិច្រើន ។ លោក Jim Duchovny បញ្ជាក់ថា ក្រុមហ៊ុនចាំបាច់លក់រថយន្តក្នុងតម្លៃខ្ពស់ ដោយសារ Alef Aeronautics គឺជាក្រុមហ៊ុនទើបតែចាប់ផ្តើមអាជីវកម្មរថយន្តហោះ ហើយក្រុមហ៊ុនមិនអាចប្រមូលប្រាក់ចំណូលបានស្ថិតស្ថេរ ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Alef Aeronautics បានបង្កើតឡើងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥ និងមានស្នាក់ការនៅទីក្រុង San Mateo រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។ ក្រុមហ៊ុននេះបានផ្តោតលើការអភិវឌ្ឍ និងផ្សព្វផ្សាយពីរថយន្តហោះ ហើយមានស្ថាបនិកជាច្រើននាក់បានរួមគ្នាបង្កើតក្រុមហ៊ុននេះ រួមមាន ៖ លោក Jim Dukhovny, Constantine Kisly, Pavel Markin និង Oleg Petrov ៕










