លោក ទីវ តារារិទ្ធិ ដែលចំណាយពេលជិត៣ខែជិះកង់ឆ្លងកាត់៦ប្រទេស រៃអង្គាសប្រាក់បានជាង៥ម៉ឺនដុល្លារជូនមន្ទីរពេទ្យកុមារអង្គរកាលពីខែសីហា ឆ្នាំ២០២៣ ត្រូវរងនូវមតិវែកញែកយ៉ាងច្រើនពីអ្នកលេងបណ្តាញសង្គមក្រោយពីលោកបង្ហោះសំណេរមួយដែលបញ្ជាក់ថាលោកមិនទស្សនាទាំងរឿងខ្មែរ និង ថៃ ដោយសារតែភាពយន្តភាគច្រើន «គ្មានគំនិតអប់រំ និងអត់ប្រយោជន៍»។ ក្រោយរងនូវមតិវែកញែកយ៉ាងច្រើនលោកបន្ថែមទៀតថា មនុស្សភាគច្រើនមិនចូលចិត្តអ្នកនិយាយការពិតទេ ព្រោះពាក្យពិតមិនពីរោះដូចពាក្យកុហក បញ្ជោរ បោកប្រាស់។.png)
នៅលើបណ្តាញសង្គមរបស់លោក ទីវ តារារិទ្ធិ កាលពីថ្ងៃទី៤ មីនា លោកបានបង្ហោះថា «មិនមែនតែថៃទេដែលមិនមើលភាពយន្តខ្មែរ, វៀតណាម ក៏មិនមើលខ្មែរ ឡាវក៏មិនមើលខ្មែរ។ ចំពោះខ្ញុំវិញទាំងភាពយន្តថៃ និងខ្មែរ គឺខ្ញុំមិនមើលទាំង២ ដោយសារខ្ញុំមើលទៅគឺភាពយន្តភាគច្រើនគ្មានគំនិតអប់រំ និងអត់ប្រយោជន៍»។ ពាក្យសម្តីនេះដែរបានក្លាយជាប្រធានបទជជែកវែកញែកបន្តទៀត ដោយអ្នកខ្លះក៏បង្ហាញការយល់ស្របនូវការលើកឡើងនេះ ខណៈអ្នកមួយចំនួនទៀតក៏មិនយល់ស្របដូចគ្នា។.png)
ក្នុងនោះគណនីមួយឈ្មោះថា «Reaksmey Yean» បានលើកឡើងថា «មិនមែនឱ្យតែភាពយន្តត្រូវតែមានគំនិតអប់រំនោះទេ (បើចង់ទទួលបានការអប់រំ សូមអញ្ជើញទៅសាលាដែលផ្ដល់ការអប់រំចុះ) ហើយ អ្វីដែលសង្គមយល់ថាមានប្រយោជន៍មិនប្រាកដថា សមិទ្ធករ យកមកផលិតជារឿង/ភាពយន្តនោះទេ (ដោយខ្ញុំសន្និដ្ឋានថា ឥតប្រយោជន៍ក្នុងន័យនេះ តារារិទ្ធិ ចង់សំដៅរក រឿងមិនបានការ ឬ អ្វីដែលយកជាការមិនបាន)។
ប្រហែលជា តារារិទ្ធិ ងប់នឹងការយល់របស់ខ្លួនថា ភាពយន្តខ្មែរភាគច្រើនឥតប្រយោជន៍ហ្នឹងហើយមើលទៅ បានជាពេលមានកម្មវិធីមហោស្រពភាពយន្តខ្មែរ ឬ ការចាក់បញ្ចាំងភាពយន្ត ដែលផលិតដោយ សមិទ្ធករខ្មែរមានឈ្មោះបោះសំឡេងលើឆាកអន្តរជាតិម្ដងៗ ខ្ញុំមិនដែលប្រទះឃើញវត្តមានរបស់ តារារិទ្ធិ ទាល់តែសោះ នៅក្នុងកម្មវិធីឬការចាក់បញ្ចាំងភាពយន្តទាំងនោះ។ ខ្ញុំយល់ថា បើក្នុងកែវភ្នែករបស់ តារារិទ្ធិ ឃើញភាពយន្តខ្មែរភាគច្រើនឥតប្រយោជន៍ នោះប្រហែលជាតារារិទ្ធិ ខ្លួនឯងបាននិងកំពុងចំណាយពេលច្រើនលើទំព័រ ឬ នៅកន្លែងឥតប្រយោជន៍ដែរ ដែលទីនោះនាំឱ្យតារារិទ្ធិឃើញភាពយន្តភាគច្រើនរបស់ខ្មែរឥតប្រយោជន៍។ បើដូចនេះមែន ខ្ញុំសូមលើកទឹកចិត្ត តារារិទ្ធិ ទៅរកកន្លែង មួយចំនួនដែលអាចឱ្យ តារារិទ្ធិ បានឃើញ ភាពយន្តដែលអាចមានប្រយោជន៍មួយចំនួន(ឬយ៉ាងហោចណាស់ ប្រយោជន៍ ក្នុងនិយមន័យរបស់សកល ឬ សង្គមសិល្បៈ, បើទោះជាមិនមែន ប្រយោជន៍ តាមនិយមន័យរបស់តារារិទ្ធិ ក៏ដោយ)»។ សំណេរមួយនេះរបស់ Reaksmey Yean» លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្តក៏បានចែករំលែកនៅលើបណ្តាញសង្គមរបស់លោកផងដែរ។.png)
យ៉ាងណាមិញ ងាកទៅកាន់លោក ទីវ តារារិទ្ធិ វិញក៏បានលើកឡើងទៀតថា «នៅពេលមានបុគ្គលខ្លះមកដាស់តឿនខ្ញុំថា: ខ្ញុំមិនស្គាល់ភាពយន្តខ្មែរខ្លួនឯង អ្នកដាស់តឿនខ្ញុំ មិនស្រួលមើលភាពយន្តតិចជាងខ្ញុំឆ្ងាយណាស់។ លោកបានលើកឡើងទៀតថា «ការពិតនៅតែជាការពិត មនុស្សភាគច្រើនមិនចូលចិត្តអ្នកនិយាយការពិតទេ ព្រោះពាក្យពិតមិនពីរោះដូចពាក្យកុហក បញ្ជោរ បោកប្រាស់។ ទោះជាយ៉ាងណា ខ្ញុំមិនដែលស្តាយក្រោយនឹងនិយាយពាក្យពិត»៕.png)












