សហរដ្ឋអាមេរិក៖ ហេតុការណ៍ដែលកើតឡើងកាលពីយប់មិញជាមួយនឹង Facebook, Messengers, Instagram និង Threads បានធ្វើឱ្យម្ចាស់ក្រុមហ៊ុន Meta រងការខាតបង់យ៉ាងខ្លាំង។
កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាម GB News បានឱ្យដឹងថា បញ្ហាបច្ចេកទេសដែលមិននឹកស្មានដល់មួយបានកើតឡើងជាមួយកម្មវិធីផ្សេងៗជាបន្តបន្ទាប់របស់ក្រុមហ៊ុន Meta ដែលបណ្តាលឱ្យគណនីយរបស់អ្នកប្រើប្រាស់ជាច្រើនជុំវិញពិភពលោកមិនដំណើរការនិងត្រូវបានបិទដោយស្វ័យប្រវត្តិ បើទោះបីជាវាត្រូវបានជួសជុលយ៉ាងឆាប់រហ័សក្នុងរយៈពេល ១ ម៉ោងក៏ដោយ ក៏បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់អ្នកប្រើប្រាស់កម្មវិធីទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តាលឱ្យម្ចាស់ក្រុមហ៊ុន Meta លោក Mark Zuckerberg ទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរផងដែរ។
ជាក់ស្តែង នៅពេលដែលមានឧបទ្ទវហេតុកើតឡើងនោះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Meta ដែលជាសាជីវកម្មនិងជាម្ចាស់កម្មវិធីខាងលើ ស្រាប់តែធ្លាក់ចុះជិត ២% ភ្លាមៗក្នុងវគ្គជួញដូរនៅថ្ងៃទី ៥ ខែមីនា ដែលធ្វើឱ្យមូលធននីយកម្មរបស់ Meta បានថយចុះប្រហែល ២០ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមទិន្នន័យរបស់ Forbes។
ការធ្លាក់ចុះ ២% នៃតម្លៃភាគហ៊ុនក៏បណ្តាលឱ្យទ្រព្យសម្បត្តិសុទ្ធរបស់ Mark Zuckerberg ធ្លាក់ចុះប្រហែល ១.៣៧% ស្មើនឹងចំនួនប្រហែល ២.៤ ពាន់លានដុល្លារអាមេរិក។
ហេតុនេះបើយោងតាមទស្សនាវដ្ដី Forbes ទ្រព្យសម្បត្តិបច្ចុប្បន្នរបស់ Mark Zuckerberg មានចំនួនត្រឹមតែ ១៧២.៣ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ទោះជាយ៉ាងណា នាយកប្រតិបត្តិផ្នែកបច្ចេកវិទ្យានេះនៅតែកាន់កាប់តំណែងមានជាងគេទី ៤ នៅលើពិភពលោក។
គួរបញ្ជាក់ដែរថា បន្ទាប់ពីការគាំងគេហទំព័ររយៈពេលមួយម៉ោង លោក Mark Zuckerberg បានបង្ហោះសារមួយ ដើម្បីធានាដល់អ្នកប្រើប្រាស់នៅលើបណ្តាញសង្គម X ថា ” រង់ចាំបន្តិចសិន អ្វីៗនឹងត្រូវបានដោះស្រាយ” ទោះជាយ៉ាងណាបច្ចុប្បន្ន កម្មវិធីដែលគ្រប់គ្រងដោយ Meta បានដំណើរការជាធម្មតាវិញហើយ៕










