ប្រទេសចិន ៖ វីដេអូមួយបានធ្វើឱ្យមហាជនភ្ញាក់ផ្អើល និង រិះ.គ.ន់ ផងដែរ ក្រោយពីពួកគេបានឃើញរថយន្តកង់៣ ដឹកបាច់ផ្កាយ៉ាងធំធ្វើពីដែកដុសឆ្នាំង ចំនួន៩៩៩ដុំ ។ រថយន្តកង់៣ បានដឹកបាច់ផ្កាដ៏ធំនេះទៅប្រគល់ឱ្យនារីម្នាក់ក្នុងពិធីខួបកំណើត នៅទីក្រុង Nantong ខេត្ត Jiangsu ប្រទេសចិន ។
នារីឈ្មោះ Sae Phan អាយុ២៩ឆ្នាំ គឺជាម្ចាស់អាជីវកម្មវាយនភ័ណ្ឌ និងជាអ្នកទទួលបានបាច់ផ្កាដ៏ពិសេសនេះ និយាយថា ម្ចាស់ផ្កានេះ មិនមែនជាស្វាមីរបស់នាងទេ គឺគ្រាន់តែជាបុគ្គលិកស្រីម្នាក់ដែលធ្វើការជាមួយនាង អស់រយៈពេល២ឆ្នាំ ។ ម្យ៉ាងទៀត ដោយសារភាពស្និទ្ធស្នាលជាមួយគ្នា នាងចាត់ទុកថា បុគ្គលិកស្រីរូបនេះ គឺជាប្អូនស្រីបង្កើតរបស់នាង ។
នាង Sae Phan បន្តទៀតថា ថ្ងៃកំណើតរបស់នាង នៅឆ្នាំ២០២៤ គឺត្រូវគ្នាជាមួយពិធីបុណ្យចូលឆ្នាំចិន ។ ហេតុនេះ បុគ្គលិកស្រីរបស់នាងក៏ទាក់ទងទៅហាងលក់ផ្កាជាមុន និងបានទិញដែកដុសឆ្នាំង ចំនួន៩៩៩ដុំ បន្ទាប់មក យកវាទៅឱ្យហាងជួយរៀបចំធ្វើជាបាច់ផ្កា ។ រីឯការចំណាយប្រាក់ទិញដែកដុសឆ្នាំងយកមកធ្វើបាច់ផ្កា និងថ្លៃរៀបចំនោះ គឺអស់ប្រមាណ១៤២ដុល្លារអាមេរិក ។
នាងនិយាយថា ៖ «ខ្ញុំសប្បាយចិត្ត និងភ្ញាក់ផ្អើលខ្លាំងណាស់ ពីព្រោះវាជាអំណោយយ៉ាងពិសេស ។ លើសពីនេះ ដែកដុសឆ្នាំងទាំងនេះអាចប្រើប្រាស់បានយូរ មិនងាយច្រេះ និងក្រៀមស្វិតដូចផ្កាទេ ។ ដូច្នេះ ខ្ញុំអាចរក្សាទុកវាបានយូរ» ។
ក្រោយពីវីដេអូបាច់ផ្កាយក្សបានចែកចាយក្នុងបណ្តាញសង្គម ស្រាប់តែធ្វើឱ្យមហាជនរិះគន់ទៅវិញ ដោយសារអ្នកលេងបណ្តាញសង្គមមួយចំនួនយល់ឃើញថា ម្ចាស់បាច់ផ្កានេះ គឺជាមនុស្សប្រុស ។ ហេតុនេះ បើមនុស្សប្រុសប្រគល់បាច់ផ្កាបែបនេះទៅឱ្យមនុស្សស្រី មានន័យថា មនុស្សប្រុសនោះចង់ប្រាប់ទៅនាងថា នាងត្រូវតែខិតខំធ្វើការងារផ្ទះឱ្យបានច្រើន ។
ប៉ុន្តែនាង Sae Phan ពន្យល់ថា នាង និងបុគ្គលិកស្រី ចូលចិត្តការសប្បាយរីករាយ និងចូលចិត្តធ្វើរឿងកំប្លែងៗច្រើប ហើយអំណោយថ្ងៃកំណើតរបស់នាងសម្រាប់ឆ្នាំ២០២៤ ក៏បានធ្វើពួកនាងអស់សំណើចខ្លាំងផងដែរ ។ ប៉ុន្តែនាងមិនគិតថា បាច់ផ្កាដែកដុសឆ្នាំងរបស់នាង បែរជាធ្វើឱ្យមហាជនយល់ខុសបែបនេះសោះ ៕










