យើងបានជ្រាបថា ការស្តាប់ភ្លេងខ្លាំងៗ ឬស្ថិតនៅកន្លែងប្រគំតន្ត្រី នឹងមានផលប៉ះពាល់ដល់ការស្តាប់ឮរបស់ត្រចៀក ។ ប៉ុន្តែតើដឹងឬទេថា ការស្តាប់ភ្លេងខ្លាំងនឹងផ្តល់ផលប៉ះពាល់ច្រើនជាងនេះទៅទៀត ពីព្រោះវាអាចធ្វើឱ្យយើងមានជំងឺប្រេះសួត ឬសួតខូចទ្រង់ទ្រាយបាន ។
ក្រុមអ្នកជំនាញបានសរសេររបាយការណ៍មួយឈ្មោះ «Thorax» ដែលបានលើកឡើងពីករណីអ្នកមានជំងឺសួតចំនួន៤នាក់ ដោយសារពួកគេចូលចិត្តស្តាប់ភ្លេងខ្លាំងៗ ។ រោគសញ្ញាខ្សោយសួតបានកើតឡើងដោយសារការស្តាប់ភ្លេង ឬស្តាប់តន្ត្រីសំឡេងខ្លាំងនេះ ខាងផ្នែកវេជ្ជសាស្ត្រហៅថា «Numothorax» ។
របាយការណ៍នេះបានលើកឡើងពីបុរសម្នាក់កើតរោគសញ្ញា Numothorax នៅពេលគាត់កំពុងបើកបររថយន្ត ហើយនៅសុខៗ ស្រាប់តែគាត់ពិបាកដកដង្ហើម និងចុកដើមទ្រូងដោយមិនដឹងមូលហេតុ ។ គ្រូពេទ្យបញ្ជាក់ថា អាការៈជំងឺរបស់គាត់ពាក់ព័ន្ធនឹងឧបករណ៍បំពងសំឡេងដែលបានដំឡើងក្នុងរថយន្ត ដើម្បីឱ្យសំឡេងក្នុងរថយន្តកាន់តែឮខ្លាំងជាងមុន ។
គ្រូពេទ្យបញ្ជាក់ថា រោគសញ្ញានេះកើតឡើងនៅពេលអ្នកជំងឺបានស្តាប់ភ្លេងខ្លាំងៗ ។ វាជាមូលហេតុធ្វើឱ្យកើតការប្រេះស្រាំក្នុងសួត ដោយសារខ្យល់ និងជាលិកាក្នុងសួតនឹងឆ្លើយតបខុសគ្នាទៅនឹងប្រតិកម្មសំឡេង ។ ជាធម្មតា ហានិភ័យដែលបណ្តាលឱ្យកើតជំងឺសួត តែងកើតឡើងដោយសារការជក់បារី ឬការឈឺចាប់ដែលធ្វើឱ្យអ្នកជំងឺចុះខ្សោយ ។ ជំងឺទាក់ទងនឹងសួត រួមមាន ៖ ការប្រើប្រាស់សារធាតុមានឥទ្ធិពលប្រឆាំងរាងកាយ ឬការប្រើប្រាស់ថ្នាំមួយចំនួន ដូចជា ៖ ថ្នាំគេងលក់, ថ្នាំស្ពឹក និងគ្រឿងស្រវឹង ។
បើទោះជាជំងឺសួតបានកើតឡើងដោយសារការស្តាប់ភ្លេងខ្លាំងៗ គឺជាករណីពុំសូវកើតឡើងក្តី ប៉ុន្តែរោគសញ្ញានេះនឹងអាចធ្វើឱ្យអវៈយវៈផ្សេងៗក្នុងរាងកាយទទួលបានអុកស៊ីសែនមិនគ្រប់គ្រាន់ ហើយអ្នកជំងឺអាចប្រឈមនឹងការស្លាប់ទៀតផង ។
លោកវេជ្ជបណ្ឌិត John Harvey មកពីមន្ទីរពេទ្យ Southmead ក្នុងទីក្រុង Bristol បានសរសេររបាយការណ៍មួយឈ្មោះ «Thorax» ជាមួយក្រុមអ្នកជំនាញនៅប្រទេសបែលហ្ស៊ិក បាននិយាយមកកាន់សារព័ត៌មាន BBC ថា គ្មានអ្វីអាចរារាំងមនុស្សកុំឱ្យទៅលេងនៅក្លិប ឬទៅកាន់កន្លែងមានសំឡេងភ្លេងខ្លាំងបានទេ ប៉ុន្តែយើងអាចណែនាំពួកគេកុំឱ្យឈរជិតកន្លែងមានសំឡេងខ្លាំង ឬអ្នកនិយាយខ្លាំងៗ ។ លើសពីនេះ ពុំគួរបង្កើនសំឡេងក្នុងរថយន្ត ឬក្នុងបន្ទប់ខ្លាំងពេកទេ ។
លោកវេជ្ជបណ្ឌិតនិយាយថា ៖ «រោគសញ្ញាខ្សោយសួតបានកើតឡើងដោយសារការស្តាប់ភ្លេងខ្លាំងនេះ ភាគច្រើនវាកើតឡើងជាមួយមនុស្សប្រុសច្រើនជាងមនុស្សស្រី រហូតដល់៣ដងឯណោះ ។ ការឈឺចាប់របស់រោគសញ្ញា Numothorax បានកើតឡើងក្នុងអំឡុងពេលពួកគេស្ថិតនៅក្នុងក្លិប ឬនៅជិតមេក្រូ ពេលពួកគេឈរមើលការប្រគំតន្ត្រី» ។
លោកវេជ្ជបណ្ឌិតសង្កត់ធ្ងន់ថា ស្នាមប្រេះនៅក្នុងសួតមិនបានធ្វើឱ្យសួតផ្ទុះនោះទេ ប៉ុន្តែសួតនឹងមានស្នាមដាច់រហែក ហើយធ្វើឱ្យអ្នកជំងឺពិបាកដកដង្ហើម ។ ចុងក្រោយ សួតនឹងចាប់ផ្តើមខូចទ្រង់ទ្រាយ ហើយអ្នកជំងឺដកដង្ហើមលែងកើតតែម្តង ៕










