បរទេស៖ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ យោងតាមទីភ្នាក់ងារសុខភាពសាធារណៈជាតិរបស់សហរដ្ឋអាមេរិក (CDC) បានឱ្យដឹងថា មេរោគថ្មី Norovirus កំពុងមានការរីករាលដាលខ្លាំងចំពោះកុមារនៅទីក្រុងញូវយ៉កនិងរដ្ឋមួយចំនួននៃប្រទេសនេះ ដោយបច្ចុប្បន្នរដ្ឋាភិបាលកំពុងចាត់វិធានការគ្រប់គ្រងជំងឺនេះយ៉ាងឆាប់រហ័សបំផុត។
មេរោគថ្មី Norovirus ត្រូវបានគេស្គាល់ថាជា មេរោគពោះវៀន ដែលភាគច្រើនកើតឡើងនៅចន្លោះខែវិច្ឆិកា ដល់ខែមេសា ហើយលទ្ធផលអ្នកឆ្លងជំងឺនេះជាមធ្យមគឺ ១៩ ទៅ ២១ លាននាក់ក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណា ជំងឺនេះមិនបណ្តាលឱ្យបាត់បង់ជីវិតនោះទេ គ្រាន់តែអ្នកជំងឺអាចធ្លាក់ខ្លួនឈឺជាច្រើនដងក្នុងមួយឆ្នាំ ដោយភាគច្រើនមានអាការៈដូចជាក្អួត ចង្អោ ចុកពោះ និងរាគញឹកញាប់ជាដើម។
ប្រធានផ្នែកវេជ្ជសាស្រ្តនៅ WebMD លោកវេជ្ជបណ្ឌិត John Whyte បាននិយាយថា ការរីករាលដាលគឺទូលំទូលាយណាស់នៅក្នុងផ្នែកខ្លះនៃតំបន់របស់យើង ដែលវាបានធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់មនុស្សមួយចំនួនត្រូវផ្អាក។ កាលពីដើមខែកុម្ភៈឆ្នាំ ២០២៤ សាលាបឋមសិក្សា Irving នៅ Highland Park រដ្ឋ New Jersey បានបិទដោយសារការផ្ទុះជំងឺក្រពះពោះវៀន Norovirus។ បន្ទាប់ពីបិទបានមួយរយៈ សាលាក៏បានធ្វើការសម្អាតយ៉ាងយកចិត្តទុកដាក់ ដើម្បីបើកថ្នាក់រៀនឡើងវិញ។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា បច្ចុប្បន្នភាគឦសានគឺមានអត្រាវិជ្ជមានខ្ពស់បំផុតសម្រាប់មេរោគ norovirus។ បើយោងតាម CDC ក៏បានឱ្យដឹងដែរថា មេរោគ norovirus ជាទូទៅឆ្លងតាមរយៈការប៉ះពាល់ដោយផ្ទាល់ ឬការប៉ះផ្ទៃដែលមានមេរោគ ហើយប្រសិនបើតំបន់ណាដែលមានមនុស្សរស់នៅច្រើន ច្បាស់ណាស់វានឹងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ហើយភាគច្រើនកុមារគឺជាជនរងគ្រោះដោយសារប្រព័ន្ធការពារកុមារខ្សោយ។
វេជ្ជបណ្ឌិត John Whyte បានបន្ថែមទៀតថា ដើម្បីការពារកុំឱ្យជំងឺនេះរីករាលដាលខ្លាំង យើងត្រូវលាងដៃជាមួយសាប៊ូឱ្យបានញឹកញាប់ ឧស្សាហ៍ងូតទឹកក្តៅដើម្បីកំចាត់មេរោគ សម្អាតឧបករណ៍ផ្សេងៗ និងប្រដាប់ប្រដាប្រើប្រាស់មួយចំនួនជាមួយទឹកក្តៅ និងសាប៊ូ ក៏ដូចជាបោកខោអាវជាមួយទឹកក្តៅ និងសាប៊ូ លាងបន្លែ ផ្លែឈើជាមួយទឹកក្តៅ ២-៣ ដងមុនពេលចម្អិនអាហារ ដែលវិធីទាំងនេះសុទ្ធតែអាចការពារការឆ្លងមេរោគ norovirus បានយ៉ាងមានប្រសិទ្ធភាព៕










